រដ្ឋមន្ត្រី​កសិកម្ម​ទើប​តែង​តាំង​ថ្មី​ប្រាប់​កសិករ​ឲ្យ​ប្រយ័ត្ន​បញ្ហា​ទីផ្សារ ​មុន​បណ្តាក់​ទុន​ដាំដុះ​

លោក ​ឌិត ទីណា ​​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​​ក្រសួង​​កសិ​កម្ម​ ញញឹម​ទៅ​កាន់​រដ្ឋ​មន្ត្រី​​​ក្រសួង​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែង​ដល់​រូប​លោក​​​​នៅ​​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២២​។ (លាស់ លីបលីប/វីអូអេ)

រដ្ឋ​មន្ត្រី​កសិកម្ម​លោក​ ឌិត ទីណា​ ប្រាប់​កសិករ​ឱ្យ​គិត​គូរ​ពី​ទីផ្សារ​មុន​ការ​ដាំដុះ ឬ​ចិញ្ចឹម​សត្វ​ដើម្បី​ចៀស​វាង​ការ​ផ្គត់​ផ្គង់​លើស​តម្រូវការ​ ហើយពិបាក​រក​ទីផ្សារ​ ដែល​ជា​ហេតុនាំ​ឱ្យ​មាន​ការ​ខាត​បង់។​

រដ្ឋ​មន្ត្រី​វ័យ​ក្មេង​ដែល​ទើប​តែង​តាំង​ថ្មី​រូប​នេះ​កំពុង​ចុះ​ជួប​កសិករ​នៅ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ រួមមាន​ខេត្ត​តាកែវ​ កំពត​ កែប​ និង​ព្រះសីហនុ​ជាដើម។ ​អំឡុង​ពេល​នៃ​ការ​ចុះជួប​កសិករ​នោះ​ លោក​ឌិត​ទី ណា​លើក​ឡើង​ថា​ បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​បាន​បន្ត​កើត​ឡើង​ ដោយ​សារ​ការ​ផលិត​លើស​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់ ​ឬ​អ្នក​បរិភោគ ​ហើយ​កសិករ​ក៏​មិន​បាន​ព្យាយាម​ស្វែង​យល់​អំពី​តម្រូវ​ការ​ជាក់​ស្តែង​នៅ​លើ​ទីផ្សារ។

នៅ​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​កសិករ​នៅ​ឃុំពង​ទឹក ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​លោក​ឌិត ទីណា​ដែល​ទើប​ចូល​កាន់​តំណែង​បាន​រយៈ​ពេល​ជាង​មួយ​ខែ​នេះ​បាន​លើក​ឡើង​ថា កសិករ​មិន​ជួប​ផលវិបាក​ ​ដោយ​សារ​កង្វះ​ស្បៀង​ទេ ​តែ​ការ​ខាត​បង់​របស់​ពួក​គេ​ គឺ​បណ្តាល​មក​ពី​ ការ​ដាំ​ដុះ​ដំណាំ ​និង​ចិញ្ចឹម​សត្វ​ច្រើន​ពេក​ ​ដែល​ផ្គត់​ផ្គង់​ក្នុង​គ្រួសារ​ខ្លួន​ឯង​មិន​អស់​ផង​ ​ហើយ​ត្រូវ​លក់​មិន​ដាច់​ ឬ​មិន​ចំណេញ​ទៀត។ ​លោកថា​ នេះ​ជា​ទើប​ជា​បញ្ហា​ប្រឈម​ពិត​ប្រាកដ។​

បើ​តាម​ឃ្លីប​វីដេអូ​មួយ​ដែល​មាន​រយៈ​ពេល​ជាង​២៣​នាទី​ និង​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​នេះ ​លោក​ ឌិត ទីណា ​ថ្លែង​ថា៖ ​«កុំ​ភ្លេច​ថា ​នៅ​ពេល​ដែល​យើង​ចេះ​តែ​ផលិត​ នៅ​ពេល​នោះ​យើង​នឹង​ជួប​បញ្ហា​ ព្រោះ​ថា​ យើង​ឆ្លង​កាត់​ហើយ​ យើង​ឆ្លង​ផុត​ហើយ​នៅ​វគ្គ​ដែល​យើង​ផលិត​សម្រាប់​តែ​ហូប​ខ្លួន​ឯង។​ ឥឡូវ​ខ្ញុំ​សួរ​អ្នក​នៅ​ទី​នេះ ​ពេល​យើង​ផលិត​មក​ ​យើង​ហូប​អស់​ទេ? ​បាទ​ អត់​អស់​ទេៗ។ ​អ៊ីចឹង​ចំណុច​នេះ​សំខាន់​ណាស់។​ យើង​អត់​វេទនា ​អត់​ខ្វះ​អី​ហូប​ទេ។ ​ប៉ុន្តែ​ថា​បើ​មាន​ការ​ពិបាក​ គឺ​ពិបាក​រឿង​លក់​មិន​ដាច់​ ឬ​ក៏​លក់​នៅ​សល់ លក់​មិន​សូវ​ចំណេញឬ​លក់​ទៅ​ខាត។ ​ប៉ុន្តែ​អត់​ឱ្យ​យើង​អត់​បាយ​ អត់​អី​ហូប​ដូច​ពី​មុន​ទេ ​[គឺ]​មិន​មែន​ទេ»។​

