ការ​រត់ជាន់​គ្នា​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​នៅ​ចិន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣៥នាក់

ទិដ្ឋភាព​នៃ​ការ​រត់ជាន់​គ្នា​ ដែល​បាន​កើត​ឡើង​កំឡុង​ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​តំបន់ Bund តំបន់​មាត់​ទន្លេ​នៅ​ក្នុង​ភាគ​កណ្តាល​នៃ​ទីក្រុង​សៀងហៃ​ កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

ការ​រត់ជាន់​គ្នា​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មីនៅ​កន្លែងទាក់​ទាញ​ទេសចរណ៍​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​កន្លែង​ទេសចរណ៍​សំខាន់ៗ​ជាច្រើនក្នុង​ទីក្រុងសៀងហៃ​នៃប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​មនុស្ស៣៦​នាក់​ស្លាប់​ហើយ​និង​មនុស្ស​ជាង​៤០​នាក់​ទៀត​បាន​រងរបួស។

​ក្រុម​អាជ្ញាធរ​ទី​ក្រុង​សៀង​ហៃ​និយាយ​ថា ​ការរត់ជាន់​គ្នា​បាន​កើតឡើងនៅលើ​ជណ្តើរ​នៅឯ​តំបន់​មាត់ទន្លេ​ដ៏​មាន​ប្រជាប្រិយភាព​ ឬ​តំបន់ Bund ​ដែល​មាន​ទស្សនីយ​ភាព​ដ៏​ល្អ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា ​ភាព​ច្របូក​ច្របល់​ ​បាន​ចាប់​ផ្តើម​មិនដល់​កន្លះ​ម៉ោង​មុន​ពាក់​កណ្តាល​យប់។​ រូប​ភាព​វីដេអូ​ដែល​បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ Yoku ​របស់​ចិន ​បាន​បង្ហាញ​ពីក្រុម​អ្នក​សើចសប្បាយមួយ​ចំនួនជាប់​គាំង​នៅ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​មាត់​ទន្លេ។ នៅពេល​ដែល​ប៉ូលីស​និងអ្នក​ឈរ​មើល​បាន​ស្រែក​ដាក់​ហ្វូង​មនុស្ស​ដោយ​ជម្រុញ​ឲ្យ​មនុស្ស​ទាំងនោះ​ត្រឡប់ទៅក្រោយ​ ​គេ​បាន​ឃើញ​មនុស្សនានា​បានធ្លាក់​ពី​ជណ្តើរ​ហើយ​សង្កត់​លើ​គ្នា។

​ហ្វូង​មនុស្ស​បាន​បំបែក​គ្នា​ជាបណ្តើរ ​ក៏ប៉ុន្តែវា​ហួស​ពេល​ទៅ​ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន។

នៅ​ឯសន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​ Cai Lixin ​នាយករង​ការិយាល័យ​សន្តិសុខ​សាធារណៈ​សង្កាត់ Hangpu ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា ការស្ទះ ​បានកើត​មាន​ឡើង​នៅ​លើ​ជណ្តើរ​ ​នៅពេល​ដែល​មនុស្ស​ខ្លះ​បាន​ព្យាយាម​ឡើង​ហើយ​អ្នក​ខ្លះ​ទៀត​ចង់​ព្យាយាម​ចុះ។

លោកCai ​និយាយ​ថា «ហ្វូង​មនុស្ស​ច្រើន​ណាស់ដែលអ្នក​នៅ​ខាងក្រោយ​មិន​បាន​ដឹង​ពីអ្វី​បាន​កើត​មាន​ឡើង​នៅ​ខាង​មុខ​ខ្លួន​ហើយ​បាន​រុញទៅ​មុខ។​ លោក ​និយាយទៀត​ថា​ ដោយ​មានការ​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ ​វា​ធ្វើ​ឲ្យ​ការ​រត់ជាន់​គ្នា​បែប​នេះ​ងាយ​នឹង​កើតឡើង»។

​លោក Cai និយាយ​បន្ត​ទៀត​ថា ​ប៉ូលីស​បាន​ដាក់​ពង្រាយ​បុគ្គលិក៥០០​នាក់​នៅ​កន្លែង​កើត​ហេតុ​នោះ។

​Cui Tingting ​និយាយ​ថា ​នាង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពី​អ្វី​ដែល​បាន​កើត​ឡើង។​ នាង​មាន​ការ​ភ័យ​រន្ធត់​ពី​អ្វី​ដែល​នាង ​បាន​ឃើញ។

នាង​និយាយ​ថា «ទិដ្ឋ​ភាព​នោះ​ឃោរឃៅ​ខ្លាំង​ណាស់​ដោយ​មាន​មនុស្ស​ជាន់​លើ​គ្នា​នៅពេល​ដែល​ធ្លាក់​ពី​ជណ្តើ​រមក​ដី»។

​នាង​និយាយ​ទៀត​ថា ​វា​មិន​ដូចជា​ការ​វាយ​ប្រហារ​ភេរវកម្មដែល​អ្នក​ចាំបាច់​រត់​ដើម្បី​ឲ្យ​រួច​ជីវិត​អ្នក​ទេ ​អ្នក​គ្រាន់​តែ​ចាំបាច់​ចាក​ចេញ​ពី​កន្លែង​នោះ​តែ​ប៉ុណ្ណោះ។

នាង Cui ​ដូចជាអ្នក​ឃើញ​ហេតុ​ការ​ណ៍​ផ្ទាល់​នឹង​ភ្នែកផ្សេង​ទៀតបាន​បញ្ជាក់​ពី​ការ​ឃើញប្រាក់​ដុល្លារ​នៅ​លើ​ដី​នៅពេល​នោះ។ អ្នក​ខ្លះ​និយាយ​ថា ​មនុស្ស​បាន​អោន​រើស​ប្រាក់​ដុល្លា​រនេះ​អាច​នាំ​ឲ្យ​មាន​សោកនាដកម្ម​នោះ។

ប៉ូលីស​បាន​និយាយ​ថា ​ពួកគេ​កំពុង​ស៊ើបអង្កេត​ទៅលើ​បញ្ហា​នោះ។

​ប្រធានាធិបតី​ចិន ស៊ី ​ជីង​ពីង ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ល្អិត​ល្អន់ពី​ឧបទ្ទវហេតុ​នេះ។

ក្រុម​អាជ្ញាធរ​និយាយ​ថា ​មនុស្ស​ពី​១៣​នាក់​ទៅ​៤០​នាក់ ​បាន​រង​របួស​ធ្ងន់​ធ្ងរ។​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ​មនុស្ស​ខ្លះ​បាន​បែកក្បាល​ក្នុង​អំឡុងពេល​នៃ​ការ​រត់​ជាន់​គ្នា​នេះ។​ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា ​មនុស្ស​ជាច្រើន​នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ទាំង​នោះ​ជា​និស្សិត​ហើយ​ភាគ​ច្រើន​ជា​ស្រ្តី៕