អង្គការសហប្រជាជាតិរក​ឃើញ​ថា​ មនុស្ស​រាប់ពាន់លាន​នាក់​ខ្វះ​ទឹកស្អាត​និង​បង្គន់​អនាម័យ​ប្រើប្រាស់

  • Lisa Bryant​

រូបឯកសារ៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី។ 

ការសិក្សាស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ការបោះទុន​វិនិយោគ​លើ​ទឹកស្អាត​ និង​បង្គន់​អានាម័យ ​គឺជាការវិនិយោគដ៏ជោគជ័យមួយទាំងក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម ក៏ប៉ុន្តែ​ប្រជាជន​ក្រីក្របំផុត​រាប់ពាន់លាននាក់​នៅទូទាំង​ពិភពលោក​នៅតែ​មិនទទួល​បាន​សេវាកម្ម​នេះ​គ្រប់គ្រាន់។

ការ​មាន​ទឹក និងបង្គន់អនាម័យ​ដែល​មាន​សុវត្ថិភាព តម្លៃ​សមរម្យ និង​អាច​ទុកចិត្ត​បាន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​ និង​ជា​ចំណុច​មួយ​ក្នុង​ចំណោម​គោលដៅ​អភិវឌ្ឍ​ន៍​ប្រកប​ដោយ​ចីរភាព​ទាំង១៧ចំណុច​របស់​អង្គការ​សហប្រជាជាតិ​ ដែល​រដ្ឋាភិបាល​ប្រទេសនានា​បាន​សន្យា​ថា​នឹង​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ២០៣០។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​មាន​គម្លាត​ធំ​រវាង​ការ​សន្យា​និង​ការ​ពិត​ជាក់​ស្តែង។

របាយការណ៍​ថ្មី​ចុងក្រោយ​បំផុត​ស្តី​ពី​ការអភិវឌ្ឍ​ទឹក​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា​ មាន​ក្រុម​មនុស្ស​ជាច្រើន​ រួមទាំង​ស្រ្តី​ ហើយ​ពេល​ខ្លះ​មនុស្ស​មាន​វ័យ​ចំណាស់​ខ្វះ​ទឹកស្អាត​និង​បង្គន់​អនាម័យ ​ដែល​មនុស្ស​ភាគច្រើន​ចាត់ទុក​ថាជា​មូលដ្ឋាន​គ្រឹះ​នៃ​សេវាកម្ម​ដែល​ត្រូវ​ទទួល​បាន។ ពួកគេ​ស្ទើរ​តែ​ទាំងអស់​ជួប​ប្រទះ​នឹង​បញ្ហាមួយ​ដូចគ្នា​គឺ​ភាពក្រីក្រ។

លោក Richard Connor និពន្ធ​នាយក​របស់​របាយការណ៍​នេះ​បា​នថ្លែង​ថា៖ «ជាក់ស្តែង​ទឹក​មិន​ត្រូវ​បាន​គេ​ផ្តល់​អាទិភាព​ឲ្យ​ដូចទៅ​នឹង​អ្វី​ដែល​មាន​ចែង​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍ​ទេ។ ប្រសិន​បើ​អ្នក​ក្រឡេក​មើល​បញ្ហា​អគ្គិសនី​វិញ​ យើង​ឃើញ​ថា​ វិស័យ​ថាមពល​ត្រូវ​បាន​ចាត់​ទុកថា​ជា​ អាជីវកម្ម​ធំ​មួយ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិស័យឯកជន»។

លោក Richard Connor បាន​ថ្លែង​បន្ត​ទៀត​ថា «ជាអកុសល​ មេដឹកនាំ​របស់​រដ្ឋាភិបាល​ជាច្រើន​កំពុង​គិត​បញ្ហា​ទឹកម៉ាស៊ីន​ និង​បង្គន់​អនាម័យ​ ហើយ​ពួកគេ​មិន​បាន​មើលឃើញ​ពី​អ្វី​ដែល​ជា​រឿង​សំខាន់»។

លោក Connor បាន​និយាយ​បន្ត​ទៀត​ថា​ អ្វី​ដែល​ជា​រឿង​សំខាន់​នោះ​គឺ​ថា​ការ​បោះ​ទុនវិនិយោគ​លើ​ទឹក​និង​បង្គន់​អនាម័យ​អាច​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​រដ្ឋាភិបាល ឧទាហរណ៍​ដូចជា​ ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​អាច​កាត់​បន្ថយ​បាន​ ពីព្រោះ​ថា​មនុស្ស​មិន​សូវ​ឈឺ។ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​គេ​ចេញ​ផុត​ពី​ភាពក្រីក្រ​ផងដែរ។

