មេបញ្ជាការកងទ័ពជើងគោកថៃ Apirat Kongsompong បានលើកយកប្រធានបទជាច្រើន ទាក់ទងនឹងបញ្ហាសន្តិសុខនៃប្រទេសទាំងពីរនិងតំបន់ បូករួមទាំងការពង្រឹងចំណងទាក់ទងយោធាទ្វេភាគី មកនិយាយនឹងថ្នាក់ដឹកនាំកងទ័ពកម្ពុជា អំឡុងទស្សនកិច្ចលើកដំបូងរបស់លោករយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
នាយឧត្ដមសេនីយ៍ Apirat Kongsompong បានដឹកនាំគណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងគោកភូមិន្ទថៃ មកដល់ទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ លោកបានជួបពិភាក្សាការងារជាមួយ សមភាគីកម្ពុជា គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការទ័ពជើងគោកខេមរភូមិន្ទ ព្រមទាំងជាមួយនាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទផងដែរ។
នាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់VOA តាមទូរស័ព្ទនាព្រឹកថ្ងៃពុធនេះថា លោកមេទ័ពជើងគោកថៃ បានលើកយកបញ្ហានានាមកជជែកនឹងមន្ត្រីបញ្ជាការយោធាជាន់ខ្ពស់របស់កម្ពុជា ដែលរួមមានការបន្តរឹតចំណងទាក់ទងទ្វេភាគី និងចំណងទាក់ទងកងទ័ពនៅសងខាងព្រំដែននៃប្រទេសទាំងពីរដែលធ្លាប់មានជម្លោះនឹងគ្នា។
នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា៖
«ធម្មតាទេ គឺជួប ក៏មានការផ្ដោះប្ដូរគ្នា អំពីបញ្ហានិយាយគ្នាអំពីបញ្ហាមួយចំនួន ជាមួយគ្នានោះដែរ បានធានាគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដ៏ល្អ ដូច្នេះគឺខាងតំបន់ព្រំដែន ដែលមានយោធា ធ្វើការងារហ្នឹង គឺធ្វើយ៉ាងម៉េច ឯកភាពគ្នា ល្អូកល្អឺនជាមួយគ្នា។ បញ្ហាទាំងអស់ហ្នឹង វាតែប៉ុណ្ណឹងទេ វាអត់មានអ្វីវែងឆ្ងាយទេ បាទ»!
នាយឧត្ដមសេនីយ៍ Apirat ទើបចូលមកកាន់ការជាមេបញ្ជាការទ័ពជើងគោកភូមិន្ទថៃ កាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ ខណៈដែលប្រទេសថៃកំពុងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតជាតិនាខែមីនាខាងមុខ។ ដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសកម្ពុជានាសប្តាហ៍នេះធ្វើឡើងក្រោយពីមានរបាយការណ៍ព័ត៌មានដែលថាកម្ពុជា បានចេញឯកសារធ្វើដំណើរដល់អ្នកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីថៃដែលរត់គេចខ្លួន។
នាយឧត្ដមសេនីយ៍ Apirat Kongsompong មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ពេលអញ្ជើញដល់មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ (រូបថត៖ ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ)
រដ្ឋាភិបាលក្រុងភ្នំពេញកាលពីដើមខែមករានេះបានបដិសេធភ្លាមៗ បន្ទាប់ពីកាសែតហុងកុង South China Morning Post បានចេញរបាយការណ៍ផ្ដាច់មុខដែលថា អ្នកស្រី Yingluck បានកាន់លិខិតឆ្លងដែនកម្ពុជា ទៅចុះបញ្ជីក្រុមហ៊ុនជំនួញរបស់អ្នកស្រីនៅទីក្រុងហុងកុង និងទំនងជាបានប្រើប្រាស់លិខិតឆ្លងដែនខាងលើធ្វើការរត់គេចពីការចាប់ចងរបស់រដ្ឋាភិបាលយោធាថៃផង។
យ៉ាងណាក៏ដោយ ក្រោយមកគេឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបទបញ្ជាមួយដល់ក្រសួងពាក់ព័ន្ធឱ្យធ្វើការដកហូតរាល់លិខិតឆ្លងដែនកម្ពុជា ដែលត្រូវបានផ្ដល់ជូនជនបរទេសក្រោមរូបភាពផ្សេងៗ ដែលទាក់ទិននឹងតំណែងរបស់ពួកគេក្នុងការផ្ដល់ប្រឹក្សាដល់រដ្ឋាភិបាលខ្មែរ។ រដ្ឋាភិបាលថៃបានស្វាគមន៍ចំណាត់ការខាងលើ និងបានហៅការសម្រេចនោះថាជាកាយវិការបង្ហាញពីការ «យល់ចិត្តយល់ថ្លើម»រវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងបាងកក។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់VOAថា សំណុំរឿងអ្នកស្រី Yingluck មិនត្រូវបានលើកយកមកធ្វើជាប្រធានរឿងជជែកពិភាក្សារបស់ នាយឧត្ដមសេនីយ៍ Apirat ជាមួយមេទ័ពធំៗរបស់កម្ពុជាឡើយ។ តែលោកថា លោកបានកត់សម្គាល់អំពីស្ថានភាពល្អប្រសើរ នៅតំបន់ក្បែរប្រាសាទព្រះវិហារ ដែលភាគីទាំងពីរធ្លាប់ពើបប្រយុទ្ធគ្នាអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
