សារមន្ទីរជាតិ​កងទ័ព​ជើងគោក​ថ្មី​​របស់​អាមេរិក បើក​សម្ពោធ​​ក្នុង​រដ្ឋ​ Virginia 

  • Deborah Block

រថពាសដែក M4 Sherman គឺ​ជា​និមិត្តរូប​របស់​សហរដ្ឋអាមេរិក​ក្នុង​សង្គ្រាម​លោកលើក​ទី២។ រថពាសដែក​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរជាតិ​កងទ័ព​សហរដ្ឋអាមេរិក​នៅ​រដ្ឋ Virginia ដែល​សារមន្ទីរ​នេះ​ទើប​តែ​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី១១ ខែវិច្ឆិកា នៅ​ចំ​​ទិវា​អតីត​យុទ្ធជន​សហរដ្ឋអាមេរិក។

នេះ​ជា​លើក​ទី១ហើយ​ដែល​កង​ទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក ​មាន​សារមន្ទីររបស់​ខ្លួន។

សារមន្ទីរជាតិ​នៃ​កង​ទ័ព​ជើង​គោក​អាមេរិក​ ត្រូវ​បាន​សម្ពោធ​បើក​នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ដែល​ជាទិវា​អតីត​យុទ្ធជន​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​អគារ​កងទ័ព​ Fort Belvoir​ ក្នុង​រដ្ឋ​ Virginia។

កង​ទ័ព​ជើង​គោក​អាមេរិក ​គឺ​ជា​ស្ថាប័ន​យោធា​អាមេរិក​តែ​មួយ​ប៉ុណ្ណោះ ដែល​មិន​ធ្លាប់​មាន​សារមន្ទីរ​ជាតិក្នុង​ពេល​កន្លង​មក​។

ដោយ​មានចម្ងាយ៣២​គីឡូម៉ែត្រ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ សារមន្ទីរជាតិ​នេះ​ បាន​ចង​ក្រងនូវ​ប្រវត្តិសាស្ត្រ​នៃ​កងទ័ព​ជើង​គោក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​បង្អស់​របស់​អាមេរិក​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​២៤៥​ឆ្នាំ​មុន ក្នុង​ឆ្នាំ​១៧៧៥។ ​

អគារ​សារមន្ទីរ​ដែល​មាន​កម្ពស់​៥​ជាន់​ធំ​ទូលាយ​នេះ​ បាន​ដាក់តាំងបង្ហាញ​នូវ​រូប​ភាពប្រវត្តិសាស្រ្ត​ រួម​ជា​មួយ​ឯកសារ​ រូបថត​ ស្នាដៃ​សិល្បៈ និង​រូប​ចម្លាក់​ធំ​តូច​ ចំនួន​រាប់​ពាន់​ផ្សេងៗ​ទៀត​។ សារ​មន្ទីរ​ជាតិ​នេះ​ ក៏​ដាក់តាំង​បង្ហាញ​ផង​ដែរ នូវ​រថក្រោះ​ Sherman ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ឧទ្ធម្ភាគចក្រក្នុង​សង្គ្រាម​វៀតណាម​ និង​រថពាស​ដែក​ ពី​សង្គ្រាម​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៣ និង​កែប​ខ្នង​សេះ​ដែលត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្លាំង​ពិសេស​កងទ័ព​ជើង​គោកអាមេរិក​ ក្នុង​តំបន់​ភ្នំ​នៃ​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​សង្គ្រាមឆ្នាំ​២០០១​ ជាដើម។

សារមន្ទីរជាតិកងទ័ព​ជើង​គោក​នេះ ក៏​ដាក់​តាំង​បង្ហាញ​ផង​ដែរ​ នូវ​កងទ័ព​អាមេរិក​ ដែល​វាយ​ប្រហារ​ទៅ​លើ​ឆ្នេរ​សមុទ្រ​ Normandy នៅ​ថ្ងៃ​បើក​ការ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ផង​ដែរ។ សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ដាក់​តាំង​ ក៏​រួម​មានផង​ដែរ នូវ​មួក​ដែក ដាវ​ប្រយុទ្ធ មេដាយ​សរសើរ​ និង​នាឡិកាដៃ​ដែលត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​គំនរ​បាក់​បែក​នៃ​មន្ទីរ​បញ្ចកោណ​ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១។

អ្នកស្រី ​Tammy Call នាយិកា​សារមន្ទីរ​ជាតិ​កង​ទ័ព​ជើង​គោក​ ថ្លែង​ប្រាប់​វីអូអេ​ថា​ ទោះ​បី​ការ​ដាក់​តាំង​បង្ហាញ​ជា​ច្រើន​ ផ្តោត​លើ​សកម្មភាព​សង្គ្រាម​ក្តី ក៏​សារ​មន្ទីរ​មួយ​នេះ​ បាន​ដាក់​តាំងបង្ហាញ​ពី​សកម្មភាព​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ និង​បេសកកម្ម​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភព​លោក​ផង​ដែរ។

