ពលរដ្ឋដែនដីហុងកុងនាំគ្នាឈររៀបជួរយ៉ាងវែងនៅព្រឹកថ្ងៃអង្គារនេះដើម្បីទិញកាសែត Apple Daily ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ការធ្វើបែបនេះកើតឡើងមួយថ្ងៃក្រោយនិពន្ធនាយកកាសែតនេះត្រូវចាប់ខ្លួនពីបទរំលោភលើច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានបង្កើតឡើង។
កាសែតនេះបានបោះពុម្ភចំនួន៥សែនច្បាប់សម្រាប់ការបោះពុម្ភនៅថ្ងៃអង្គារ ដែលនេះជាចំនួន៤ដង ច្រើនជាងការបោះពុម្ភផ្សាយជាធម្មតា។ នៅទំព័រមុខមានដាក់ចំណងជើងថា « Apple Daily នឹងបន្តការប្រឆាំងតវ៉ា»។ ទោះបីជាមានចំនួនកាសែតច្រើនប៉ុណ្ណាក្តី អ្នកលក់កាសែតជាច្រើនបានលក់ដាច់អស់ក្នុងចំនួនកាសែតដែលគេមាននោះ តែក្នុងរយ:ពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ចំណងជើងប្រឆាំងជំទាស់បានរោលរាលដោយសារតែការចាប់ខ្លួន លោក Jimmy Lai ដែលជាម្ចាស់ក្រុមហ៊ុន Next Digital ដែលគេស្គាល់ថាជាក្រុមហ៊ុនគ្រប់គ្រងសារព័ត៌មាន Apple Daily។ សារព័ត៌មាននេះ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Jimmy Lai ដែលមានអាយុ៧២ឆ្នាំ ត្រូវចាប់ខ្លួនពីផ្ទះរបស់លោកពីបទសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស។ លោក Jimmy Lai ស្ថិតក្នុងចំណោមមនុស្ស៧នាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃអាទិត្យ រួមទាំងកូនប្រុសពីរនាក់របស់លោក និងមន្ត្រីប្រតិបត្តិការនៃក្រុមហ៊ុន Next Digital ផងដែរ៕