ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​លេច​មក​វិញ​ក្រោយពី​មាន​ការរិះគន់​រដ្ឋាភិបាល

លោក​ ​ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា។

ជាងបី​ឆ្នាំ​មុន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ធ្វើ​ឱ្យសហគមន៍​អ្នកផ្តល់​ជំនួយ​និង​អង្គការ​សង្គម​ស៊ីវិលភ្ញាក់ផ្អើល​ដោយ​សារ​ការ​ប្រកាស​ពន្យា​ការអនុម័ត​ច្បាប់​ស្តីពី«​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល‍»។ ​ប៉ុន្តែ​នៅ​ដើម​ខែ​មេសានេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត​ដោយការ​ប្តេជ្ញា​ថា​នឹង​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាសនេះ​មិន​ឱ្យ​ហួស​ពី​ខែ​ឧសភា​ខាងមុខ។

ថ្លែង​ក្នុង​វេទិការ​កុមារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញលោក​ហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«លោក​ចង់​និយាយ​អ្វី​ក៏និយាយ​ទៅចុះ​ក៏ប៉ុន្តែ​សិទ្ធិ​របស់​រាជ​រដ្ឋាភិបាល​ សិទ្ធិ​របស់​សភា​គឺ​អនុម័តហើយ​។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ពេល​វេលា​នៃ ការ​អនុម័ត​ច្បាប់នេះ​គឺ​មិន​ហួស​ពី​ចាប់​ពីខែ​ប្រាំ ហ្នឹង​ទៅ​គឺ​ប្រជុំ​ដាក់​ចូល​គណរដ្ឋ​មន្ត្រី​ហើយ​រួចហើយ​ដាក់​ចូល​សភា​។ ចង់​អ្នក​ណា​គាំទ្រ​ឬ​មិន​គាំទ្រ​សំឡេង​សមាជិក​សភា​ដែល​មាន​៥០បូក១ គឺ​គ្រប់​គ្រាន់​ដើម្បី​នឹង​អនុម័តហើយ‍»។​

ការប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កើត​មាន​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាគណបក្ស​កាន់​អំណាច​ជាយូរ​មកហើយ​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​មិន​នៅ​ក្នុង​រដ្ឋាភិបាលបានបង្កើតច្បាប់​បោះឆ្នោត​ដ៏ចម្រូង​ចម្រាស​និង​ច្បាប់​បង្កើត​ស្ថាប័ន​រៀបចំ ការបោះឆ្នោត​បាន​រួចរាល់។ ច្បាប់បោះឆ្នោតនេះ​ទទួល​ការរិះគន់​ទាំង​នៅ​ក្នុង​មជ្ឈមដ្ឋាន​ជាតិ​និង​អន្តរជាតិ​ថា​មាន​លក្ខណៈ​កាន់តែ​អាក្រក់​ជាងមុន​ទាក់​ទងនឹង​សិទ្ធិ​បញ្ចេញមតិ​របស់​អង្គការ​សង្គម​ស៊ីវិល​ ការដាក់​សម្ពាធ​លើ​គណបក្ស​តូចៗ​និងមាន​ការ​ចូលរួម​របស់​កងកម្លាំង​ប្រដាប់​អាវុធកាន់​តែ​ខ្លាំង​ជាងមុន​ជាដើម។ ​

លោកសុខ សំអឿន ប្រធានអង្គការក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បានចោទសួរ​ពី​ចេតនា​នៃ​ការ​ជំរុញ​ច្បាប់នេះ​នៅពេល​នេះ​ដោយ​លោកបញ្ជាក់​ថា​កន្លង​មក​ច្បាប់​តែងតែ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ជាការ​ឆ្លើយតប​ទៅ​នឹង​ការទាមទារ​ឬ​ការរិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាជាង​ការ​ជួយ​សម្រួល​ឱ្យ​មាន​បរិយាកាស​ប្រតិបត្តិ​ការងារ​ល្អ។

