ប្រទេស​នូវែលសេឡង់​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​លុបបំបាត់​ការ​ជក់​បារី

រូបឯកសារ៖ បុរសម្នាក់ជក់បារីបង្ហុយផ្សែងនៅតំបន់ពាណិជ្ជកម្មមួយក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១២។

អត្រាអ្នក​ជក់​បារី​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់​ស្ថិត​ក្នុង​កម្រិត​ទាប​ក្នុង​ប្រវត្តិសាស្ត្រ​រួច​ទៅ​ហើយ។ បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​នូវែលសេឡង់​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​ពេញ​វ័យ​ ៨% ជក់​បារី​ជា​រៀងរាល់​ថ្ងៃ ហើយ​ជនជាតិ​ដើម​ភាគ​តិច Māori ជិត​ ១ភាគ៥ ក៏​អ្នក​ជក់​បារី​ដែរ។

ប៉ុន្តែ​អាជ្ញាធរ​ចង់​ឱ្យ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ទាប​ជាង​ក្រោម ៥% នៅ​ត្រឹម​ឆ្នាំ ២០២៥។ ពួកគេ​ថា គោលបំណង​គឺ​ដើម្បី​លុប​ចោល​ការ​ជក់​បារី​ទាំង​ស្រុង​តែ​ម្តង។

ច្បាប់​មួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ប្រទេស​នូវែលស៊ីឡង់​កាលពី​ពាក់​កណ្តាល​ខែធ្នូ នៅ​ក្នុង​ទីក្រុង​វែលីងតោន​ បានដាក់​ការ​ហាមឃាត់​ជា​ធរមាន​លើ​ប្រជាជន​នូវែលសេឡង់​ក្មេងៗ​មិន​ឱ្យ​ទិញ​បារី​អស់​មួយ​ជីវិត​។ កំណែ​ទម្រង់​នេះ​កំណត់​ថា​ ផលិតផល​ថ្នាំ​ជក់​មិន​ត្រូវ​លក់​ទៅ​ឱ្យ​បុគ្គល​ដែល​កើតចាប់​ពី​ថ្ងៃ​ទី​ ១ ខែមករា​ ឆ្នាំ ២០០៩តទៅ​នោះ​ទេ។​

ច្បាប់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ច្បាប់​ដំបូង​គេ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ។

ចំនួន​ហាង​ឬ​តូប​ដែល​អនុញ្ញាត​ឱ្យ​លក់​បារី​នឹង​ត្រូវកាត់​បន្ថយ​ពី ៦.០០០ ​ទៅ​ត្រឹម ៦០០ តូប​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស​នូវែលស៊ីឡង់​ទាំង​មូល​។ ចំនួន​សារធាតុ​នីកូទីន​ដែល​ស្រប​ច្បាប់​ក្នុង​ផលិតផល​ថ្នាំ​ជក់​ក៏​នឹង​ត្រូវដក​ចេញ​ផង​ដែរ។

​ក្រុម​អ្នក​រិះលក់​ចំពោះ​ការ​ផ្លាស់ប្តូរ​នេះ​បាន​ព្រមាន​ថា ការ​ធ្វើ​បែប​នេះ​អាច​ជំរុញ​ឱ្យ​មាន​ទីផ្សារ​ខុសច្បាប់លើ​ផលិតផល​ថ្នាំ​ជក់កើត​ឡើង​។

លោក​សាស្ត្រាចារ្យ Nick Wilson ជា​ប្រធាន​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​នៅ​សាកល​វិទ្យាល័យ Otago ​បាន​ប្រាប់​សារព័ត៌មាន Australian Broadcasting Corp. កាលពី​ថ្ងៃទី ១៤ ខែធ្នូ​ថា ការ​លុប​ចោល​អាយុ​ស្រប​ច្បាប់​សម្រាប់​ការ​ប្រើប្រាស់​ថ្នាំជក់ ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​វិធានការ​ប្រឆាំង​ការ​ជក់​បារី។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើមដូច​នេះ​ថា៖

«នេះ​គ្រាន់​តែ​ជា​ជំហាន​មួយ​នៃ​វិធានការ​ទាំង​មូល​ប៉ុណ្ណោះ ហើយ​វា​អាច​ជា​ផ្នែក​ដែល​មិន​សំខាន់​បំផុត​មួយ ​ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ​កន្លែង​លក់​បារី និង​ដក​សារធាតុ​នីកូទីន​ពី​ក្នុង​ថ្នាំ​ជក់។ ការ​ដក​សារធាតុ​នីកូទីន​ពី​ថ្នាំ​ជក់​ប្រហែល​ជា​ផ្នែក​ដ៏​សំខាន់នៃ​ច្បាប់​នេះ​រហូត​មក​ដល់​ពេល​នេះ»។​

រដ្ឋាភិបាល​នូវែលសេឡង់​បាន​និយាយ​ថា គេ​ត្រូវ​ការ​ច្បាប់​ថ្នាំ​ជក់​ដែល​តឹង​ជាង​មុន​ ដើម្បី​ជួយ​មនុស្ស​រាប់​ពាន់​នាក់​ឱ្យ​រស់នៅ​បាន​យូរ​ជាង​មុន និងមាន​សុខភាព​ល្អ​ជាង​មុន។ ក្រុម​មន្ត្រី​បាន​អះអាង​ថា គេ​អាច​សន្សំ​ទឹក​ប្រាក់រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ បើ​មិន​ត្រូវ​ចំណាយដើម្បី​ព្យាបាល​ជំងឺ​ដែល​បង្ក​មក​ពី​ការ​ជក់​បារី​នោះ​ទេ​។​

ប្រទេស​អូស្ត្រាលី​បាន​នាំ​មុខ​គេ​ក្នុង​ពិភពលោក​លើ​ការ​គ្រប់គ្រង​ថ្នាំ​ជក់​ ដោយ​ការ​ប្រើប្រាស់​សារ​ព្រមាន​សុខភាព​ជា​រូបភាព រួម​ជាមួយ​នឹង​ច្បាប់​ស្តី​ពី​ការ​វេចខ្ចប់​ ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ ២០១២ និង​អត្រា​យកពន្ធ​ខ្ពស់​ផង​ដែរ​។ ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​បាន​រាយការណ៍​នៅ​ក្នុង​ឆ្នាំ ២០២១​ ថា មនុស្ស​ពេញ​វ័យ​ ១ភាគ១០ ឬ​ ប្រមាណ​ ២លាន​១​សែននាក់​ជា​អ្នក​ជក់បារី​ប្រចាំ​ថ្ងៃ​នៅក្នុង​ប្រទេស​នេះ​។

ខណៈ​ដែល​អត្រា​ជក់​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ជាច្រើន វា​នៅ​តែ​មាន​អត្រា​ខ្ពស់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ​ជា​ពិសេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ផ្នែក​មួយ​ចំនួន​នៅអឺរ៉ុប។ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។

អង្គការ​សុខភាព​ពិភពលោកនិយាយ​ថា «ការ​ប្រើប្រាស់​ថ្នាំ​ជក់​គឺ​ជា​មូលហេតុ​ធំ​បំផុត​ក្នុង​ពិភពលោក​ ​សម្រាប់​ការ​ស្លាប់ក៏​ដូច​ជាជំងឺ​មិន​ឆ្លង​ដែល​អាច​បង្ការ​បានជា​មុន​នោះ​»៕