ការសិក្សាស្រាវជ្រាវថ្មីមួយដែលស្ទង់មតិប្រជាពលរដ្ឋនៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលមានកម្ពុជាផងនោះ បានបង្ហាញថា ប្រសិនបើសមាគមអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចចិន និងអាមេរិក ពួកគេភាគច្រើនថានឹងជ្រើសរើសយកប្រទេសចិន។
ការស្ទង់មតិនេះធ្វើឡើងដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ Yusof Ishak ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ក្នុងអំឡុងខែមករា ឆ្នាំ២០២៤ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ហើយរបាយការណ៍ដែលបានមកពីការស្ទង់មតិនោះត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ។
របាយការណ៍ដែលសិក្សាក្នុងចំណោមមនុស្សប្រមាណ១៩៩៤នាក់ ដែលជាប្រជាជនក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០បង្ហាញថាជម្រើសសម្រាប់ចិនបានកើនឡើងពី៣៨.៩% ដល់៥០.៥% ក្នុងឆ្នាំ២០២៤នេះ បើធៀបនឹងឆ្នាំ២០២៣។ ការសិក្សាបញ្ជាក់ថា ជម្រើសសម្រាប់អាមេរិកបានធ្លាក់ចុះពី៦១.១%មកនៅ៤៩.៥% នៅឆ្នាំនេះ បើប្រៀបធៀបនឹងការសិក្សាកាលពីឆ្នាំមុន។
ពាក់ព័ន្ធនឹងចំណុចនេះ អ្នកចូលរួមការស្ទង់មតិនៅកម្ពុជា បានជ្រើសយកអាមេរិក ដែលមានរហូតដល់ ៥៥% ហើយចិនតែ៤៥% ប៉ុណ្ណោះ ប្រសិនបើមានការបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចទាំងពីរ។
សហរដ្ឋអាមេរិកគឺជាមហាអំណាចដែលត្រូវបានពេញចិត្តសម្រាប់អាស៊ានក្នុងការធ្វើជាដៃគូចាប់តាំងពីការស្ទង់មតិនៅអាស៊ីអាគ្នេយ៍ឆ្នាំ ២០២០។ ប៉ុន្តែនៅឆ្នាំនេះ អ្នកឆ្លើយតបកាន់តែច្រើនកំពុងងាកទៅរកប្រទេសចិន ជាងសហរដ្ឋអាមេរិក ខណៈមានការបារម្ភចំពោះឥទ្ធិពលរបស់ប្រទេសចិនដែលចេះតែរីកធំក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អ្នកវិភាគនយោបាយអន្តរជាតិលោក សេង វណ្ណលី ប្រាប់វីអូអេថា ការស្ទង់មតិចុងក្រោយដែលបង្ហាញថា ទំនាក់ទំនងរបស់អាស៊ានជាមួយចិនមានការកើនឡើងដោយសារតែអ្នកចូលរួមការស្ទង់មតិទាំងនោះមើលឃើញពីភាពមិនប្រាកដប្រជានៅអំឡុងពេលនៃការបោះឆ្នោតនៅអាមេរិកទីដែលអតីតប្រធានាធិបតីលោក ដូណាល់ត្រាំ ត្រូវគេរំពឹងថា នឹងអាចវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតី។ ការណ៍នេះអាចធ្វើឱ្យមានការប្រែប្រួលក្នុងទំនាក់ទំនងអាស៊ាននិងអាមេរិក។
បើតាមអ្នកវិភាគរូបនេះកំណើននៃការជឿជាក់នៅក្នុងការធ្វើទំនាក់ទំនងជាមួយចិនគឺដោយសារតែចិនមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចនិងការវិនិយោគច្រើននៅក្នុងតំបន់បើប្រៀបជាមួយអាមេរិក។
លោកថ្លែងថា៖«បើយើងប្រៀបធៀបអំពីអំណាចសេដ្ឋកិច្ចរបស់ចិនជាមួយនឹងអាមេរិកទៅ លើអាស៊ានគឺចិនគាត់មានច្រើនជាង៦០%នៃទំនាក់ទំនសេដ្ឋកិច្ចរបស់អាស៊ានគឺ ផ្តោតសំខាន់ទៅលើចិន ចំណែកអាមេរិកគឺនៅមានកម្រិតទាបដូចទាបជាង២០% បើ ប្រៀបធៀបជាមួយចិន»។
លោកបន្ថែមថា អំណាចសេដ្ឋកិច្ចខ្លាំងក្លារបស់ចិនបាននាំឱ្យប្រជាពលរដ្ឋអាស៊ាន ក៏ដូចជាអ្នកដែលមានសិទ្ធិក្នុងការសម្រេចគោលនយោបាយរបស់អាស៊ានយល់ថាចិនគឺជាប្រទេសដែលមានសក្តានុពល ហើយអាចនឹងមានទំនាក់ទំនងល្អជាមួយអាស៊ាន។
