ទូត​អាមេរិក​ថ្មី​ប្រាថ្នា​ចង់​បង្កើន​ទំនាក់ទំនង​និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

  • នៅ វណ្ណារិន

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William A. Heidt (វិល្លាម ហែដ) ក្នុងបទសម្ភាសន៍​មួយ​ជាមួយ​លោក នៅ វណ្ណារិន នៃ VOA ​នៅឯ​​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។ នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឯកអគ្គរដ្ឋទូត​បាន​ផ្តល់​បទ​សម្ភាសន៍(ផ្តាច់មុខ)​​ជាមួយ​​បណ្តាញ​ផ្សាយ​ព័ត៌មាន​​មួយ ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​ឯក​អគ្គរដ្ឋទូត​នៅ​កម្ពុជា​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ ​(នូវ ពៅលក្ខិណា/VOA)

​លោក​ William Heidt​ ថ្លែង​ថា ​កម្ពុជា​គួរ​តែ​គិតគូរ​ពី​ការ​ចូលរួម​ជា​សមាជិក​កិច្ចព្រមព្រៀង​​ TPP ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​អ្នក​ផ្តួច​ផ្តើម​នោះ​​ ដើម្បី​បើក​ឲ្យ​មាន​ទីផ្សារ​ធំទូលាយ​បន្ថែម​ទៀត​នា​ពេល​អនាគត។​

លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ថ្លែង​ថា​កិច្ចការ​ពិសេស​របស់​លោក​សម្រាប់​បេសកម្ម​នៅ​ក្នុង​ប្រទេសកម្ពុជា គឺ​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​និង​សហ​រដ្ឋអាមេរិក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​

​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​ VOA ​កាល​ពី​ថ្ងៃ​ពុធ​នេះ លោក​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ William Heidt​ (វិល្លាម ហែដ) បាន​ឲ្យ​ដឹង​ថា មាន​ឱកាស​ជា​ច្រើន​សម្រាប់​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រឹត​ចំណង​មេត្រីភាព​ឲ្យ​កាន់​តែ​ប្រសើ​ឡើង​ ជា​ពិសេស​គឺ​ផ្នែក​ពាណិជ្ជកម្ម។​

លោក William Heidt បាន​ថ្លែង​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​សំណាង​ណាស់​ដែល​បាន​មក​កាន់​ទី​នេះ ​នៅ​កម្ពុជា​នេះ​ ចំ​ពេល​ដែល មាន​ឱកាស​ជា​ច្រើន​សម្រាប់​ឲ្យ​យើង​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​រឿង​ជា​ច្រើន។​ ដូច្នេះ​ហើយ​ ខ្ញុំ​រំភើប​ណាស់​ថា​នឹង​អាចជួយ​ឲ្យ​មាន​ការ​ជឿនលឿន​ទៅ​មុខ​លើផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច។​ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​អំពី​ទំនាក់​ទំនង​ដ៏​រឹងមាំ​រវាង​ប្រជាជននិង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក»។​

លោក​ William Heidt ធ្លាប់​បាន​ធ្វើ​ការ​ជា​មន្ត្រី​សេដ្ឋកិច្ច​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​ ​ដល់​ឆ្នាំ​១៩៩៩។​ លោក​អាច​និយាយ​ភាសាខ្មែរ​និង​បាន​រៀបការ​ជាមួយ​ភរិយា​ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​ផង​ដែរ។ ​លោក​ថា ​លោក​ក៏​នឹង​ធ្វើ​ការ​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​រួមទាំង​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​ការពារ​បរិស្ថាន​ជា​ដើម។

​លោក​ Heidt ​ថ្លែង​ថា​ លោក​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នៃ​ការ​បណ្តាក់​ទុន​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​អាមេរិក ​ដើម្បី​ជំរុញ​ឲ្យ​ការ​វិនិយោគ​ទុន​នៅ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ច្រើន។

«យើង​គិត​ថា ​វា​នឹង​អាច​ជួយ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ជាន់​ខ្ពស់ដែល​អាច​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ផលិត​និងនាំ​ចេញ​ទំនិញ​កម្រិត​ខ្ពស់​ជា​ច្រើន​ ​ស្រប​តាម​អ្វី​ដែល​គេ​ហៅ​ថា​ក្របខ័ណ្ឌ​សង្វាក់​ផលិតកម្ម​ពិភពលោក (global value chains)»។

​លោក​បាន​បន្ត​ថា​ នា​ពេល​បច្ចុប្បន្ន​ផលិត​ផលមួយ​អាច​ផលិត​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ជាច្រើន​លើ​ពិភពលោក។​

កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​តម្លៃ​ជាង​២.៨០០​លាន​ដុល្លារ​នា​ឆ្នាំ​២០១៤​ដែល​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​ដ៏​បំផុត​លើ​លោក​ដែល​ទទួល​ទិញ​ផលិត​ផល​ពី​កម្ពុជា។​ ស្រប​គ្នា​នោះ​ដែរ ​សហរដ្ឋ​អាមេរិក​នាំ​ចូល​ផលិត​ផលមក​កម្ពុជា​ត្រឹម​តែ​៣២៨​លាន​ដុល្លារ​អាមេរិកតែ​ប៉ុណ្ណោះ។​

