ប្រធាន​ព្រឹទ្ធសភា​ សាយ ឈុំ​ ទទួល​បាន​ទីប្រឹក្សា​​៣៨​រូប

អ្នកយាមព្រះរាជវាំងនាំគ្នា​សែង​លោក សាយ ឈុំ សមាជិក​ព្រឹទ្ធសភាព ដើម្បីចូលរួម​ក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅរាជ​ធានី​ភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ២០១១។ (រូបថត៖ AP/ហេង ស៊ីនិត)

ព្រះមហាក្សត្រ​បាន​តែងតាំង​ទីប្រឹក្សា​ចំនួន​៣៨​រូប​សម្រាប់​លោក​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ថ្មី​ដែល​ទើប​ជាប់​ឆ្នោត។

ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្ថលេខា​ដោយ​ព្រះ​មហាក្សត្រ ​នរោត្តម​ សីហមុនី កាល​ពី​ថ្ងៃ​ច័ន្ទ​ឱ្យ​ដឹង​ថា ​មន្ត្រី​ទាំង​៣៨​រូប​មាន​ឋានៈ​ចាប់​ពី​អគ្គនាយក​រហូត​ដល់​ទេសរដ្ឋមន្ត្រី​ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន​លោក​ ឌួង សុជាតិ​ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ដែល​ក្នុង​របាយការណ៍​របស់​អង្គការ​ Global Fund​ បាន​ចោទថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយក្នុង​កម្មវិធី​មុង​សុវត្ថិភាព​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់។​

ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ​នោះ​បាន​នាំ​ឱ្យ​អង្គការ​ Global Fund ​ប្រកាស​ផ្តាច់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ពីរ​ដែល​ផ្គត់​ផ្គង់​មុង​ដល់​កម្ពុជា​បន្ទាប់​ពី​រក​ឃើញ​ថា​ពួកគេ​បាន​សូក​ប៉ាន់​មន្ត្រី​ខ្មែរ​ចំនួន​ពីរ​នាក់​អស់​ទឹកប្រាក់​រាប់​សែន​ដុល្លារ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ។

លោក​ សាយ ឈុំ ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​ក្រោយ​ពី​មរណភាព​របស់​លោក​ជា ស៊ីម ​ដែល​ជា​អ្នក​នយោបាយ​និយម​កណ្តាល​និង​ជា​អតីតប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ សាយ ឈុំ​ ក៏​ទើប​ត្រូវ​បាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​បោះឆ្នោត​ជ្រើស​រើស​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ដ៏​យូរ​មួយ​នេះ៕