ជិតមួយសប្តាហ៍ បន្ទាប់ពីពលរដ្ឋកាន់សាសនាឥស្លាម៥០នាក់នៅក្នុងទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់បានត្រូវបាញ់សម្លាប់ លោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern បានហាមឃាត់ភ្លាមៗលើអាវុធពាក់កណ្តាលស្វ័យប្រវត្តិនិងអាវុធស្វ័យប្រវត្តិ។
ការហាមឃាត់ដែលលោកស្រីនាយករដ្ឋមន្រ្តី Ardern បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នៅរដ្ឋធានី Wellington រួមមានបង់កាំភ្លើងដែលផ្ទុកគ្រាប់បានច្រើន និងឧបករណ៍បន្ថែម ដែលអាចកែច្នៃកាំភ្លើងធម្មតាឲ្យទៅជាកាំភ្លើងបាញ់បានយ៉ាងលឿន។
លោកស្រីនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា លោកស្រីហាមឃាត់ការលក់ដូរនេះដើម្បីរារាំងការរក្សាទុកកាំភ្លើងប្រើនៅថ្ងៃអនាគត ហើយនិងហាមឃាត់ទាំងស្រុងលើអាវុធទាំងនោះ បន្ទាប់ពីច្បាប់ថ្មីចូលជាធរមាន។
លោកស្រីនាយករដ្ឋមន្រ្តី Ardern ក៏បានប្រកាសពីផែនការទិញកាំភ្លើងត្រឡប់មកវិញក្នុងទ្រង់ទ្រាយធំ ដើម្បីលើកទឹកចិត្តម្ចាស់ដែលមានកាំភ្លើងបែបនេះឲ្យប្រគល់កាំភ្លើងទាំងនោះឲ្យអាជ្ញាធរវិញ។
លោកស្រីបានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលអាចចំណាយប្រាក់រហូតដល់១៤០លានដុល្លារ ដើម្បីទិញកាំភ្លើងពីម្ចាស់របស់វាមកវិញ។ យោធានិងប៉ូលិស បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា «រយៈពេលអន្តរកាលនេះ» នឹងអនុញ្ញាតឲ្យពលរដ្ឋប្រគល់កាំភ្លើងរបស់ខ្លួនដោយមិនមានការផាកពិន័យ។
សភាត្រូវគេរំពឹងនឹងអនុម័តច្បាប់ដែលបានស្នើឡើងនេះ នៅពេលដែលខ្លួនបើកសម័យប្រជុំរបស់ខ្លួនឡើងវិញនៅពាក់កណ្តាលខែមេសា។
រដ្ឋាភិបាលបានប្រាប់ឲ្យដឹងថា ប្រទេសនូវែលសេឡង់ដែលមានប្រជាពលរដ្ឋ៥លាននាក់ មានម្ចាស់កាំភ្លើងដែលមានអាជ្ញាបណ្ណ២សែន៥ម៉ឺននាក់។ គេបានប៉ាន់ស្មានថា មានកាំភ្លើង១លាន៥សែនដើមនៅក្នុងប្រទេសនេះ៕