ប៉ុន្តែ​សម្រាប់​ប្រជាជន​ក្រីក្រ​បំផុត​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ការ​បោះទុន​វិនិយោគ​ទាំង​នេះ​គឺ​មាន​លក្ខណៈ​ស្មុគស្មាញ។ របាយការណ៍​នេះ​ផ្តោត​ទៅ​លើ​មនុស្ស​បីក្រុម​គឺ​ក្រុម​អ្នក​រស់នៅ​ជាយក្រុង​ អ្នករស់នៅ​ទីជនបទ​ក្រីក្រ ព្រម​ទាំង​ពួកជនភៀស​ខ្លួន​និង​ពួកជន​ផ្លាស់ប្តូរ​ទី​លំនៅ​ក្នុង​ប្រទេស។

លោក Connor បាន​ថ្លែង​បន្ត​ទៀត​ថា៖ «នៅ​តំបន់​ភាគ​ខាងត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីបអាហ្វ្រិក​ មាន​ប្រជាជន​នៅ​ជាយ​ក្រុង​ប្រមាណ​៦០ភាគរយ​រស់នៅ​ក្នុង​តំបន់​អាណាធិបតេយ្យ។ ហើយ​ភាគច្រើន​នៃ​តំបន់​ដែល​ពួកគេ​រស់នៅ​ទាំងនេះ​គ្មាន​ទឹកស្អាត​និង​បង្គន់​អនាម័យ​ទេ។ ពួកគេ​ចំណាយ​ប្រាក់​ទិញ​ទឹកស្អាត​ច្រើន​ជាង​ពួកអ្នក​ជិតខាង​ដែល​រស់នៅ​ក្នុង​ភាពសម្បូរបែបពី១០ទៅ​២០ដង»។

លោក Connor និយាយ​បន្ត​ថា ​អ្នករស់​នៅ​តាម​ជាយក្រុង​ក្រីក្រ​មិន​ទទួល​បានសេវា​ទាំងអស់​នេះ​ទេ ពីព្រោះ​ថា​ពួកគេ​ជា​រឿយៗមិន​បង់ពន្ធ​ និង​មិន​ត្រូវ​បាន​រាប់​បញ្ជូល​នៅ​ក្នុង​កំណត់ត្រា​ផ្លូវការ​ទេ។

ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ថា​ មនុស្ស​រាប់លាននាក់​ដែល​រស់នៅ​តាម​ជនបទក្រីក្រ​រួមទាំង​ពួកកសិករខ្នាតតូច​ក៏​មិន​អាច​ទទួល​បាន​សេវាកម្ម​ទាំងនេះ​ដែរ​ ដោយ​រួមទាំង​ការផ្គត់ផ្គង់​ទឹក​នៅ​អំឡុងពេល​សំខាន់ៗ​ដូចជា​ពេល​ដាំដុះ​ និង​ពេល​មាន​គ្រោះ​រាំងស្ងួត​ជាដើម។

លោក Connor​ បាន​ថ្លែង​ទៀតថា៖ ​«យើង​បាន​រក​ឃើញ​ថា​ ប្រសិន​បើ​ពួកកសិករ​ខ្នាតតូច​បាន​ទទួល​ទឹក​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រព័ន្ធ​ធារាសាស្រ្ត​របស់​ពួកគេ​ នោះ​ទិន្នផល​ចម្ការ​នឹង​កើនឡើង​ពីរទៅ​បីដង»។

ចំណែក​ឯ​ក្រុមទីបី ​ដែល​ជា​ជនភៀសខ្លួន​ និង​ជន​ផ្លាស់ប្តូរ​ទីលំនៅ​ក្នុងស្រុកក៏ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជនងាយ​រងគ្រោះ​បំផុត​នៅក្នុង​ពិភពលោក។ ប៉ុន្តែ​ពេល​ខ្លះ​វត្តមាន​ជំនួយ​អន្តរជាតិ​ធ្វើ​ឲ្យ​ពួកគេ​អាច​មាន​ទឹកស្អាត​ និង​បង្គន់​អនាម័យ​ប្រើប្រាស់​សមរម្យ​ជាង​អ្នករស់នៅ​ផ្ទាល់​ក្នុង​សហគមន៍​នានា។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ការ​សិក្សា​ស្រាវជ្រាវ​រកឃើញ​ថា​ វិសមភាព​ទាំងនេះ​បាន​បង្កើត​ឲ្យមាន​ភាពតានតឹង​នៅក្នុង​ករណី​ទាំងពីរ​នេះ។

លោក Connor បាន​បញ្ជាក់​ថា​ មាន​ការវិវត្ត​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ធានា​ថា​ មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​ទឹកស្អាត​និង​បង្គន់​អនាម័យ​ប្រើប្រាស់។ ប៉ុន្តែ​របាយការណ៍​បាន​ណែនាំ​ថា​ ការវិវត្ត​ទាំងនេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ៕