សហគ្រាសបង្កើតថ្មី Startup ឈ្មោះ The Coder Studio ជាក្រុមហ៊ុនដែលទើបមានអាយុ៨ខែនិងបុគ្គលិក៨នាក់ ហើយជាសហគ្រាស startup ដំបូងគេមួយដែលមានមូលដ្ឋាននៅខេត្ត បាត់ដំបង ដែលជាខេត្តកសិកម្ម។ ក្រុមហ៊ុនអ្នកសរសេរកូដនេះផ្តល់សេវាកម្មបង្កើតប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រនិងកម្មវិធីទូរស័ព្ទសម្រាប់អាជីវកម្មនានានៅក្នុងក្រុងបាត់ដំបង។
លោក មៀច សុផានិត អាយុ២៩ឆ្នាំ អ្នកដឹកនាំគម្រោងនៃសហគ្រាស The Coder Studio បានត្រឡប់មកធ្វើការនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតរបស់លោកវិញ ក្រោយពីលោកបានបម្រើការក្នុងវិស័យបច្ចេកវិទ្យានៅរាជធានីភ្នំពេញនិងប្រទេសថៃ។ លោកថ្លែងប្រាប់ VOA ថា លោកសម្រេចចិត្តបង្កើត startup ខាងបច្ចេកវិទ្យានៅខេត្តមួយដែលគេស្គាល់ជាសំខាន់ថាមានសក្កានុពលសេដ្ឋកិច្ចខាងវិស័យកសិកម្មនោះ គឺដោយសារលោកសម្គាល់ឃើញពីសក្តានុពលខាងធនធានមនុស្សរបស់ខេត្តបាត់ដំបង។
អ្នកសរសេរកូដរូបនេះថ្លែងថា៖
«ដោយសារខ្ញុំសម្លឹងឃើងសមត្ថភាពយុវជនយុវតីនៅក្នុងខេត្តបាត់ដំបង ឃើញថាសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់គាត់គឺឃើញថាមានចំណុចមួយដែលគួរឲ្យកត់សម្គាល់។ អីចឹងបានជាខ្ញុំមានគំនិតថា យើងនឹងចាប់ផ្តើមដើម្បីចងក្រងយុវជនដែលមានសមត្ថភាពទាំងអស់ហ្នឹងដើម្បីបង្កើតទៅជា team មួយដើម្បីយើង startup និងផ្តល់សេវាកម្មមួយហ្នឹងឲ្យល្អទៅដល់ប្រជាជននៅក្នុងខេត្តហ្នឹង»។
ចុចស្តាប់បទសម្ភាសន៍ទាំងស្រុង៖
Your browser doesn’t support HTML5
ទោះបីក្រុងបាត់ដំបង ដែលមានប្រជាជនប្រមាណ ១៥០.០០០នាក់ ត្រូវបានគេចាត់ទុកជាទូទៅថា ជាទីក្រុងធំទីពីររបស់ប្រទេសកម្ពុជាក្តី ក៏សេដ្ឋកិច្ចទីក្រុងនេះពឹងផ្អែកជាសំខាន់ទៅលើវិស័យកសិកម្មរបស់ខេត្ត ជាពិសេសដំណាំស្រូវ។
អាជ្ញាធរខេត្តនិងក្រុងបាត់ដំបងថ្លែងប្រាប់ VOA ថា ពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចក្រុងពឹងផ្អែកលើវិស័យបីជាសំខាន់ គឺ កសិកម្ម ទេសចរណ៍ និងសំណង់ ហើយអាជ្ញាធរបន្តផ្តល់អាទិភាពដល់វិស័យទាំងបីនេះ។ អាជ្ញាធរខេត្តក៏មានទិសដៅអភិវឌ្ឍទីក្រុងនេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលខាងការអប់រំមួយនៅភាគពាយ័ព្យប្រទេសកម្ពុជា ថ្វីបើពួកគេមិនបានបញ្ជាក់ថា ការណ៍នេះអាចជួយឲ្យខេត្តនេះក្លាយជាមណ្ឌលនៃបច្ចេកវិទ្យា (technology hub) ឬយ៉ាងណា។
