ស្ត្រីរស់នៅបានយូរជាងបុរសនៅទូទាំងពិភពលោក ហើយអ្នកវិទ្យាសាស្ត្របានភ្ជាប់ភាពខុសគ្នានៃជន្មាយុរបស់ភេទទាំងពីរ ទៅនឹងមូលដ្ឋានជីវសាស្រ្តនៃការរស់រានមានជីវិត។ ការសិក្សាថ្មីមួយទៅលើថនិកសត្វព្រៃបានរកឃើញភាពខុសគ្នាគួរឲ្យកត់សម្គាល់នៃអាយុកាលនិងចំណាស់នៃប្រភេទថនិកសត្វផ្សេងៗ។
ក្នុងចំណោមមនុស្ស អាយុកាលរបស់ស្ត្រីជាមធ្យម គឺជិត ៨% យូរជាងអាយុកាលរបស់បុរស។ ប៉ុន្តែ ក្នុងចំណោមថនិកសត្វព្រៃ សត្វញីចំនួន ៦០% នៃប្រភេទសត្វដែលត្រូវបានសិក្សា ជាមធ្យមមានអាយុកាល ១៨,៦% យូរជាងអាយុកាលសត្វឈ្មោល។ សមាមាត្រ គឺខុសគ្នាគួរឲ្យកត់សម្គាល់សម្រាប់ក្រុមថនិកសត្វព្រៃ និងមនុស្ស។
អ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុមដឹកនាំដោយលោក Jean-François Lemaître មកពីសាកលវិទ្យាល័យLyon (លីយ៉ុង) នៅប្រទេសបារាំង បានប្រមូលព័ត៌មានអំពីមរណភាពទាក់ទងនឹងអាយុកាលសម្រាប់ថនិកសត្វព្រៃចំនួន ១៣៤ ក្រុម នៃថនិកសត្វព្រៃចំនួន ១០១ប្រភេទ។
លោក Jean-François Lemaître បានថ្លែងថា៖
«វាជារឿងគួរឲ្យភ្ញាក់ផ្អើលក្នុងការសង្កេតមើលទៅឃើញថា គម្លាតអាយុកាលអាស្រ័យទៅលើយេនឌ័រ ជាញឹកញាប់លើសពីអ្វីដែលគេបានសង្កេតឃើញនៅក្នុងចំណោមមនុស្សទៅទៀត ហើយក្នុងចំណោមប្រភេទសត្វផ្សេងៗវិញរឹតតែមានភាពខុសគ្នាយ៉ាងខ្លាំង»។
លោក Tamas Székelyមកពីសាកលវិទ្យាល័យ Bath ដែលជាសមាជិកម្នាក់នៃក្រុមអ្នកវិទ្យាសាស្រ្តនេះ បាននិយាយថា៖
«ឧទាហរណ៍សត្វតោញីរស់នៅក្នុងព្រៃមានអាយុយ៉ាងតិច ៥០% យូរជាងសត្វតោឈ្មោល»។
លោក Tamas Székely ថ្លែងបន្តទៀតថា៖
«កាលពីមុនយើងគិតថា សត្វតោឈ្មោលអាយុខ្លីជាងសត្វតោញី ដោយសារតែពួកវាប្រយុទ្ធគ្នាដណ្តើមតោញី ក៏ប៉ុន្តែ ការសិក្សារកឃើញថា នោះមិនមែនជាមូលហេតុទេ»។
អ្នកវិទ្យាសាស្ត្របានរកឃើញថា គ្រប់ប្រភេទសត្វ ទោះបីជាសត្វញីរស់នៅបានយូរជាងសត្វឈ្មោលក៏ដោយ ក៏ហានិភ័យនៃការស្លាប់មិនមានការកើនឡើងខ្ពស់នៅក្នុងចំណោមសត្វឈ្មោលជាងសត្វញីទេ។ ដូច្នេះពួកគេនិយាយថា ត្រូវតែមានកត្តាស្មុគស្មាញផ្សេងទៀត ដូចជាស្ថានភាពបរិស្ថានដែលសត្វរស់នៅ និងការលូតលាស់ទៅតាមភេទសត្វ ការរស់រានមានជីវិត និងការបន្តពូជ តាមរយៈប្រវត្តិនៃប្រភេទសត្វទាំងនេះ។
ឧទាហរណ៍អ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា សត្វឈ្មោលដែលដើររកស៊ីចំណី អាចនឹងឆ្លងមេរោគផ្សេងៗ។ ចំណុចនេះត្រូវបានគេកត់សម្គាល់ឃើញនៅក្នុងប្រភេទសត្វចៀមដែលមានស្នែងចំនួនបីក្បាល។
ទំហំនៃគម្លាតអាយុកាល ក៏អាចត្រូវបានកំណត់ដោយស្ថានភាពបរិស្ថានក្នុងមូលដ្ឋានដោយត្រូវជ្រើសរើសរវាងការបន្តពូជ និងការរស់រានមានជីវិត។ ក្នុងចំណោមប្រភេទសត្វខ្លះ សត្វឈ្មោលចំណាយកម្លាំងច្រើននៅក្នុងការប្រកួតប្រជែងផ្នែកផ្លូវភេទ និងការបន្តពូជ ដែលអ្នកវិទ្យាសាស្រ្តនិយាយថា នេះអាចនាំឲ្យមានភាពខុសគ្នាកាន់តែខ្លាំងនៃអាយុកាលធ្វើឲ្យសត្វញីរស់បានកាន់តែ យូរជាងសត្វឈ្មោល។