​លោក​ Heidt​ ថ្លែង​ថា ​កម្ពុជា​គួរ​តែ​គិតគូរ​ពី​ការ​ចូលរួម​ជា​សមាជិក ​កិច្ចព្រមព្រៀងដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ ​Trans-Pacific Partnership​ (TPP) ដែល​មាន​សហរដ្ឋ​អាមេរិក​ជា​អ្នក​ផ្តួច​ផ្តើម​នោះ ដើម្បី​បើក​ឲ្យ​មាន​ទីផ្សារ​ធំទូលាយ​បន្ថែម​ទៀត​នា​ពេល​អនាគត។​

លោក​ឯកអគ្គរដ្ឋទូត​ពន្យល់​ថា៖

«ការ​ពិត​ទៅ​ យើង​សង្ឃឹម​ថា​ក្រុម​ប្រទេស​ប្រជាជាតិ​អាស៊ាន​នឹង​ចូលរួម​ [TPP] នៅ​ពេលណា​មួយ​នាពេល​អនាគត។​ ខ្ញុំ​គិត​ថា ​វា​នឹង​ក្លាយ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ។​ វា​នឹង​អាច​ជួយ​ប្រទេស​នានា​ឲ្យ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ពួក​គេ​ ជា​ពិសេស​ប្រទេស​កម្ពុជា​ដែល​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​នា​ពេល​នេះ ហើយ​ដែល​ប្រាថ្នា​ចង់​នាំ​ចេញ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ជាង​មុន​ទៅ​កាន់​ប្រទេស​ដទៃៗ​ទៀត​ក្នុង​ពិភពលោក។​ ខ្ញុំ​គិត​ថា វា [TPP] ​នឹង​អាច​ជួយ​បាន​យ៉ាង​ច្រើន»។

​កិច្ចសម្ភាសន៍​ផ្តាច់​មុខ​រវាង​លោក​ Heidt​ និង​ VOA​ បាន​ធ្វើ​ឡើង​ជិត​មួយ​សប្តាហ៍​មុន​ពេល​ដែល​ថ្នាក់​ដឹកនំា​នៃ​ក្រុម​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន‍‍-សហរដ្ឋ​អាមេរិក​ ​ដែល​នឹង​ធ្វើ​ឡើង​នា​ទី​ក្រុង​លំហែ​កាយ​ Sunnylands នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​លើ​ទំនាក់ទំនង​រវាង​ប្រទេស​អាមេរិក​និង​ក្រុម​ប្រជាជាតិ​អាស៊ាន​ដោយ​រួម​ទាំង​បញ្ហា​សន្តិសុខ​មួយ​ចំនួន​ផង​ដែរ។​

​លោក​ឯកអគ្គរដ្ឋទូត​ Heidt មាន​ប្រសាសន៍ថា ​នៅ​ពេល​នោះ​ កិច្ចប្រ​ជុំ​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ការ​ពង្រីក​សេដ្ឋកិច្ច​និង​ការ​ច្នៃប្រឌិត​របស់​ធុរជន​ក៏​នឹង​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ផង​ដែរ។

លោក ​ជុំ សុន្ទរី ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ក៏​បញ្ជាក់​ពី​ភាព​រីករាយ​ដែល​កម្ពុជា​នឹង​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ Sunnylandsនេះ ​ក៏​ប៉ុន្តែ​កម្ពុជា​ក៏​ចង់​បាន​ផង​ដែរ​នូវ​កិច្ច​ព្រមព្រៀង​វិនិយោគ​ទ្វេភាគី​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក។

«នេះ​គឺ​ជា​គោលបំណង​និង​ជា​អ្វី​ដែល​កម្ពុជា​ចង់​បាន​ផង​ដែរ។​ យើង​ចង់​បាន​ការ​ពង្រីង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ជាពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក។​ ហើយ​យើង​ក៏​កំពុង​តែ​ពិចារណា​ថា​ តើ​ត្រូវ​ចូល​រួម​ជាមួយ ​TPP​ ឬ​យ៉ាង​ណា»។

​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ បាន​ងាក​មក​រក​នយោបាយ​ការបរទេស​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ប្រទេស​ចិន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ។​ យ៉ាង​ណា​ក៏ដោយ​ លោក ​Heidt ថា ​សហរដ្ឋ​អាមេរិក​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​«ជ្រើសរើស​រវាង​អាមេរិក​ឬ​ចិន​នោះ​ទេ»​ តែ​ចង់​ឲ្យ​កម្ពុជា​ទទួល​បាន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​មួយ។​

