សង្គម​ស៊ីវិល​​ជំរុញ​ឲ្យ​ផ្តល់​ទំនុក​ចិត្ត​លើ​វ៉ាក់សាំង ខណៈ​នាយក​រដ្ឋមន្រ្តី​ព្រមាន​មន្រ្តី​រាជការ​ដែល​មិន​ចាក់​វ៉ាក់​សាំង​អាច​បាត់​បង់​ការងារ

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។

តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​បង្ហាញ​ការ​គាំទ្រ​យន្តការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ក្រោម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​និង​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ ទាក់​ទិន​នឹង​គុណភាពវ៉ាក់សាំង។

ការ​លើក​ឡើង​នេះ ខណៈ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​អង្គារ បាន​លើក​ឡើង​ថាមន្រ្តី​រាជ​ការ​និង​កងកម្លាំង​ដែល​ជា​ក្រុម​អាទិភាព​មិន​ទៅ​ចាក់​វ៉ាក់សាំង​នឹង​ប្រឈម​នឹង​បាត់​បង់​ការងារ។ នេះ​បើ​យោង​ទៅ​តាម​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​នៅ​ក្នុង​សារ​ជា​សំឡេង​ផ្សព្វ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក។ លោក ​ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា ​មន្រ្តី​ដែល​គេច​វេះពី​ការ​ចាក់វ៉ាក់​សាំង​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ។​

លោក​ថ្លែងថា៖ «យើង​គ្មាន​ការ​ចាំបាច់​ធ្វើ​ការ​រើស​អើង​រវាង​គ្នានិង​គ្នា​ទេ។ ក៏​ប៉ុន្តែ​ ការ​រើស​អើង​របស់​យើង​គឺ​ធ្វើ​ចំពោះ​កូវីដ​១៩​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ បុគ្គល​ដែល​មិន​បាន​ទទួល​វ៉ាក់សាំង ជា​បុគ្គល​ដែល​ងាយ​ទទួល​កូវីដ​១៩។ ដូច្នេះ​ច្បាស់​ជា​យើង​រើស​អើង​ជាមួយ​កូវីដ​១៩ ឯណោះ​ទៅ​វិញ​ទេ។ ដូច្នេះ​ហើយ​ខ្ញុំ​សូម​អំពាវនាវ​ហើយ​សុំ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ​អ្នក​ដែល​មាន​ចេតនា​គេច​វេះមិន​ទទួល​វ៉ាក់​សាំង​ គឺ​ជា​អ្នក​នឹង​ងាយ​បាត់បង់​ការងារ​ធ្វើ ទាំង​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ ទាំង​ក្នុង​មន្រ្តី​រាជ​ការ​ស៊ីវិល​ ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ទាំង​មន្រ្តី​ជាប់​កិច្ច​សន្យា»។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​ ក្រោម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក(WHO) ដោយ​មិន​ស្ថិត​នៅ​ក្រោម​រូប​ភាព​បង្ខិតបង្ខំ​ណា​មួយ។

លោកស្រី​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «សំខាន់​បំផុត​យើង​ផ្តោត​ទៅ​លើ​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក ដែល​អះអាង​ថា ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ជា​ជម្រើស​ស្ម័គ្រ​ចិត្ត​របស់​ពលរដ្ឋ មិន​មែន​ជា​ការ​ដាច់​ខាត​ដែល​រដ្ឋ​ត្រូវ​តម្រូវ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​នោះ​ទេ។ អញ្ចឹង​នេះ​ជា​គោលការណ៍​សំខាន់​បំផុត​ដែល​យើង​គួរ​អនុ​លោម​តាម»។

លោកស្រី​បន្ត​ថា ​តាំង​ពី​ដើម​ឡើយ ក្នុង​ប្រទេស​កម្ពុជា មាន​បញ្ហា​ទាក់ទង​នឹងជំនឿ​ទុក​ចិត្ត​ពី​សាធារណជនលើ​គុណភាព​និង​ប្រសិទ្ធភាពរបស់​វ៉ាក់សាំង។ លោកស្រី​ស្នើ​ឲ្យ​មាន​ការ​អប់រំ​បន្ថែម​ទៅ​ដល់​ពលរដ្ឋ​ពី​សារៈ​សំខាន់​នៃ​ការ​ចាក់​វ៉ាក់​សាំង ក៏​ដូចជា​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​គ្រប់ជ្រុង​ជ្រោយ។

