លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលទើបតែជាប់ឆ្នោតថ្មីបានមានប្រសាសន៍ថា លោកនឹងស្នើដល់សភាឲ្យត្រឡប់មកអនុវត្តការកាត់ទោសប្រហារជីវិតឡើងវិញ ចំពោះឧក្រិដ្ឋកម្មដូចជា ការរំលោភសេពសន្ថវៈ ការប្លន់ ការសម្លាប់ និងការជួញដូរថ្នាំញៀនជាដើម។
លោក Duterte បានថ្លែងប្រាប់អ្នកកាសែតថា លោកចង់ប្រើវិធីសាស្រ្តនៃការប្រហារជីវិតដោយព្យួរកពីព្រោះលោកយល់ថាវានៅមានលក្ខណៈមនុស្សធម៌។
លោកក៏បាននិយាយដែរថា លោកនឹងផ្តល់ការអនុញ្ញាតឲ្យប៉ូលិសបាញ់សម្លាប់ជនដៃដល់ណា ដែលតតាំងមិនព្រមប្រគល់ខ្លួនឲ្យប៉ូលិសដោយសន្តិវិធី។
លោក Duterte ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីកាលពីសប្តាហ៍មុន បន្ទាប់ពីលោកបានសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនថា លោកនឹងបង្ក្រាបអំពើឧក្រិដ្ឋកម្មក្នុងអំឡុងពេល៦ខែដំបូងដែលលោកចូលកាន់តំណែង។
អង្គការសិទ្ធិមនុស្សនានាបានចោទប្រកាន់លោក Duterte ថាជាអ្នកគ្រប់គ្រងក្រុមប្រហារជីវិតដែលបានសម្លាប់មនុស្សអស់ជាង១.១០០នាក់ ក្នុងអំឡុងពេលដែលលោកធ្វើជាអភិបាលទីក្រុង Davao នោះ។
លោកDuterte ក៏បានមានប្រសាសន៍ថា លោកនឹងបន្តការចរចាជាមួយនឹងប្រទេសចិនដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងហើយលោកក៏បាននិយាយថា លោកនឹងពិចារណាផ្តល់តំណែងនៅក្នុងគណៈរដ្ឋមន្ត្រីដល់ក្រុមឧទ្ទាមកុម្មុយនិស្ត៕