«ហើយ​ដូច្នេះ​ខ្ញុំ​ថា​ប្រហែល​ដោយ​សារ​បញ្ហា​នយោបាយ​ថ្មីៗ​នេះ​ពីរឿង​បោះឆ្នោត​ដូច្នេះ​អង្គការ​សង្គម​ស៊ីវិល​ចេះ​តែ​មាន​ប្រតិកម្មប្រហែល​ជា​យក​ច្បាប់​នេះ​មួយ​ទៀត​ដើម្បី​កុំ​ឱ្យ​មាន​ប្រតិកម្ម​ច្រើន​ក៏សឹង​តែ​ថា​បាន​។ និយាយ​រួម​ទៅ​បរិយាកាស​នយោបាយ​យើង​ពិបាក​អញ្ចឹង​ព្រោះយើង​សង្កេតឃើញ​បញ្ហា​អីចឹង​កន្លង​មក‍»។

អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើការ​ទាក់​ទង​នឹង​ការ​បោះឆ្នោត​បាន​បញ្ចេញ​សំឡេង​រិះគន់​និង​ទាមទារ​ឱ្យ​មាន​ការ​កែប្រែ​ស្ថាប័ន​បោះឆ្នោត​ជាច្រើន​បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​កាលពីខែ​កក្កដា​ឆ្នាំ​២០១៣​បាន​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​មិន​ទទួល​យក​លទ្ធផលនិង​ធ្វើការ​តវ៉ា​តាម​ទីធ្លាសាធារណៈជិត​មួយឆ្នាំ។

ថ្លែង​កាលពី​ចុង​ខែ​ធ្នូឆ្នាំ​២០១១​លោក​ហ៊ុន សែន​បានស្នើ​សុំ​ឱ្យ​គេ​ឈប់​ហៅ​លោក​ថា​ជា​«មនុស្សផ្តាច់ការ‍»​ដោយ​សារ​បើ​លោក​ជាមនុស្ស​ផ្តាច់ការ​មែន​គឺ​លោក​ជំរុញ​ច្បាប់​នោះ​ហើយ។ ប៉ុន្តែ​នៅពេលនេះ លោក​ហ៊ុន សែន​បាន​បញ្ជាក់​ពី​តម្រូវ​ការ​ឱ្យ​មាន​ច្បាប់​នេះ​ ដើម្បីដាក់​ឱ្យ​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​នោះ​មាន​វិន័យ​ត្រឹម​ត្រូវ​ដោយ​លោក​យល់​ថា​កន្លងមក​ពួកគេ​បាន​ចិត្ត​ខ្លាំងពេក​ក្នុង​ការ​និយាយ​ស្តី​និង​រិះគន់​ និង​ទាមទារ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​តាម​អ្វី​ដែល​ជាការ​ចង់​បាន​របស់​ពួកគេ។​

«កន្លងទៅ​បាន​ចិត្តពេក​។ ដើរ​តាម​ចិត្ត ហើយ​ប្រទេស​មួយ​វាអត់​ច្បាប់​គ្រប់​គ្រង។ វាអត់​មាន​បញ្ជីជាតិ​ អត់​មាន​កន្លែង​ចុះ​បញ្ជី។ រួច​ចេះ​តែ​ទាមទារ​ឱ្យ​គេ​មាន​តម្លាភាព​ដល់​ខ្លួន​ឯង អត់។ លាក់​ជិត​មិន​ដឹង​ថា​លុយ​មក​ពី​ណា​ទេ‍»។​

​ហេតុផល​ក្នុងពេល​កន្លង​មក​ក្នុងការដកថយ​មិន​អនុម័ត​ច្បាប់​នោះ​គឺ​ដោយ​សារ​មាន​ការ​ជំទាស់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ហើយ​នាយករដ្ឋ​មន្ត្រី​ប្រកាស​ថា​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិលធ្វើ​ការ​ជាមួយ​គ្នា​ឱ្យបាន​ល្អិតល្អន់។

ប៉ុន្តែ​ជាង​បីឆ្នាំ កន្លង​មក​នេះ​មិន​មាន​ការជួបប្រជុំ​គ្នា​ណាមួយ​រវាងរដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ទេ។

លោក​អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​វេទិការ​អនាគត​ដែល​ជា​ក្រុម​ស្រាវជ្រាវ​គោលនយោបាយក្នុង​ប្រទេស​កម្ពុជា​ពន្យល់​ថា៖