ប្រទេសចិនគឺជាដៃគូពាណិជកម្មដ៏សំខាន់មួយក្នុងចំណោមដៃគូពាណិជ្ជកម្មជាច្រើនទៀតរបស់កម្ពុជាដែលមានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ ប៉ុន្តែបើតាមការស្ទង់មតិ ពលរដ្ឋកម្ពុជាបានឆ្លើយថា ពួកគេជ្រើសយកសហរដ្ឋអាមេរិក បើត្រូវបង្ខំឱ្យសម្រេចចិត្តថាយកមហាអំណាចណាមួយ។
លោកសេង វណ្ណលី អ្នកវិភាគនយោបាយអន្តរជាតិផ្តល់សេចក្តីពន្យល់ថាទំនាក់ទំនាក់កម្ពុជាជាមួយចិន នៅមានភាពមិនប្រាកដប្រជានៅឡើយ ក្រោមហេតុផលថាសេដ្ឋកិច្ចបន្តមានកំណើនយឺត ហើយមានបញ្ហាជាច្រើនទៀតកំពុងកើតឡើងក្នុងសង្គមចិន។ បញ្ហាទាំងនោះ នឹងបង្កផលប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជា ជាពិសេសការនាំចូលរបស់ចិនមកកម្ពុជាច្រើនជាងកម្ពុជានាំទៅចិន។
របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ Yusof Ishak បានឱ្យដឹងទៀតថា ប្រទេសចិនបន្តត្រូវបានគេមើលឃើញ ថាជាប្រទេសមានឥទ្ធិពលបំផុត ក្នុងតំបន់ខាងផ្នែកអំណាចសេដ្ឋកិច្ច ដែលមានចំនួន៥៩,៥% និងយុទ្ធសាស្ត្រ នយោបាយចំនួន៤៣,៩% ដោយបានវ៉ាដាច់សហរដ្ឋអាមេរិកចំពោះផ្នែកទាំងពីរនេះ។ ក្នុងចំណោមដៃគូសន្ទនាទាំង១១របស់អាស៊ាន ប្រទេសចិនទទួលបានពិន្ទុ ៨.៩៨% លើពិន្ទុសរុប១១.0% ឈរនៅកំពូលតារាងក្នុងលក្ខខណ្ឌពាក់ព័ន្ធយុទ្ធសាស្ត្រជាមួយអាស៊ាន(Strategic relevance) ខណៈសហរដ្ឋអាមេរិក ទទួលបានតែ៨.៧៩% និងជប៉ុនទទួលបាន៧.៤៨%។
បើតាមរបាយការណ៍ដដែល នៅពេលសួរពាក់ព័ន្ធនឹងទំនុកចិត្តទៅលើប្រទេសមហាអំណាច ប្រទេសជប៉ុនឈរនៅលំដាប់លេខ១សម្រាប់ប្រទេសក្នុងតំបន់អាស៊ានមានប្រមាណ៥៨.៩% អាមេរិកស្ថិតនៅលំដាប់លេខ២ មាន៤២.៤% សហភាពអឺរ៉ុប ៤១.៥% ខណៈអ្នកចូលរួមការស្ទង់មតិពាក់កណ្តាល(៥០.១%) បានបង្ហាញការមិនទុកចិត្តទៅលើប្រទេសចិនដែលមាន៤៥.៥% ព្រោះគេភ័យខ្លាចថាចិនអាចប្រើអំណាចសេដ្ឋកិច្ច និងយោធារបស់ខ្លួនគំរាមកំហែងដល់ផលប្រយោជន៍ និងអធិបតេយ្យភាពរបស់ប្រទេសពួកគេ។
នៅពេលសួរថាតើអ្នកមានទំនុកចិត្តប៉ុណ្ណាពីសហរដ្ឋអាមេរិកក្នុងនាមជាដៃគូយុទ្ធសាស្រ្ត និងអ្នកផ្តល់សេវាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អ្នកចូលរួមស្ទង់មតិ៤០.១% មានអារម្មណ៍ថាអាមេរិកមិនគួរឱ្យជឿទុកចិត្តទេ ខណៈ៣៤.៩% នៃអ្នកឆ្លើយតបក្នុងតំបន់មើលយល់ឃើញថាសហរដ្ឋអាមេរិកជាដៃគូសន្តិសុខល្អ ដែលភាគរយនេះ មានការថយចុះ ១២.៣ ភាគរយនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។
បើនិយាយពីចិនវិញ ជាងពាក់កណ្តាលនៃអ្នកចូលរួមស្ទង់មតិចំនួន៥០.១% មិនមានទំនុកចិត្តថាចិននឹង «ធ្វើរឿងត្រឹមត្រូវ»រួមចំណែកដល់សន្តិភាព សន្តិសុខ វិបុលភាព និងអភិបាលកិច្ចសកលឡើយ ខណៈមានតែមួយភាគបួនប៉ុណ្ណោះ(២៤.៨%) «ជឿជាក់» ថាចិននឹងរួមចំណែកជាវិជ្ជមាន។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក Wesley Holzer មិនបានឆ្លើយចំៗទៅនឹងសំណួររបស់អ្នកសារព័ត៌មានវីអូអេពាក់ព័ន្ធការជ្រើសរើសមហាអំណាចទាំងពីរទេ ប៉ុន្តែលោកថាសហរដ្ឋអាមេរិក គឺជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងជាប់លាប់សម្រាប់ប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយជាង ៣ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ប្រជាជនកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
