នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់អ្នកស្រី Jacinda Arden បាននិយាយនៅថ្ងៃចន្ទនេះថា គណៈរដ្ឋមន្ត្រីរបស់លោកស្រីបានសម្រេចចិត្តធ្វើកំណែទម្រង់ច្បាប់កាំភ្លើង បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់រង្គាលកើតឡើងនៅឯវិហារឥស្លាមពីរកន្លែងក្នុងក្រុង Christchurch កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
អ្នកស្រី Jacinda Arden និយាយដូច្នេះថា៖ «ខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតអំពីការសម្រេចចិត្តទាំងនេះដល់បណ្ដាញផ្សាយព័ត៌មាន និងសាធារណជន មុនពេលគណៈរដ្ឋមន្ត្រីប្រជុំម្ដងទៀតនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ករណីនេះមានន័យថា នៅក្នុងអំឡុងពេល ១០ ថ្ងៃ បន្ទាប់ពីមានអំពើភេរវកម្មដ៏រន្ធត់នេះបានកើតឡើង យើងនឹងត្រូវតែប្រកាសអំពីការកែទម្រង់ដែលខ្ញុំជឿថា នឹងធ្វើឲ្យសហគមន៍របស់យើងមានសុវត្ថិភាពជាងមុន»។
អ្នកស្រីបានបន្ថែមថា៖ «យើងបានសម្រេចចិត្តក្នុងនាមជាគណៈរដ្ឋមន្ត្រី។ យើងរួមគ្នាជាធ្លុងមួយ»។
អ្នកស្រីនាយករដ្ឋមន្ត្រី Arden បានបញ្ជាក់ថា សាកសពជនរងគ្រោះ ៥០ នាក់ ដែលត្រូវបានសម្លាប់នៅឯវិហារឥស្លាមទាំងនោះនឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេនៅត្រឹមថ្ងៃពុធខាងមុខនេះ ដូច្នេះសាកសពទាំងនេះអាចត្រូវបញ្ចុះតាមប្រពៃណីសាសនាឥស្លាម។
អ្នកស្រីបានបន្តថា អ្នកជំនាញខាងកំណត់អត្តសញ្ញាណជនរងគ្រោះបានធ្វើដំណើរពីប្រទេសអូស្ត្រាលីមក ដើម្បីជួយនៅក្នុងដំណើរការកំណត់អត្តសញ្ញាណនេះ។
ការបាញ់ប្រហារទ្រង់ទ្រាយធំ និងឧក្រិដ្ឋកម្មហិង្សាកម្រនឹងកើតឡើងណាស់នៅក្នុងប្រទេសនូវែលសេឡង់ ដែលមានប្រជាជនសរុបជិត ៥ លាននាក់នេះ។ គិតមកដល់ពេលដែលការបាញ់ប្រហារនៅវិហារឥស្លាមនេះកើតឡើង ការបាញ់ប្រហារដ៏អាក្រក់បំផុតក្នុងប្រទេសនូវែលសេឡង់បានកើតឡើងកាលពីឆ្នាំ ១៩៩០ ដែលនៅពេលនោះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ១៣ នាក់ នៅក្នុងក្រុង Aramoana៕