«នេះ​ដោយសារ​តែលោក​នាយករដ្ឋ​មន្ត្រី​គាត់​ថា​កាលជំនាន់​នោះ​គឺ​ដោយសារ​មានការ​រិះគន់​ខ្លាំង​ លោក​ថា​លោក​ទុកច្បាប់​ហ្នឹង​ដល់​២០១៤​បាន​សើរើ​ឡើងវិញ​ហើយ​ឥឡូវ​មន្ត្រី​ខ្មែរ​យើង​ដល់​ឮថា​ទុក​មិន​បម្រុង​អនុម័ត​ក៏​ខ្ជិល​ក្នុងការ​ជជែកគ្នា​បន្ត​ដល់​ឥឡូវ​សើរើ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ឆន្ទៈ​ក្នុង​ការ​ជជែកគ្នា‍»។

សេចក្តីព្រាងលើក​ទីពីរ​នៃ​ច្បាប់​«ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល‍»​មាន​៣៤មាត្រា​ដែល​សំដៅ​សំខាន់​លើ​ការ​ចុះ​បញ្ជី​ឈ្មោះនិង​ដាក់​ដែន​កំណត់​ការងារ​របស់​អង្គការ​សង្គមស៊ីវិល​។​

លោក​ហ៊ុន សែន​ អះអាង​ថា​ច្បាប់​នេះ​ជាការជួយ​ឱ្យ​មាន​តម្លាភាព ជាការ​ជួយ​ដល់​ម្ចាស់​ជំនួយ ជាការ​ជួយ​ដល់​អ្នក​ដែល​ទទួលផលប្រយោជន៍​ពី​គម្រោង​ជំនួយ​ និង​ជា​ពិសេស​គឺ​ការ​ថែ​រក្សា​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រីមិនបានលាក់​លៀម​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត​របស់​លោក​ចំពោះ​សកម្មភាព​ការងារ​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក្នុង​ពេល​កន្លង​មក​បើ​ទោះបី​ជាលោក​មិន​បាន​បញ្ចេញ​ឈ្មោះ​អង្គការ​ណាក៏ដោយ។

«អ្នក​ខ្លះ​ក៏ទៅប្រឹង​ស្រែក​ជេរ​រាជរដ្ឋាភិបាល​អំពីការ​គាប​សង្កត់​សិទ្ធិ​ម​នុស្ស​ដើម្បី​គេ​ឱ្យ​លុយ​មក​ធ្វើ​សិទ្ធិ​មនុស្ស‍»។​

វោហាសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ផលខ្លះ​មក​លើអង្គការ​សង្គម​ស៊ីវិល។

លោកស្រីធីតា ឃឹះ​នាយិការ​អង្គការ​សីលកា​បាន​សម្តែងការ​ព្រួយ​បារម្ភ​ប៉ុន្តែ​មិន​បាន​សម្តែង​ការជំទាស់​ទៅ នឹង​ការ​មាន​ច្បាប់​ក្នុងការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ទេ​។ ​អ្វីដែល​លោកស្រី​ចង់​បាន​គឺ​ការ​ចូលរួម​ពិភាក្សា​គ្នា​ជាដោយ​ទូលំទូលាយ​ដើម្បី​បាន​ច្បាប់​មួយ​ដែល​ធានា​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​តាម​រដ្ឋធម្មនុញ្ញ។

«បើសិន​ណា​ជា​អ្នក​ពាក់​ព័ន្ធ​មិន​បាន​ចូលរួម​ច្បាប់​នោះ​នឹង​ក្លាយ​ទៅជាច្បាប់​ដែល​មិន​មាន​ប្រសិទ្ធភាព​ឬយក​មក​អនុវត្ត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំងទៅដល់​សិទ្ធិសេរីភាព​និង​ប៉ះពាល់​ទៅដល់​ការ​រីកចម្រើន​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ផង‍»។​

