តុលាការ​កំពូល​​រដ្ឋ​ញូវយ៉ក​បដិសេធ​ការ​រាំង​ខ្ទប់​ការ​ផ្ដន្ទាទោស​លោក Trump ក្នុង​សំណុំរឿង​បង់លុយ​បំបិទ​មាត់

រូបឯកសារ៖ លោក Donald Trump បាន​ចូលរួមសន្និសីទកាសែតនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី​៣១ ឧសភា ឆ្នាំ២០២៤។

តុលាការ​កំពូលរដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​បដិសេធ​ការ​រាំង​ខ្ទប់​ការ​ផ្ដន្ទាទោស​លោក Trump ក្នុង​សំណុំរឿង​បង់លុយ​បំបិទ​មាត់ ដែលធ្វើ​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​រូប​នេះ ទំនង​ជា​ប្រើ​ជម្រើស​ចុងក្រោយ គឺ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ដើម្បី​រារាំង​សវនាការ កុំ​ឲ្យ​ធ្វើ​ឡើង​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន AP។

ចៅក្រម​ម្នាក់​នៃ​សាលា​ឧទ្ធរណ៍​រដ្ឋ​ញូវយ៉ក​បាន​ចេញ​បទ​បញ្ជា​ខ្លី​មួយ ដោយ​បដិសេធ​សវនាការ​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​លោក Trump។​

លោក Trump បាន​ស្នើ​តុលាការ​កំពូល​រដ្ឋ​ញូវយ៉ក​ឲ្យ​លុបចោល​ការ​ផ្ដន្ទាទោស​នៅ​ថ្ងៃ​សុក្រ​នេះ។ ក្រុម​មេធាវី​របស់​លោក បាន​ងាក​ទៅ​រក​តុលាការ​កំពូល​របស់​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​តុលាការ​គ្រប់​ជាន់ថ្នាក់​នៃ​រដ្ឋ​ញូវយ៉ក បាន​បដិសេធ ការ​លើក​ពេល​នៃ​ការ​ផ្ដន្ទាទោស​ដោយ​ចៅ​ក្រម​លោក Juan M. Merchan ដែល​ធ្វើ​ជា​ចៅ​ក្រម​ជំនុំជម្រះ​ក្នុង​សវនាការ​និង​ការ​កាត់​ទោស​លោក Trump កាលពី​ខែ​ឧសភា​ឆ្នាំ​មុន ពី​បទ​ឧក្រិដ្ឋ​៣៤​ករណី​នៃ​ការ​ក្លែងបន្លំ​កំណត់​ត្រា​ជំនួញ​របស់​លោកTrump ។

លោក Trump បដិសេធ​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។

ក្នុង​ឯកសារ ​មួយ​ដាក់​ជូន​តុលាការ​កំពូល​រដ្ឋ​ញូវយ៉ក ក្រុម​មេធាវី​របស់​លោក Trump និយាយ​ថា​លោក​ចៅក្រម Merchanនិង​សាលា​ឧទ្ធរណ៍ ដែល​ជា​តុលាការ​ថ្នាក់​កណ្ដាល​របស់​រដ្ឋ​នេះ សុទ្ធ​តែ«‍ខកខាន​ដោយ​ខុសឆ្គង»ក្នុង​ការ​បញ្ឈប់​ការ​ផ្ដន្ទាទោស ដោយ​វែកញែក​ហេតុផល​ថា​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​ផ្អាក​ជា​ស្វ័យប្រវត្តិ​ពេល​ក្រុម​មេធាវី ប្ដឹង​ទាស់ការ​សម្រេច​របស់​ចៅក្រម ដែល​តម្កល់​សាលក្រម។

ខណៈ ដែល​លោក​ចៅក្រម Merchan បាន​ផ្ដល់​សញ្ញា​ថា​លោក​នឹង​មិន​ដាក់​ទោស​ជាប់​ពន្ធនាគារ ឬ​ពិន័យ​ឬ​ព្យួរ​ទោស​ដោយ​មាន​លក្ខខណ្ឌ​ក៏​ដោយ ក្រុម​មេធាវី​របស់​លោក Trump បាន​វែកញែក​ហេតុផល​ថា​ការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​នៅ​តែ​ជះ​ឥទ្ធិពល​មិន​អាច​ទទួល​យក​បាន រួម​ទាំង​ការ​ធ្វើ​ឲ្យ​លោក Trump បែក​អារម្មណ៍​ពេល​លោក​កំពុង​ត្រៀម​ខ្លួន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ម្ដង​ទៀត៕