បេសកជនពិសេសថ្មីរបស់អ.ស.ប.ប្រចាំប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបាននិយាយថា អ្នកស្រី«ព្រួយបារម្ភយ៉ាងខ្លាំង»អំពីការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសហើយបានអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់ឆ្នាំថ្មីរវាងយោធានិងក្រុមប្រឆាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងរដ្ឋប្រហារខែកុម្ភៈត្រូវបានបង្រ្កាបយ៉ាងបង្ហូរឈាមដោយមនុស្សជាង១៣០០នាក់ត្រូវបានសម្លាប់និងជាង១ម៉ឺន១ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុក។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដឹកនាំដោយអង្គការសហប្រជាជាតិនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គឺអាស៊ានដើម្បីដោះស្រាយវិបត្តិនេះមានដំណើរការទៅមុខតិចតួចរហូតមក ដល់ពេលនេះ ដោយមេដឹកនាំយោធាមិនព្រមទាក់ទងជាមួយចលនាប្រឆាំង។
បេសកជនពិសេសរបស់អ.ស.ប.អ្នកស្រី Noeleen Heyzer «មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តកើនឡើងនៃអំពើហិង្សានៅក្នុងរដ្ឋ Kayin និងផ្នែកផ្សេងទៀតនៃប្រទេសមីយ៉ាន់ម៉ា»។ អ្នកស្រីថ្លែងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍លើកទីមួយរបស់អ្នកស្រីចាប់តាំងពីបានចូលកាន់តំណែងនេះ។
អ្នកស្រីក៏បានអំពាវនាវឱ្យ«គ្រប់ភាគីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការជំនួយរួមទាំងអ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួនពីអំពើហិង្សា»និងអំពាវនាវឱ្យភាគីទាំងអស់ព្រមព្រៀងឱ្យមានបទឈប់បាញ់នៅឆ្នាំថ្មី។
កាលពីថ្ងៃអាទិត្យមន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយថា លោកមានការ«រន្ធត់» ដោយបានឃើញរបាយការណ៍គួរឱ្យទុកចិត្តថា យ៉ាងហោចណាស់ជនស៊ីវិល ៣៥នាក់ត្រូវបានសម្លាប់និងសាកសពរបស់ពួកគេត្រូវបានដុតក្នុងការវាយប្រហារនៅថ្ងៃបុណ្យមុនថ្ងៃបុណ្យណូអែលនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ហើយបានទាមទារឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេត។
បុគ្គលិកពីរនាក់របស់អង្គការមិនរកប្រាក់កម្រៃគឺអង្គការ Save the Children នៅតែបាត់ខ្លួននៅឡើយ។ រថយន្តរបស់ពួកនៅក្នុងចំណោមរថយន្តជាច្រើនដែលត្រូវបានវាយប្រហារនិងឆេះនៅក្នុងឧបទ្ទវហេតុនៅក្នុងរដ្ឋ Kayah។ អង្គការ Save the Children បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យោធាត្រូវបានគេរាយការណ៍ថាបានបង្ខំឱ្យមនុស្សចេញពីរថយន្តរបស់ពួកគេ។ អ្នកខ្លះត្រូវបានចាប់ខ្លួនហើយអ្នកខ្លះត្រូវសម្លាប់និងដុត»។
អង្គការសប្បុរសធម៌នេះបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននៅតែស៊ើបអង្កេតឧបទ្ទវហេតុនេះ។ មានការប៉ះទង្គិចថ្មីៗក្នុងពេលប៉ុន្មានថ្ងៃនេះរវាងក្រុមឧទ្ទាមជនជាតិភាគតិចនិងយោធានៅក្នុងរដ្ឋ Kayin ដែលត្រូវបានហៅថារដ្ឋ Karen។ ការប៉ះទង្គិចនេះបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចូលទៅក្នុងប្រទេសថៃដែលនៅជិតខាង។
អ្នកនាំពាក្យក្រុមប្រឹក្សារបបយោធាប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីសប្តាហ៍មុនថា យោធាបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមយុទ្ធជនសហភាពជាតិ Karen និងសមាជិក«កងកម្លាំងការពារប្រជាជន»ក្នុងស្រុកដែលបានក្រោកឡើងប្រយុទ្ធប្រឆាំងនឹងរដ្ឋប្រហារ៕