អ្នកស្រី ​Call ​ដែល​ជា​ជន​ស៊ីវិល​និង​ជា​អតីត​យោធា​មួយ​រូប​នោះ​ បានគូស​បញ្ជាក់​ថា ការ​ដាក់​តាំង​បង្ហាញ​ដ៏​សំខាន់​មួយ​ ដែល​មាន​ឈ្មោះ​ថា​ រឿងរ៉ាវរបស់​យុទ្ធជន​ បាន​ប្រាប់ពី ​«​រឿងរ៉ាវ​របស់បុគ្គល​យោធា​នីមួយៗ» ដែល​ជា​ផ្នែក​មួយ​នៃប្រវត្តិសាស្រ្ត​ដ៏​ទូ​លំ​ទូលាយ​ ដែល​ធ្វើ​ឲ្យ​យើង​ដក់​ជាប់​នូវ​អារម្មណ៍​ផ្ទាល់​ខ្លួនជាមួយ​នឹង​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ។​

លោក ​Jack Querfeld​ នាយក​កិច្ចការ​អន្តរជាតិ​ផ្ទៃក្នុង​នៃ​អង្គការ American Legion ក្នុង​ទីក្រុង Indianapolis​ រដ្ឋ Indiana​ លើក​ឡើង​ថា ​លោក​មាន​ការ​ចាប់​អារម្មណ៍ថា

​រូបភាព​នៃ​ការប្រយុទ្ធ​ក្នុង​សមរភូមិ​ជា​ច្រើន​ ដែល​ត្រូវ​បាន​ដាក់​តាំងបង្ហាញ​នោះ «បាន​បញ្ជាក់​នូវ​រឿង​រ៉ាវ​ពិតៗ» ដោយ​មិន​គ្រាន់​តែ​និយាយ​ថាយើង​បាន​ប្រយុទ្ធ​នៅ​ទីនេះ​នោះ​ទេ។

លោក Ryan D. McCarthy លេខាធិការ​កងទ័ព​ជើង​គោក​អាមេរិក​ គូស​បញ្ជាក់​ថា៖​ «សារមន្ទីរជាតិ​នេះ ជា​កន្លែង​ដែល​ក្រុមគ្រួសារ​កងទ័ព​ អាច​មក​ជួប​ជុំ​គ្នា​ ហើយ​អាច​ចែក​រំលែក​នូវ​រឿងរ៉ាវ​របស់​ពួកគេ​ផង​ដែរ»។

សារ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក​ B.J. Lawrence នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​អតីត​យុទ្ធជនក្នុង​សង្គ្រាម​បរទេស​ដែល​មាន​ស្នាក់​ការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន​។ លោក​ក៏ធ្លាប់​ជា​ពលបាល​ត្រី​ក្នុង​កងទ័ពជើង​គោក​អាមេរិក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ដើម​ទសវត្ស​១៩៨០ផង​ដែរ។

លោក​និយាយ​ថា​ សារ​មន្ទីរ​ជាតិ​នេះជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ ហើយ​ខណៈ​ពេល​លោក​កំពុង​ដើរ​មើល​សារមន្ទីរ​នោះ​ លោក​បាន​ឃើញរូប​ភាព​ទាក់​ទង​នឹង​សង្គ្រាម​កូរ៉េ ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ក្តុក​ក្តួលជា​ខ្លាំង។​

លោកនិយាយ​ក្នុង​សម្តី​ដើមថា៖​ «ខ្ញុំ​បន្តធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​នាំ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម ​ត្រឡប់​មក​ផ្ទះ​វិញ»។​

រី​ឯ​លោកQuerfeld និយាយ​ក្នុង​សម្តី​ដើម​ថា​៖ «ខ្ញុំ​គិត​ថា​សារមន្ទីរ​នេះ នឹង​ជួយ​ដល់​កុមារ​នា​ពេល​បច្ចុប្បន្ន​ និង​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត​ ឲ្យ​យល់​ដឹង​ពី​អ្វី​ដែល​បុព្វបុរស​យោធា​របស់​គេ​ បាន​ឆ្លង​កាត់​កាល​ពី​អតីត​កាល»។

លោក​ Lawrence ថ្លែង​បន្ត​ថា​ «សារមន្ទីរជាតិ​នេះ​បា្រប់​យើង​ថា​តើ​វា​មានសារៈសំខាន់​ប៉ុណ្ណា​ក្នុង​ការបម្រើការ​ងារ​ជា​យោធា​សម្រាប់​ប្រទេសរបស់​យើង​ ហើយ​វាក៏​បាន​ជួយពន្យល់​ផង​ដែរ​ដល់​ទស្សនៈ​យល់​ឃើញ​ ដែល​ថា​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​អាមេរិក​ រីករាយ​ជា​មួយ​នឹង​សេរីភាព​ដែល​គេ​ទទួល​បាន​សព្វថ្ងៃ​នេះ»៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