រដ្ឋ​មន្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ ​បន្ថែម​ថា ​ ដើម្បី​ធ្វើ​ឱ្យ​កសិកម្ម​រីក​ចម្រើន​ទៅ​មុខ​បាន​ គឺ​ទាំង​អ្នក​ផលិត​ អ្នក​លក់ ​អ្នក​ទិញ ​និង​អ្នក​ផ្គត់​ផ្គង់ ​បូក​រួម​មន្ត្រី​កសិកម្ម ​និង​មន្ត្រី​ខេត្ត​នីមួយៗ​ ត្រូវ​ចេះ​សហការ​គ្នា​ទៅវិញ​ទៅ​មក ​ដោយ​ត្រូវ​ចូល​រួម​រៀប​ចំ​គម្រោង​ និង​សិក្សា​ស្រាវ​ជ្រាវ​ពី​ទីផ្សារ​ជា​មុន ​ហើយ​ចាំ​ធ្វើ​ឬ​ផលិត​អ្វី​មួយ​តាម​ក្រោយ។​

លោក​ ឌិត ទីណា ​ដែល​គេ​សា្គល់​ថា​ ជាកូន​ប្រុស​ប្រធាន​តុលាការ​កំពូល​ លោក​ ឌិត មុន្ទី​ នោះ​ ត្រូវ​គេ​សង្កេត​ឃើញ​ចុះ​ទៅ​ជួប​ជាមួយ​កសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ ចំនួន​ដើម្បី​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដំបូង​គេ ​គឺ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​ ​ហើយ​បញ្ហា​នេះ​កំពុង​កើត​ឡើង​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា​បន្ទាយ​មានជ័យ​ និង​បាត់ដំបង។​

ប្រធាន​សមាគម​សម្ព័ន្ធ ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ លោក ​ថេង សាវឿន​ យល់ថា ​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បែប​នេះ​ ហាក់​ដូច​ជា​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ​លើ​បញ្ហា​ទីផ្សារ​ជូន​កសិករ​ តែ​បែរ​ជា​ដាក់​បន្ទុក​ដល់​កសិករ​ទៅ​វិញ។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា៖ ​«បើ​សិន​ជា​ឱ្យ​ប្រជា​ពលរដ្ឋ​ ធ្វើ​កសិកម្ម​ដើម្បី​តែ​ហូប​ខ្លួន​ឯង ​តើ​យើង​គួរ​មាន​រៀប​ចំ​មុខ​របរ​ ឬ​ក៏​ការ​ងារ​ណា​មួយ​ដើម្បី​ទាក់​ទាញ​នូវ​ចំណូល​សេដ្ឋ​កិច្ច​សម្រាប់​គ្រួសារ​របស់​គាត់​ អាហ្នឹង​ជា​អ្វី​ដែល​យើង​ត្រូវ​គិត​ជា​យុទ្ធ​សាស្ត្រ។​ ដោយ​សារ​តែ​គាត់​អត់​មាន​កន្លែង​ធ្វើ​ការ​ងារ​ គាត់​មិន​មាន​វិជ្ជាជីវៈ​ គាត់​មិន​មាន​មុខ​របរ​ជាក់​លាក់​ហ្នឹង​ហើយ​បាន​គាត់​ប្រើប្រាស់​ដីធ្លី​ដែល​មាន​ដើម្បី​ធ្វើ​កសិកម្ម ​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ក៏​ដូច​ជា​លើក​កម្ពស់​ជីវភាព​គ្រួសារ​របស់​គាត់»។​

លោក​បន្ថែម​ថា ​ ក្រសួង​កសិកម្ម​គួរ​តែ​ជួយ​កសិករ​តាម​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​តម្លៃ​ប្រេង​ តម្លៃ​ជី​ថ្នាំ​កសិកម្ម​ឡើង​ថ្លៃ​ និង​ទុន​ដែល​កសិករ​យក​មក​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​កសិកម្ម​នេះ​ និង​ត្រូវ​ពង្រឹង​សកម្ម​ភាព​របស់​មន្ត្រី​កសិកម្ម​នៅតាម​ខេត្ត​ ស្រុក​នីមួយៗ​ឱ្យ​ចុះ​ដិត​ដល់​ជា​មួយ​កសិករ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ភ្លាមៗ។​

