សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សក្នុងពិភពលោកជិត២៣៨លាននាក់ បានឆ្លងជំងឺកូវីដ១៩និងជិត៥លាននាក់ទៀតបានស្លាប់ដោយសារជំងឺនេះ។ សាកលវិទ្យាល័យនេះក៏បានឲ្យដឹងកាលពីថ្ងៃចន្ទផងដែរថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦៥០០លានដូស ត្រូវបានចាក់នៅទូទាំងពិភពលោក។
ក្រុមអ្នកនយោបាយនៃគណបក្ស Maori ក្នុងប្រទេសនូវែលសេឡង់និយាយថា ប្រទេសនេះអាចមានកំហុសចំពោះការប្រព្រឹត្តិអំពើ«ប្រល័យពូជសាសន៍ក្នុងសម័យទំនើប» ប្រសិនបើប្រទេសនេះ ធ្វើទៅតាមគម្រោងរបស់ខ្លួនបើកប្រទេសឡើងវិញនោះ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ នូវែលសេឡង់មានការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៥ករណីហើយគេបានរកឃើញការឆ្លងចំនួន៣៥ករណីបន្ថែមទៀតកាលពីថ្ងៃចន្ទស្របពេលដែលប្រទេសនេះ កំពុងព្យាយាមបើកប្រទេសរបស់ខ្លួនឡើងវិញ។
ពួកអ្នកនយោបាយនៃគណបក្សMaori បានព្រមានថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃក្នុងប្រទេសនូវែលសេឡង់ គឺជាងពាក់កណ្តាលជាក្រុមជនជាតិដើមនៅក្នុងប្រទេសនេះ។
លោកស្រី Debbie Ngarewa-Packer សហមេដឹកនាំនៃគណបក្ស Maori បាននិយាយកាល ពីថ្ងៃចន្ទថា «គ្រប់ចំណុចទាំងអស់នៃការរាតត្បាតកូវីដ១៩ រដ្ឋាភិបាលនូវែលសេឡង់មិនអើពើអំពីការផ្តល់យោបល់របស់អ្នកជំនាញរបស់គណបក្ស Maori ទេ។ គេបានទុកយើងនៅក្នុងស្ថានភាពមួយប្រកបដោយគ្រោះថ្នាក់»។
នៅក្នុងការវិវត្តថ្មីមួយទៀត ប្រទេសនូវែលសេឡង់បានតម្រូវឲ្យគ្រូបង្រៀននិងបុគ្គលិកទាំងអស់នៅក្នុងវិស័យសុខាភិបាលនិងស្ថាប័នជនពិការ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ដូសនៅត្រឹមថ្ងៃទី១ ខែធ្នូខាងមុខនេះ។ បើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នូវែលសេឡង់មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤.៦៦០នាក់ និងមានអ្នកស្លាប់សរុបចំនួន២៨នាក់ចាប់តាំងពីជំងឺនេះឆ្លងរាតត្បាតមក៕
(ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង Reuters)