រូបឯកសារ៖ មន្ត្រីម្នាក់ប្រចាំក្រសួងព័ត៌មានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។

ប្រទេស​កម្ពុជា​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន ៣​ប្រភេទ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម​ (Sinopharm) ​ផលិត​ដោយ​រដ្ឋចិន វ៉ាក់​សាំង​ស៊ីណូវ៉ាក់ (Sinovac)​ ផលិត​ដោយក្រុមហ៊ុន​នៅ​ប្រទេស​ចិន និង​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា (AstraZeneca) ​របស់​យន្តការ​អង្គការ​សុខភាព​ពិភពលោក (WHO)។

ប៉ុន្តែ​កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្លះ​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន និង​វ៉ាក់សាំង​ដែល​កម្ពុជា​ទិញ​ពី​ក្រុម​ហ៊ុន​ចិន។ ភាព​ស្ទាក់​ស្ទើរ​នេះ គឺ​ដោយសារ​វ៉ាក់សាំង​ទាំង​នោះ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​អង្គការ​សុខ​ភាព​ពិភព​លោក។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពី​ដើម​ឡើយ បាន​ប្រកាស​ថា ​លោក​នឹង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​ចិន​មក​កម្ពុជា​លើក​ដំបូង។ ប៉ុន្តែ​ក្រោយ​មក លោក​បាន​ដូរ​ចិត្ត​វិញ ដោយ​ចាក់​វ៉ាក់សាំង​អាស្រ្តាហ្សេនីកា ក្រោម​ហេតុ​ផល​ថា​ លោក​មាន​អាយុ​លើស ​៦០ ​ឆ្នាំ ហើយ​មិន​អាច​ចាក់​វ៉ាក់សាំង​របស់​ចិន​បាន។

លោក ប៉ិច ពិសី នាយក​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ លោក​គាំទ្រ​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន សុំ​កុំ​ឲ្យ​មាន​ការ​រើស​អើង​ក្នុង​ចំណោម​អ្នក​បាន​ចាក់​វ៉ាក់​សាំង​និង​អ្នក​មិន​បាន​ចាក់។ ប៉ុន្តែ​លោក​ជំរុញ​ថា ​ការ​ចាក់​វ៉ាក់​សាំង​គួរ​តែ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រនិង​សិទ្ធិ​បុគ្គល​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចំពោះ​សុខភាព​របស់​ខ្លួន។

លោកបាន​ថ្លែង​ថា​៖ «ការ​ចាក់​វ៉ាក់​សាំង​ជា​គោលការណ៍​សាកល ហើយ​ជា​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ហ្នឹង​គឺ​គេ​មិន​ជំរុញ​ឲ្យ​មាន​ការ​បង្ខិត​បង្ខំ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទេ។ ការ​ចាក់វ៉ាក់​សាំង​គួរ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត ហើយ​សិទ្ធិ​នៃ​ការ​ការពារ​សិទ្ធិ​នៃ​ការ​ថែរក្សា​សុខភាព​បុគ្គល​ហ្នឹង​គួរ​តែ​ប្រគល់​ឲ្យ​បុគ្គល​មួយ​រូបៗ​ហ្នឹង​ជា​អ្នក​សម្រេច»។

លោក​បណ្ឌិត​អៀ សុផល សាស្ត្រាចារ្យ​ជំនាញ​ការ​ទូត​នៅ​មហា​វិទ្យាល័យ​ Occidental​ សហរដ្ឋ​អាមេរិក ប្រាប់​ VOA ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​នេះ ​ថា៖

​«ជា​រឿង​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ចោទ​សួរ​ថា​អ្វី​មួយ[វ៉ាក់សាំង] មាន​ប្រសិទ្ធ​ភាព​ឬ​យ៉ាងណា ហើយ​មាន​សុវត្ថិភាព​កម្រិត​ណា។ សូម្បី​តែ​វ៉ាក់សាំង ​AstraZeneca ក៏​ត្រូវ​បាន​ផ្អាក​ម្តង​ហើយ​ម្តង​ទៀត នៅ​អឺរ៉ុប​និង​អាហ្រ្វិក​ខាងត្បូង​ផង​ដែរ។ ប្រសិទ្ធភាព​វ៉ាក់សាំង​ជា​រឿង​មួយ។ ចំណែក​ឯ​សុវត្ថិភាព​វ៉ាក់​សាំង​ជា​រឿង​មួយ​ទៀត។ នៅ​ចុង​បញ្ចប់ សូម​ចងចាំ​ថា​នេះ ​គឺ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។ គ្មាន​នរណា​ម្នាក់​គួរ​តែ​ត្រូវ​បង្ខំ​ឲ្យ​ចាក់​វ៉ាក់​សាំង​នោះ​ទេ»។