លោកបន្ថែមថាជំនួយបរទេសរបស់អាមេរិកឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងគាំទ្រគំរូនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព តម្លាភាព និងបរិយាប័ន្ន។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«ក្នុងចំណោមសូចនាករជាច្រើនទៀត ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសរបស់យើងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការកើនឡើងដ៏ធំនៃប្រជាជនកម្ពុជាដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ដែលបានកើនឡើង ២១% ពីឆ្នាំសិក្សា២០២២ ដល់ឆ្នាំ ២០២៣»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរីបានទទួលស្គាល់សារ:ប្រយោជន៍នៃការស្ទង់មតិរបស់វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ Yusof Ishak នៅពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មានការប្រែប្រួលកាន់តែច្រើនឡើង។
លោកលើកឡើងជាភាសាអង់គ្លេសហើយត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានទស្សនៈថា កម្ពុជាមិនគួរត្រូវបានបង្ខំឱ្យភ្ជាប់ខ្លួនជាមួយនឹងគូប្រកួតប្រជែងណាមួយ ក្នុងចំណោមគូប្រកួតប្រជែងយុទ្ធសាស្ត្រសំខាន់ទាំងពីរនេះ ដែលមានសារៈសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងតំបន់ផងដែរ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក រ៉ឹម សុខវី លើកឡើងថាចិនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងសមាគមអាស៊ានដែលស្ថិតក្នុតំបន់ឥណ្ឌប៉ាស៊ីហ្វិក ព្រោះប្រទេសកុម្មុយនិស្តបានដាក់ទុនលើគម្រោងហេដ្ឋារចនាសម្ពន្ធ និងការវិនិយោគរបស់ចិនជាច្រើនប្រទេសដែលជាសមាជិកអាស៊ាន ដែលផ្ទុយពីសហរដ្ឋអាមេរិក។
លោកថ្លែងថា៖«សហរដ្ឋអាមេរិកផ្តោតតែលើសម្ពន្ធមិត្ត និងប្រទេសដែលខ្លួនចាត់ទុកថាមានសារៈសំខាន់ចំពោះគោលនយោបាយការបរទេសរបស់ខ្លួន។ ផ្ទុយទៅវិញ ប្រទេសចិនតែងតែផ្តល់ជំនួយដល់តំបន់នៅពេលជួបវិបត្តិ ឧទាហរណ៍ក្នុងអំឡុងពេលកូវីដ១៩។ ខ្ញុំគិតថាជំងឺរាតត្បាតគឺជាចំណុចសំខាន់ដែលនាំឱ្យមានការកើនឡើងនៃប្រជាប្រិយភាពរបស់ប្រទេសចិននៅក្នុងតំបន់។ អាមេរិកមិនបង្ហាញការប្តេជ្ញាចិត្តច្រើនចំពោះតំបន់នេះទេ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតប្រទេសចិនប្រចាំនៅកម្ពុជាបានទេតាមសារអ៊ីឡិចត្រូនិកអ៊ីមែល។
សមាគមអាស៊ានមានចំនួនប្រជាជនជាង៦០០លាននាក់ ហើយសមាគមនេះមានដៃគូសន្ទនា និងយុទ្ធសាស្ត្រជាច្រើនរួមមានចិន សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងជប៉ុន។ កាលពីឆ្នាំ២០២២ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន ទំនាក់ទំនងអាស៊ាន និងអាមេរិកបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលក្រោយចិនមួយឆ្នាំ ព្រោះចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ានកាលពីឆ្នាំ២០២១៕