«ក្នុង​នាម​ជា​សេដ្ឋវិទូ​មួយ​រូប ​ខ្ញុំ​គិត​ថា​ នៅ​ក្នុង​ជំហាន​បន្ទាប់​ទៀត​នៃការ​អភិវឌ្ឍ​របស់​កម្ពុជា​ សហរដ្ឋ​អាមេរិក​នឹង​ជា​ដៃគូ​ដ៏​សំខាន់​ណាស់​សម្រាប់​កម្ពុជា។ ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ​អាច​ជួយ​កម្ពុជា​ដើម្បី​ឈាន​ទៅអភិវឌ្ឍវិស័យ​ឧស្សាហកម្ម។​ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​ជា​ភាព​ចាំបាច់​សម្រាប់​កម្ពុជា អញ្ចឹង​វា​ជា​កិច្ចការ​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​ចំណង​ការ​ទូត​ជាមួយប្រទេស​ទាំង​ពីរ​(ចិន​និង​អាមេរិក)​ឲ្យ​មាន​ប្រសិទ្ធភាព»។​

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ ជុំ សុន្ទរី បាន​ទទួល​ស្គាល់​ថា ​កម្ពុជា​ក៏​កំពុង​រក​មើល​ប្រទេស​ដែល​មាន​សក្ដានុពល​ខ្ពស់​ខាង​បច្ចេកវិទ្យានិង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​លើ​សាកលលោក។​

«ដូច​អ្វី​ដែល​យើង​បាន​បញ្ជាក់​ ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ ក៏​ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​ការ​បង្កើន​ទំនាក់ទំនង​ល្អ​ថែម​ទៀត​ជាមួយ​ប្រទេស​នានា​លើ​សាកលលោក​ផង​ដែរ ​រួម​ទាំង​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​គឺ​ជា​ទី​ផ្សារ​ដ៏​ធំ​សម្រាប់​វិស័យ​វាយនភណ្ឌ​កាត់ដេរ​របស់​ប្រទេស​កម្ពុជា​ អញ្ចឹង​វា​ជា​ការ​ចាំ​បាច់​ក្នុង​ការ​ពង្រីង​ទំនាក់ទំនង​សេដ្ឋកិច្ច​ថែម​ទៀត​ជាមួយ​សហរដ្ឋ​អាមេរិក។​ វា​គឺ​ជា​បំណង​និង​ក្តី​សង្ឃឹម​របស់​យើង»។​

​លោក​ គង់ ភោគ​ ប្រធាន​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​កម្ពុជា បាន​ប្រាប់ ​VOA ថា​ លោក​មើល​ឃើញ​ពី​ឱកាស​នៃ​ការ​ពង្រីង​ទំនាក់ទំនង​ដ៏​ល្អ​បន្ថែម​ទៀត​ជាមួយ​សហរដ្ឋ​អាមេរិក ជាពិសេស​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃែរី (John Kerry) ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា​នា​ចុង​ខែ​មករា​កន្លង​ទៅ​នេះ។ ហើយ​វា​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពីភាព​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ ដែល​បង្កើត​ឲ្យ​មាន​ភាព​ជឿជាក់​រវាង​គ្នា​នឹង​គ្នា​នោះ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់លោក​ ចន ឃែរី ​ក្នុង​ប្រទេស​កម្ពុជា​ ប្រមុខ​ការទូត​អាមេរិក​រូប​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​ក៏​ចង់​ឃើញ​ពី​ការីក​ចម្រើន​នៅ​ក្នុង​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ​និង​អភិបាលកិច្ច​ល្អ​ផង​ដែរ។​

​លោក​ឯកអគ្គរដ្ឋទូត ​Heidt ​បាន​បញ្ចាក់​ប្រាប VOA​ ក្នុង​កិច្ចសម្ភាស​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​ វិស័យ​ខាង​លើ​នៅ​តែ​ជា​កិច្ចការ​ចម្បង​ក្នុង​បេសកម្ម​របស់​លោក​នៅ​កម្ពុជា​ ក៏ប៉ុន្តែ​លោក​ជឿជាក់​ថា​ វិស័យ​ទាំង​នោះ​នឹង​មាន​ភាព​ប្រសើរ​ឡើង​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​ឡើង។​ លើស​ពី​នេះ​ទៀត​ អង្គការ​មិន​មែន​រដ្ឋភិបាល​នៃ​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើការ​យ៉ាង​ល្អ​នៅ​ក្នុង​ប្រទេស​នេះ។​

លោក​ William Heidt បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖

​«យើង​សង្ឃឹម​ថា​ មួយ​ជំហ៊ាន​ម្តងៗ​ វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​កម្ពុជា​ប្រសើ​ឡើង។​ ដូច​គ្នា​នឹង​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ដែល​នឹង​អភិវឌ្ឍ​ទៅ​មុខ​ យើង​ក៏​សង្ឃឹម​ផង​ដែរ​ថា ​ប្រជាធិបតេយ្យ​ក៏​នឹង​អភិវឌ្ឍ​ដូច​សេដ្ឋកិច្ច​ផង​ដែរ។​ ដូច​គ្នា​នោះ​ដែរ​ កម្ពុជា​ក៏​ត្រូវ​តែ​ព្យាយាម​បន្ត​ពង្រឹង​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​ ខ្ញុំ​យល់​ថា ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជាគឺ​បាន​ធ្វើ​ការងារ​យ៉ាង​ល្អ​រៀងៗ​ខ្លួន​របស់​ពួក​គេ​ក្នុង​ប្រទេស​នេះ»៕