លោក ​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ថ្លែង​ថា ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ គឺ​ជា «កាតព្វកិច្ច» ​មួយ​នៅ​ក្នុង​ការ​រួម​ចំណែក​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវី​ដ១៩​ ទាំង​នៅ​កម្ពុជា​និង​នៅ​លើ​ពិភព​លោក ហើយ​ការ​ចា​ក់​វ៉ាក់​សាំង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​តំបន់​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ក៏​គេ​ប្រើ​ដែរ។ អាហ្នឹង​យ៉ាងម៉េច។ អា​វ៉ាក់​សាំង​ហ្នឹង​មិនមែន​ស្ថិត​នៅ​ក្នុង​និន្នាការ​នយោបាយ​ទេណា។ អ្នក​លើកឡើង​មក​ហ្នឹង​នៅ​ក្នុង​និន្នាការ​នយោបាយ​ទេ។ ប៉ុន្តែ​វ៉ាក់សាំង​ហ្នឹង​ជា​កាតព្វកិច្ច ដែល​យើង​ស្ថិត​នៅ​ក្នុង​សមរភូមិ​ប្រឆាំង​នឹង​កូវីដ។ សមរភូមិ​ប្រឆាំង​កូវីដ១៩​ហ្នឹង​ ដើម្បី​ផល​ប្រយោជន៍​ជីវិត​យើង​ទាំង​អស់​គ្នា។ ក៏​ប៉ុន្តែ​អ្នក​អត់​ចង់​ចាក់​ហ្នឹង​បើ​សិន​ជា​ចម្លង​គេ យើង​មើល​ក្នុង​ច្បាប់​របស់​យើង​នាំ​ជំងឺ​ហ្នឹង​ឆ្លង​ទៅ​គេ​អាហ្នឹង​យល់​ឃើញ​យ៉ាងម៉េច?»។

លោក ​ផៃ ស៊ីផាន ក៏​បាន​ច្រាន​ចោល​នូវការ​លើកឡើង​របស់អង្គការ​សង្គម​ស៊ីវិល​ ថា៖

«បើ​យើង​និយាយ​ពី​រឿង​សេរីភាព​សេរីភាព​ទាំង​អស់​មាន​ដែន​កំណត់។ ហើយ​សេរីភាព​ទាំងអស់​ទៅ​តាម​សត្យានុម័ត​ទៅ​តាម​ច្បាប់​ដែរ។ ត្រូវ​គោរព​សេរី​ភាព​អ្នក​ដទៃ។ សុំ​ប្រាប់​សង្គមស៊ីវិល សុំ​ប្រាប់​អ្នក​ដទៃ​ទៀត​ទៅ កុំ​យក​ពាក្យ​«សេរីភាព»មក​ធ្វើ​ឲ្យ​ប្រជាជាតិ​នេះ​ស្ថិត​នៅ​ក្នុង​ភាព​លំបាក​ងាប់​គរ​ជើង​លើ​គ្នា»។

គួរ​បញ្ជាក់​ថា​កាល​ពី​ដើម​ខែ​មីនា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ការពារ​គុណភាព​វ៉ាក់​សាំង​របស់​ប្រទេស​ចិន ឈ្មោះ​ស៊ីណូហ្វាម នៅ​ថ្ងៃ​ដែល​លោក​ចាក់​វ៉ាក់សាំង ​Astra​Zeneca ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខ​ភាព​ពិភព​លោក។ លោក​ថា ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ជា​បញ្ហា​ទាក់​ទិន​នឹង​«វេជ្ជសាស្រ្ត​បច្ចេក​ទេស» មិន​មែន​ជា​បញ្ហា​នយោបាយ​នោះ​ទេ។ លោក​បន្ត​ថា ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក៏​ខ្វះខាត មិន​មែន​មាន​លក់​ជា​ទូទៅ​នៅ​លើ​ទីផ្សារ​ទេ៕