​ ក្រៅពី​រិះគន់​អង្គការ​សង្គម​ស៊ីវិល​ដែល​រិះគន់​លើ​ប្រវត្តិសិទ្ធិមនុស្ស​មិន​ល្អ​របស់​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​រិះគន់​ដល់​ស្ថានទូត​បរទេស​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ថា​ជាលូកដៃ​ចូលក្នុង​កិច្ច​ការផ្ទៃក្នុង​របស់​កម្ពុជា​តាម​រយៈ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ។

«តាមខ្ញុំ​ដឹង​ខ្លះៗ​ អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​ស៊ីលុយ​បរទេស​មុន​នឹង​និយាយ​ត្រូវ​យក​ចូលទៅ​ស្ថានទូត​ចំនួន​ពីរថ្ងៃ​ស្ថានទូត​ផ្តល់​មតិ​ទើប​ឯណេះ​មាន​សិទ្ធិ​និយាយ​។ បើ​អីចឹង​ប្រទេស​នេះ​ត្រូវ​ញាំញី ដោយ​ការ​បំពាន​អធិបតេយ្យ​។ អស់​លោក​កុំ​ស្មាន​គេ​មិន​ដឹង​ហើយ​គេ​មិន​យល់ អីចឹង​អស់​លោក​ល្មមៗ​បាន​ហើយ‍»។​

ការព្រួយបារម្ភ​នេះ​ហាក់​មិន​មាន​មូលដ្ឋាន​អ្វី​ទេ។ នេះ​បើតាមការ​លើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល។ លោកស្រី ធីតា​ ឃឹះ នាយិការ​អង្គការ​សីលកា​បញ្ជាក់​ថា​បទពិសោធ​របស់​លោកស្រី​គឺ​គ្មាន​ម្ចាស់​ជំនួយ​ឬស្ថានទូត​ណា​ដែល​មក​ពិនិត្យ​មើល​ការងារ​ប្រចាំ​ថ្ងៃ​របស់​អង្គការ​ទាំងនោះ​ទេ។

លោក​ស្រី​បាន​បន្ថែម​ថាអ្វី​ដែល​ម្ចាស់​ជំនួយ​យក​ចិត្តទុកដាក់​នោះគឺ៖

«ទីមួយគឺ​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​ ទីពីរ​គឺ​ដើម្បី ធ្វើ​ឱ្យ​មាន​សន្តិភាព​និង​មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​ផ្សារភ្ជាប់​ខ្លួន​យើង​ជាមួយ​នឹង​ពិភពលោក​នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​យើង​ក្លាយ​ទៅ​ជាអ្នក​ទិញ​អីវ៉ែ​អីវ៉ាន់​របស់​គេ​យក​មក​ចាយ​ធ្វើ​បង្កើត​ឱ្យ​ទៅជា​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ នេះ​គឺ​ជា​គោលនយោបាយ​នៃ​ប្រទេស​ដែល​គេ​ឱ្យ​ថវិកាមក​ខាងយើង​។ ដូច្នេះ​គេ​មិន​បាន​មក​បង្គាប់​បញ្ជា​ថា​ឱ្យ​យើង​ថា​យ៉ាងម៉េច​ឱ្យ​យើង​ធ្វើ​យ៉ាង​ម៉េច​អត់​ទេ។ គ្រាន់​តែ នៅ​ក្នុង​គោលដៅ​មួយ​ដែល​ប្រាប់​ថា​តើឥឡូវនេះ​បញ្ហា​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ហើយ​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​របៀបណា​។ អញ្ចឹង​ទេ​ផែនការ​របស់​យើង​គឺ​ឆ្លើយ​តប​ទៅនឹង​បញ្ហា​អស់​នោះ‍»។​

ច្បាប់​ស្តី​ពី​ការគ្រប់​គ្រងអង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចាប់​ផ្តើម​ក្នុង​អំឡុង​ឆ្នាំ​២០០៦។ ប៉ុន្តែ​ដំណើរ​ការ​នៃ​ការ​តាក់​តែង​មិន​សូវ​បើក​ទូលាយ​ហើយ​វា​បាន​បង្ករ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជាច្រើន​ថា​អាច​នឹង​រឹតបន្តឹង​លំហរ​សេរីភាព​ដែល​មាន​នៅ សេសសល់​បន្តិច​បន្តួច​នាពេល​បច្ចុប្បន្ននេះ៕