សហរដ្ឋ​អាមេរិក​ចេញ​បញ្ញត្តិ​ថ្មី​សម្រាប់​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​នេះ

នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​ការ​មក​ដល់​របស់​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​នៅ​ព្រលាន​យន្តហោះ Seattle-Tacoma ដែល​ត្រូវ​បាន​គេ​ថត​បាន​កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ស.រ.អា.​គ្រោង​នឹង​អនុវត្ត​បទ​បញ្ញត្តិ​ថ្មីៗ​ដែល​តម្រូវ​ដល់ពួក​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការមក​ពី​ប្រទេស៦​មាន​អ្នក​ស្រុក​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ឱ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមាជិក​ម្នាក់​នៃ​គ្រួសារ​ ឬ​ត្រូវ​មាន​ជំនួញ​នៅ​ក្នុង​ស.រ.អា.​ដើម្បី​អាច​អនុញ្ញាត​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​បាន។​

ទូរលេខ​មួយ​របស់​ក្រសួង​ការបរទេស​ស.រ.អា.​ដែល​ទី​ភ្នាក់ងារ​ព័ត៌មាន Associated Press និង Reuters បាន​ឃើញ​កាល​ពី​យប់ថ្ងៃ​ពុធ​ ក៏ប៉ុន្តែ​មិន​បានត្រូវ​ផ្សាយ​ជា​សាធារណៈ ផ្តល់​ចំណុច​សំខាន់ៗ​ថា​តើ​ពួក​មន្ត្រី​ស្ថាន​កុងស៊ុល​គួរ​ចាត់ការ​បែប​ណាជា​មួយ​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​សម្រាប់​មនុស្ស​មក​ពី​ប្រទេស​អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ីរី​ និង​ប្រទេស​យេម៉ែន។​

ទំនាក់ទំនង​គ្រួសារ​ជិតស្និទ្ធ​ដែល​អាច​ទទួល​យក​បាន​មាន​រួម​បញ្ចូល​ឪពុក ម្តាយ គូស្រករ កូន កូន​ប្រុស​ ឬ​កូនស្រី​ពេញ​វ័យ កូន​ប្រសារ​ប្រុស កូន​ប្រសារ​ស្រី ឬ​ញាតិ​សន្តាន​ដែល​ស្ថិត​នៅ​ក្នុង​ស.រ.អា.​រួច​ហើយ។​

ទំនាក់ទំនង​ដែល​មិន​អាច​ទទួល​យក​បាន​តាម​ការ​តម្រូវ​នេះ​មាន​រួម​បញ្ចូល​ជីតា ជីដូន មីង ឪពុក​មា ក្មួយ​ស្រី ក្មួយ​ប្រុស បងប្អូន​ជីដូន​មួយ បង​ថ្លៃ​ប្រុស ប្អូន​ថ្លៃ​ប្រុស បង​ថ្លៃ​ស្រី​ ប្អូន​ថ្លៃ​ស្រី សង្សារ​ ឬ​ញាតិ​សន្តាន​ឆ្ងាយៗ។​

ការ​ទាក់ទង​ខាង​ជំនួញ​ត្រូវ​តែ «ជា​ផ្លូវការ​ និង​មាន​ឯកសារ​ត្រឹមត្រូវ» ហើយ​មិនមែន​ត្រូវ​បង្កើត​ឡើង​ក្នុង​គោលបំណង​បញ្ចៀស​ការ​ហាមប្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​នេះ​ទេ។ ទូរលេខ​នេះ​បាន​និយាយ​ថា​អ្វីៗ​ដូចជា​ការ​កក់ប្រាក់​បន្ទប់​សណ្ឋាគារ​ជា​ដើម​ជា​ការ​មិន​ត្រឹម​ត្រូវ​តាម​ការ​តម្រូវ​នេះ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press បាន​និយាយ​ថា​បទ​បញ្ញត្តិ​ថ្មីៗ​ទាំងនេះ​មាន​កំណត់​នឹង​ចូល​ជា​ធរមាន​នៅ​ម៉ោង​៨យប់ ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​ពេលវេលា​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន៕