នាយកប្រតិបត្តិបន្ទាប់របស់ក្រុមហ៊ុន Boeing គួរមានការយល់ដឹងអំពីអ្វីដែលឈានទៅដល់វិបត្តិនៅពេលបច្ចុប្បន្ននេះរបស់ក្រុមហ៊ុន និងគួរត្រៀមខ្លួនសម្លឹងទៅខាងក្រៅមើលវិធីអនុវត្តដ៏ល្អបំផុតផ្សេងៗនៃផ្នែកឧស្សាហកម្មយន្តហោះនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association (IATA)) កាលពីថ្ងៃទី ២ ខែមិថុនាកន្លងទៅនេះ។
ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិកកំពុងញាំញីដោយសារវិបត្តិផ្នែកសុវត្ថិភាពដែលកាន់តែរីកធំឡើងដោយសារហេតុការណ៍របើកប៉ើងផ្ទាំងបង្អួចតួយន្តហោះថ្មីគួរសមមួយគ្រឿងប្រភេទ 737 MAX នៅពេលកំពុងហោះហើរកាលពីខែមករា។
នាយកប្រតិបត្តិក្រុមហ៊ុននេះលោក Dave Calhoun គ្រោងនឹងចាកចេញពីតំណែងនៅត្រឹមចុងឆ្នាំនេះ ដែលនេះជាផ្នែកមួយនៃការរុះរើដ៏ធំផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន។ ប៉ុន្តែ ក្រុមហ៊ុន Boeing មិនទាន់តែងតាំងនាយកប្រតិបត្តិថ្មីនៅឡើយទេ។
អគ្គនាយកសមាគម IATA លោក Willie Walsh បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងសន្និសីទស្ដីពីអាកាសចរណ៍នៅក្នុងទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួមថា៖ «ខ្ញុំមិនអាចនិយាយបានថានរណាគួរតែដឹកនាំក្រុមហ៊ុន Boeing នោះទេ ប៉ុន្តែ ខ្ញុំគិតថា ការយល់ដឹងអំពីបញ្ហាដែលបានកើតឡើងកាលពីមុនគឺសំខាន់ខ្លាំង»។ លោកបានបន្ថែមថា ក្រុមហ៊ុន Boeing បានចាត់វិធានការត្រឹមត្រូវ។
សមាគម IATA តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង ៣០០ ឬប្រហែល ៨០% នៃអាកាសចរណ៍នៅលើពិភពលោក។
ក្រុមហ៊ុន Boeing កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់និយតករសហរដ្ឋអាមេរិក ការកាត់ទោសដែលអាចទៅរួចសម្រាប់សកម្មភាពកាលពីអតីតកាល និងផលិតកម្មធ្លាក់ចុះនៃយន្តហោះប្រភេទ 737 MAX ដែលលក់ដាច់ជាងគេរបស់ខ្លួន។
លោក Calhoun ដែលជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Boeing តាំងពីឆ្នាំ ២០០៩ មកនិងជាអតីតប្រធានក្រុមហ៊ុន GE ត្រូវបានជ្រើសរើសជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing នៅក្នុងឆ្នាំ ២០២០ ដើម្បីជួយស្ដារក្រុមហ៊ុនផលិតយន្តហោះនេះបន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះដ៏ប្រល័យពីរករណីពាក់ព័ន្ធនឹងយន្តហោះប្រភេទ 737 MAX នេះ។
ប៉ុន្តែ ក្រុមហ៊ុន Boeing បានបាត់បង់ភាគហ៊ុនទីផ្សាររបស់ខ្លួនដល់ក្រុមហ៊ុន Airbus ដែលជាគូប្រជែង ដោយភាគហ៊ុនរបស់ខ្លួនបានបាត់បង់តម្លៃជិត ៣២% នៅក្នុងឆ្នាំនេះ ដោយសារផលិតកម្មយន្តហោះប្រភេទ 737 MAX នេះបានធ្លាក់ចុះនៅក្នុងរដូវផ្ការីកនេះ។
លោក Walsh បាននិយាយថា៖ «ឧស្សាហកម្មយន្តហោះនេះត្រូវបានបង្អាក់ដោយសារបញ្ហាដែលក្រុមហ៊ុន Boeing បានជួបប្រទះ។ ប៉ុន្តែ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសប្បាយចិត្តដែលឃើញថាក្រុមហ៊ុននេះចាត់វិធានការត្រឹមត្រូវ»។
ការពន្យារពេលនៃការប្រគល់ជូនយន្តហោះថ្មីពីក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus គឺជាផ្នែកមួយនៃបញ្ហដ៏ធំនៅក្នុងសង្វាក់ផ្គត់ផ្គង់ដែនអាកាសនិងផ្នែកថែទាំយន្តហោះដែលប៉ះពាល់ដល់ផែនការរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍។
លោក Walsh បាននិយាយថា បញ្ហាសង្វាក់ផ្គត់ផ្គង់គឺមិនថមថយលឿនដូចការចង់បានរបស់ក្រុមហ៊ុនអាកាសចរណ៍នោះទេ និងអាចបន្តរហូតដល់ឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខ។
លោក Walsh បានបន្ថែមថា កាលពីដើមឆ្នាំនេះ សមាគម IATA បានកោះប្រជុំក្រុមហ៊ុនអាកាសចរណ៍និងក្រុមហ៊ុនផលិតយន្តហោះមួយចំនួនដើម្បីពិភាក្សាអំពីវិធីក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះ៕
ប្រែសម្រួលដោយលោក ភី សុភាដា