កាលពីឆ្នាំ២០១៦ សិស្សនៅក្នុងខេត្តបាត់ដំបងបានជាប់ជាសិស្សពូកែទូទាំងប្រទេសក្នុងចំនួនច្រើនជាងខេត្តផ្សេងៗ។
លោក មៀច សុផានិត ថ្លែងថា លោកយល់ពីសារៈសំខាន់នៃវិស័យកសិកម្មសម្រាប់ខេត្តនេះ ប៉ុន្តែលោកស្នើថា អាជ្ញាធរខេត្តក៏គួរសម្លឹងមើលយុទ្ធសាស្ត្រក្នុងការបង្កើតឧស្សាហកម្មថ្មីៗ នៃអ្វីដែលគេស្គាល់ថាអនាគតសេដ្ឋកិច្ចឌីជីថល។
លោកពន្យល់ប្រាប់ VOA ថា៖
«ខេត្តបាត់ដំបងគឺជាខេត្តដែលគេទទួលស្គាល់ថាមានសក្តានុពលខាងកសិកម្ម ដូចជាដំណាំស្រូវគឺយើងល្បីល្បាញច្រើន។ ប៉ុន្តែមកដល់ក្នុងសម័យនេះ យើងឃើញថា វិស័យមួយដែលពួកគាត់គួរតែយកចិត្តទុកដាក់គឺវិស័យបច្ចេកវិទ្យា ដែលកំពុងតែសាយភាយជុំវិញពិភពលោក។ ហើយខ្ញុំគិតថា កូនខ្មែរដែលនៅក្នុងខេត្តបាត់ដំបង គឺពួកគាត់មានសមត្ថភាពច្រើន។ ហើយចំណេះដឹងបើប្រៀបធៀបជាមួយប្រទេសផ្សេង ខ្ញុំគិតថាពួកយើងមិនចាញ់គេ។ ប៉ុន្តែពួកយើងត្រូវការមានជំនួយពីខាងពួកគាត់ [រដ្ឋាភិបាល] ទៀត ខ្ញុំគិតថាវិស័យមួយនេះនឹងទៅមុខកាន់តែលឿន»។
សហគ្រិនវ័យក្មេងខាងបច្ចេកវិទ្យារូបនេះថ្លែងថា ថ្វីបើទីតាំងនៅខេត្តបាត់ដំបងធ្វើឲ្យមានការលំបាកក្នុងការទាក់ទាញវិនិយោគពីខាងក្រៅខេត្តក្តី ក៏ទីតាំងនៅតំបន់ជនបទនេះមិនបានរឹតត្បិតការពង្រីកក្រុមហ៊ុន ដោយសារប្រព័ន្ធអ៊ីនធឺណិតអនុញ្ញាតឲ្យគេអាចធ្វើការពីទីណាក៏បាន។
សហគ្រាស The Coder Studio បានចាប់ផ្តើមដំណើរការដោយទទួលទុនពីក្រុមគ្រួសារនិងអ្នកវិនិយោគក្នុងខេត្ត ហើយកំពុងពង្រីកខ្លួនទៅរាជធានីភ្នំពេញនិងខេត្តសៀមរាប និងថែមទាំងមានមហិច្ឆិតាចាប់យកទីផ្សារក្រៅប្រទេសទៀតផង។
ប៉ុន្តែបើទោះបីមានមហិច្ឆិតាធំយ៉ាងនេះក្តី ក៏លោក មៀច សុផានិត ថ្លែងថា សហគ្រាសរបស់លោកនឹងនៅតែផ្តោតជាសំខាន់ទៅលើការប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាក្នុងមូលដ្ឋានខេត្តរបស់លោក។
«ខ្ញុំគិតថាប៉ុន្មានឆ្នាំខាងមុខទៀត ឬក៏អាចឆាប់ៗខាងមុខហ្នឹងទៀត នៅពេលដែលយើងសាយភាយបច្ចេកវិទ្យាទៅដល់ពួកគាត់ ពេលហ្នឹងយើងនឹងអាចងាយស្រួលពន្យល់និងសហការជាមួយពួកគាត់ ដើម្បី combine (បញ្ចូលគ្នានូវ) វិស័យកសិកម្មជាមួយនឹងបច្ចេកវិទ្យា ដើម្បីឲ្យគាត់ទៅមុខកាន់តែលឿន មានន័យថា ប្រើបច្ចេកវិទ្យាដល់កសិកម្មរបស់គាត់។»