«អត់មានបញ្ហាអ្វីទេ អាហ្នឹងគឺ ទាំងសងខាង ក៏បានយល់ដឹងកាន់តែច្បាស់ហើយ ឥឡូវហ្នឹង វាមិនអីទេ និយាយគ្នា ស្ដាប់គ្នាបាន វានិយាយគ្នាស្ដាប់គ្នាបានហើយ អត់មានបញ្ហាអ្វីទេ!»។
ប្រទេសថៃកំពុងតែធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្ងៃទី២៤ ខែមិនា ខាងមុខ ដែលគេបានទន្ទឹងរង់ចាំអស់រយៈពេលយូរមកហើយ ថាជាការវិលត្រឡប់ដ៏ចម្រូងចម្រាស់ ទៅរកការដឹកនាំដោយរដ្ឋាភិបាលស៊ីវិលវិញ តែនៅស្ថិតក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលគូសវាសដោយក្រុមទាហាន ដែលត្រូវបានអ្នករិះគន់មើលឃើញថា មុខជានឹងបន្ថយអំណាចគ្រប់គ្រងរដ្ឋនៃរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបន្ថែមឥទ្ធិពលរបស់ទាហានទៅក្នុងនយោបាយ។
នាយឧត្ដមសេនីយ៍ Apirat ខ្លួនលោកផ្ទាល់ ក៏បានធ្វើការប្ដេជ្ញាដោយគ្មានរួញរា ថាលទ្ធភាពនៃការធ្វើរដ្ឋប្រហារយោធានឹងនៅតែបន្តមាន ប្រសិនបើនយោបាយនៃការបោះឆ្នោតនៅតែបង្កភាពចលាចលដល់ស្ថិរភាពសង្គមថៃ ក្រោយការបោះឆ្នោតនៃប្រទេសដែលមានការធ្វើរដ្ឋប្រហារយោធាដ៏ញឹកញាប់ និងទម្រង់នយោបាយដែលមានការបែកបាក់ដ៏ជ្រាលជ្រៅ។
លោក Paul Chambers អ្នកវិភាគកិច្ចការសន្តិសុខ នៅសាកលវិទ្យាល័យនរេនសូរប្រទេសថៃ បាននិយាយថា លើសពីការពង្រឹងចំណងទាក់ទងយោធាកម្ពុជាថៃ ដំណើរទស្សនកិច្ចរបស់ នាយឧត្ដមសេនីយ៍ Apirat ដ៏បានផ្ដល់សញ្ញានៃការបន្តភាពល្អូកល្អឺនរវាងយោធាថៃ និងរដ្ឋាភិបាលលោក ហ៊ុន សែន និងក៏ដូចជាការព្យាយាមចង់បង្ហាញនូវចេតនា មិនចង់ឱ្យទីក្រុងភ្នំពេញ និងសម្ព័ន្ធនយោបាយគាំទ្រលោក Thaksin ខិតជិតគ្នាសាជាថ្មី។
យ៉ាងណាក្ដី អ្នកវិភាគរូបនេះ បានលើកឡើងថា គណបក្សណាក៏ដោយដែលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលថ្មីរបស់ថៃ មុខតែជានឹងបន្តការសហការល្អជាមួយនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាក់ជាមិនខាន។
លោកបានប្រាប់ VOA តាមសារអេឡិកត្រូនិកថា៖
«យ៉ាងណាក៏ដោយ បើបក្សដែលគាំទ្រលោក Thaksin ឈ្នះការបោះឆ្នោតនោះ វាប្រហែលជានឹងទៅរួចដែលថា បណ្ដាជនថៃដែលប្រឆាំងនឹង Thaksin ឬក៏ក្រុមយោធា នឹងធ្វើការចោទប្រកាន់ រដ្ឋាភិបាលសម្ព័ន្ធមិត្តលោក Thaksin ថាខិតទៅស្និទ្ធស្នាលជ្រុលជាមួយលោក ហ៊ុន សែន។ ដែលការចោទប្រកាន់បែបនេះគ្រាន់តែជា វោហាសាស្រ្តនយោបាយ ក្នុងអង្រួនសាធារណមតិថៃឱ្យប្រឆាំងតទល់នឹងរដ្ឋាភិបាលសម្ព័ន្ធមិត្តលោក Thaksin តែប៉ុណ្ណោះ»។
ទាក់ទិននឹងការបោះឆ្នោតនៅប្រទេសថៃនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបង្ហាញក្ដីរំពឹងថា នឹងប្រព្រឹត្តទៅដោយពុំមានបញ្ហាអ្វីដល់ទំនាក់ទំនងកម្ពុជាថៃឡើយ។
នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានប្រាប់ VOA ថា៖
«ទោះជាអ្វីក៏ដោយគឺយើងបានបញ្ជាក់ហើយ គឺយើងលើកទឹកចិត្តដំណើរការបោះឆ្នោត ឱ្យបានរលូន កុំឱ្យមានបញ្ហាអ្វីកើតឡើង នូវអំពើណាមានជាការនាំឱ្យមានការប៉ះទង្គិចអ្វីគ្នា យើងជ្រោមជ្រែងលើកទឹកចិត្ត តែប៉ុណ្ណឹងទេ! មិនអាចមានអ្វីដែលវែងឆ្ងាយទេបាទ»!
នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានបន្តថា រដ្ឋាភិបាល និងយោធាកម្ពុជា នឹងនៅតែបន្តចំណងទាក់ទងជាមួយរដ្ឋាភិបាលថ្មីដែលកើតក្រោយបោះឆ្នោត និងទទួលព្រះរាជទានតែងតាំងពីព្រះមហាក្សត្រថៃ ដើម្បីថែរក្សាស្ថិរភាពតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ៕