លោក Tamas Székely ថ្លែងបន្តទៀតថា៖
«ការពន្យល់មួយទៀតដែលអាចយកជាការណ៍បានចំពោះអាយុកាលខុសគ្នាអាស្រ័យទៅលើភេទនោះ គឺការរស់រានមានជីវិតរបស់សត្វញីកើនឡើងនៅពេលសត្វឈ្មោលជួយមើលថែកូនខ្លះ ឬ ទាំងស្រុង។ ការផ្តល់កំណើតនិងការមើលថែកូន គឺជាកិច្ចការដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសត្វញី ដូច្នេះហើយប្រសិនបើទាំងមេទាំងបាសហការណ៍គ្នាដើម្បីចិញ្ចឹមកូនៗរបស់ពួកវានោះ វានឹងអាចជួយដល់សុខភាពរបស់សត្វញី»។
ដើម្បីវាស់វែងពីវិសាលភាពដែលភាពខុសគ្នានៃជីវសាស្ត្ររវាងភេទប៉ះពាល់ដល់អាយុកាលនោះ អ្នកវិទ្យាសាស្ត្រគ្រោងនឹងប្រៀបធៀបទិន្នន័យថនិកសត្វព្រៃជាមួយនិងទិន្នន័យអំពីថនិកសត្វដែលត្រូវបានរក្សាទុកនៅក្នុងសួនសត្វ ដែលពួកវាមិនចាំបាច់ប្រយុទ្ធជាមួយនឹងសត្វសាហាវ ឬ ប្រកួតប្រជែងរកចំណីអាហារ និងសត្វផ្សេងៗទៀត។
អ្នកវិទ្យាសាស្រ្តសង្ឃឹមថា ការរកឃើញនេះ នឹងជួយឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលជះឥទ្ធិពលដល់អាយុកាលរបស់មនុស្ស។ ក្នុងរយៈពេល ២០០ ឆ្នាំកន្លងមកនេះ អាយុកាលជាមធ្យមរបស់មនុស្ស គឺយូរជាងទ្វេដង ដោយសារជីវភាពរស់នៅមានភាពប្រសើរឡើង និងការជឿនលឿនខាងផ្នែកវេជ្ជសាស្ត្រ។ ប៉ុន្តែ ស្ត្រីនៅតែបន្តរស់នៅបានយូរជាងបុរស ដែលនេះហាក់បង្ហាញថាដោយសារតែភាពខុសគ្នាពីជីវសាស្ត្រ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា បុរសអាមេរិកាំងជាមធ្យម នឹងរស់នៅរហូតដល់អាយុ ៧៦ ឆ្នាំ ចំណែកឯស្ត្រីនៅអាមេរិកវិញមានអាយុជាមធ្យម ៨១ ឆ្នាំ។ គេក៏រំពឹងថា ក្នុងពេលវ័យចំណាស់ ស្ត្រីអាចនឹងមានសុខភាពល្អជាងបុរសដែរ។ អ្នកជំនាញបាននិយាយថា គម្លាតនេះគឺ ដោយសារតែភាពខុសគ្នានៃជីវសាស្ត្រ និងសង្គម។
អរម៉ូនតេស្តូស្តេរ៉ូន (testosterone) របស់បុរសទាក់ទងទៅនឹងការថយចុះនៃប្រព័ន្ធការពាររាងកាយរបស់ពួកគេទៅនឹងហានិភ័យនៃជំងឺសរសៃឈាមបេះដូងនៅពេលដែលពួកគេមានអាយុកាន់តែច្រើន។ វាក៏ទាក់ទងទៅនឹងការប្រព្រឹត្តបែបប្រថុយប្រថានផងដែរដូចជា ការជក់បារី ការផឹកស្រា និងទម្លាប់បរិភោគចំណីអាហារមិនល្អជាដើម។ ប្រសិនបើធ្វើរោគវិនិច្ឆ័យហើយ បុរសទំនងជាធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត តិចជាងស្ត្រី។ ស្ថិតិបានបង្ហាញថា បុរសទំនងជាប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត និងអាចស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឬ ការឈ្លោះគ្នាដោយប្រើកាំភ្លើង។
អ្នកនិពន្ធនៃការសិក្សាថ្មីនេះបាននិយាយថា ភាពខុសគ្នារវាងអាយុរបស់បុរស និងស្ត្រី គឺមានស្មុគស្មាញដោយសារតែស្ថានភាពបរិស្ថានជុំវិញ និងជីវសាស្ត្របន្តពូជ។ ពួកគេនិយាយថា ការស្រាវជ្រាវបន្ថែមទំនងជាអាចផ្តល់នូវ «ការយល់ដឹងប្រកបដោយភាពច្នៃប្រឌិតចំពោះឫសគល់នៃការវិវត្តនិងសរីរវិទ្យាដែលជាការបង្ហាញភាពឈានទៅរកវ័យចាស់នៃភេទទាំងពីរ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់