លោក​និយាយ​ថា៖ ​«ប្រេង​ក៏​ឡើង​ថ្លៃ​ តម្លៃ​ជី​ថ្នាំ​កសិកម្ម​ក៏​ឡើង​ថ្លៃ​ខ្ពស់ ​ខណៈ​ទុន​ដែល​គាត់​ត្រូវ​ការ​យក​មក​ទិញ​ប្រេង​ជី​ថ្នាំ​ សម្ភារៈ​កសិកម្ម​ហ្នឹង ​គឺ​គាត់​ខ្ចី​បុល​ពី​ធនាគារ​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​ ហើយ​ការ​ប្រាក់​ហ្នឹង​វា​ខ្ពស់។​ ហើយ​មួយ​វិញ​ទៀត​ យើង​ឃើញ​ថា​ ភាព​អសកម្ម​របស់​មន្ត្រី​កសិកម្ម​ មិន​ទាន់​ចុះ​ដិត​ដល់​ ឬ​ប្រមូល​បញ្ហា ​ បណ្តុះ​បណ្តាល​បញ្ហា​ឱ្យ​ចេះ​វេច​ខ្ចប់ ​ ចេះ​ដោះ​ស្រាយ​[បញ្ហា]​ទេ។​ អ៊ីចឹង​មួយ​ឆ្នាំៗ ​ សួរ​ប្រជា​ពលរដ្ឋ​ថា​ គាត់​បាន​ជួប​មន្ត្រី ​ឬ​មន្ត្រី​កសិកម្ម​បាន​ប៉ុន្មាន​ដង​ ហើយ​ទៅ​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​បាន​ប៉ុន្មាន?»

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​និង​ជា​អ្នក​នយោបាយ​មួយ​រូប​មក​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​គឺ​លោក​ យ៉ង សាំង​កុមារ​ ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​ធ្វើ​កសិកម្ម​ បែង​ចែក​ជា​ពីរ​ គឺ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​សម្រាប់​ហូប​ និង​បែប​ពាណិជ្ជកម្ម។ បច្ចុប្បន្ន​នេះ លោកកត់សម្គាល់​ថា​ ប្រជា​ពល​រដ្ឋ​ធ្វើ​កសិកម្ម​បែប​ពាណិជ្ជ​កម្ម​ ព្រោះ​កសិករ​ក៏​ត្រូវ​ការ​សេដ្ឋ​កិច្ច​ ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ​ និង​កូន​រៀន​ជា​ដើម។​

លោក​យល់​ថា ​ទាក់​ទង​ទីផ្សារ​កសិកម្ម​ និង​ការ​ដោះ​ស្រាយ​បញ្ហា​កសិកម្ម​ គឺ​អាស្រ័យ​លើ​គោល​នយោបាយ​របស់​គណ​បក្ស​ដឹក​នាំ​ប្រទេស​ និង​អាស្រ័យ​លើ​ឆន្ទៈ​អ្នក​នយោ​បាយ ​ហើយ​ចំណុច​នេះ​ ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង ​ត្រូវ​តែ​ចេះ​ទាម​ទារ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ដើម្បី​ឱ្យ​អ្នក​ដឹក​នាំ​ប្រទេស ​និង​អ្នក​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។​

បើ​តាម​លោក ​យ៉ង សាំងកុមារ​ ក្រសួង​កសិកម្ម​ត្រូវ​តែ​រឹត​បន្តឹង​ការ​នាំ​ចូល​ផលិត​ផល​កសិកម្ម​ពី​ក្រៅ​ប្រទេស​ និង​ត្រូវ​ផ្តល់​សិទ្ធិ​អំណាច​ដល់​មន្ត្រី​កសិកម្ម​ថ្នាក់​ក្រោម ​និង​ផ្តល់​ធនធាន​គ្រប់​គ្រាន់​ដល់​មន្ត្រី​ទាំង​នោះ​ ចុះ​ធ្វើ​ការ​ឱ្យ​បាន​ជាប់​ជាមួយ​កសិករ​ ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​កសិករ​ឱ្យ​ចេះ​ផលិត​ឆ្លើយតប​តម្រូវ​ការ​ទីផ្សារ។​

លោក​ថ្លែង​ថា៖ ​«ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​នយោបាយ​របស់​ក្រសួង​កសិកម្ម​មួយ ​តើ​គោល​នយោបាយ​របស់​គាត់​ទៅ​ណា? គោល​នយោ​បាយ​គាត់​ទុក​ឱ្យ​ទីផ្សារ​ជា​អ្នក​កំណត់​ជោគ​វាសនា​របស់​កសិករ?​ ឬ​ក៏​គោល​នយោបាយ​គាំទ្រ​ឱ្យ​កសិករ​គាត់​អាច​មាន​សមត្ថ​ភាព​ ដើម្បី​ផលិត​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ?»​

វិស័យ​កសិកម្ម​បាន​រួម​ចំណែក​ប្រមាណ​៦០%​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​ធ្លាក់​ពី​អាត្រា​ ៥០​ភាគ​រយ​ក្នុង​ឆ្នាំ​២០០៧ ​មក​ត្រឹម ​២១​ភាគ​រយ ​ក្នុង​ឆ្នាំ​២០១១។​ ហើយ ​ក្នុង​ឆ្នាំ​២០២១​ វិស័យ​កសិកម្ម​បាន​រួម​ចំណែក​ប្រមាណ​ ២២,៨​ភាគរយ ​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស.)​ និង​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ៣​លាន​នាក់។​ នេះ​បើ​តាម​ទិន្ន​ន័យ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហរិញ្ញ​វត្ថុ៕