ប្រទេសកម្ពុជាក្រៅពីមានការរឹតបន្តឹងសេរីភាពសារព័ត៌មានដែលបានកើនដល់កម្រិតតានតឹងចាប់ពីឆ្នាំ២០១៧មក ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍នេះក៏មានគន្លាតរវាងអ្នករាយការណ៍ព័ត៌មានជាស្ត្រី និងបុរស និងការរំលោភបំពានខាងផ្លូវភេទលើស្ត្រីនៅក្នុងវិស័យសារព័ត៌មាន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយបណ្តាញបណ្តុះបណ្តាលព័ត៌មានអាស៊ីអាគ្នេយ៍នៃអង្គការ Fojo និងតាមការបញ្ជាក់របស់អ្នកឃ្លាំមើលស្ថានភាពសារព័ត៌មាននៅប្រទេសកម្ពុជា។
របាយការណ៍ស្តីពីស្ត្រី និងវិស័យសារព័ត៌មាននៅកម្ពុជា ដែលត្រូវបានគេចែកចាយនៅក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មាននាដើមខែឧសភា នៅរាជធានីភ្នំពេញ បានពណ៌នាដោយសង្ខេបអំពីការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយ ដោយលើកឡើងថា ទោះបីជាមានសេរីភាពក្នុងការរិះគន់ ក៏ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាត្រូវបានបែកខ្ញែក ខណៈសារព័ត៌មានដែលរិះគន់រដ្ឋាភិបាលបានរងសម្ពាធយ៉ាងខ្លាំងក្លា។
នៅមុនការឈានមកដល់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨ សម្ពាធនេះបានឈានមកដល់ចំណុចមួយថ្មីទៀត ពោលគឺកាសែតជាភាសាអង់គ្លេស The Cambodia Daily ត្រូវបង្ខំឲ្យបិទ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា កាសែតនេះមិនបានបង់ពន្ធចំនួនជាង៦លានដុល្លារសហរដ្ឋអាមេរិក ហើយកាសែតនេះបានច្រានចោលការចោទប្រកាន់នេះ។ ស្ថានីយវិទ្យុឯកជនចំនួន១៩ ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុវីអូអេ អាស៊ីសេរី និងវីអូឌី ត្រូវបានបញ្ជាឲ្យបិទដោយលើកហេតុផលថា មិនបានផ្តល់ដំណឹងដល់ក្រសួងព័ត៌មានអំពីការលក់ម៉ោងផ្សាយ និងអំពីថ្លៃឈ្នួលម៉ោងផ្សាយ។ នេះបើយោងតាមរបាយការណ៍របស់បណ្តាញបណ្តុះបណ្តាលព័ត៌មានអាស៊ីអាគ្នេយ៍នៃអង្គការ Fojo។
របាយការណ៍រៀបរាប់ទៀតថា ស្របគ្នានេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលផ្តល់ជំនួយដោយសហរដ្ឋអាមេរិកក៏ត្រូវបង្ខំបិទដំណើរការ ហើយបុគ្គលិកបរទេសរបស់អង្គការនេះត្រូវបានបញ្ជាឲ្យចាកចេញពីកម្ពុជា«ក្រោមបទចោទប្រកាន់ពីការពាក់ព័ន្ធរឿងរួមគំនិតផ្តួលរំលំរដ្ឋាភិបាល»។
សម្ពាធលើវិស័យសារព័ត៌មាន ជាពិសេសស្ថាប័នព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាលគឺជារឿងមួយ តែសម្ពាធលើស្រ្តីក្នុងវិស័យសារព័ត៌មានក៏ជារឿងមួយដែលអ្នកជំនាញខាងសារព័ត៌មានមិនបានមើលរំលងនោះឡើយ។ សម្ពាធទាំងនោះ រួមមានបញ្ហាគ្រួសារ និងកាយវិការបៀតបៀនខាងផ្លូវភេទនៅកន្លែងធ្វើការ។
របាយការណ៍ស្តីពីស្ត្រី និងវិស័យសារព័ត៌មាននៅកម្ពុជារបស់បណ្តាញបណ្តុះបណ្តាលព័ត៌មានអាស៊ីអាគ្នេយ៍នៃអង្គការ Fojo បានបង្ហាញពីគំហើញនៃសម្ពាធមកលើស្ត្រីក្នុងវិស័យសារព័ត៌មាននេះ តាមរយៈពេលកិច្ចពិភាក្សាជាក្រុម។
របាយការណ៍នោះត្រូវបានសរសេរក្នុងន័យដើមថា៖
«ក្រុមកិច្ចពិភាក្សា ជារឿយៗលើកឡើងថា សម្ពាធពីក្រុមគ្រួសារគឺជាផ្នែកមួយដែលខ្លួនប្រឈមបន្ថែមពីលើការគំរាមកំហែង និងហានិភ័យផ្សេងៗ»។
របាយការណ៍នោះបានបន្តថា ខណៈពេលដែលបុរសទាំងអស់បាននិយាយថា គាត់បានទទួលការគាំទ្រពីក្រុមគ្រួសារនោះ ស្រ្តីជាច្រើនបាននិយាយថា ក្រុមគ្រួសាររបស់គាត់បានជំរុញឲ្យពួកគាត់បោះបង់ ឬកាត់បន្ថយការងាររបស់គាត់ ឬក៏រកការងារណាដែលមិនសូវប្រឈមមុខនឹងហានិភ័យ។ ទោះជាយ៉ាងនេះក្តីមិនមែនស្រ្តីទាំងអស់សុទ្ធតែស្ថិតក្នុងស្ថានភាពដូចគ្នាទាំងអស់នោះទេ។ អ្នកសារព័ត៌មានជាស្រ្តីមួយចំនួនបាននិយាយថា ឪពុករបស់គាត់គាំទ្រគាត់ពេញទំហឹង ហើយអ្នកផ្សេងទៀតប្រាប់ថា ក្រុមគ្រួសាររបស់គាត់បានផ្លាស់ប្តូរឥរិយាបថមកគាំទ្រគាត់វិញ បន្ទាប់ពីមើលឃើញសារៈសំខាន់នៃការងាររបស់គាត់។
ទំនាស់គ្រួសារ និងការរើសអើងខាងនយោបាយបានកើតឡើងទៅលើស្ត្រីមួយចំនួនដែលបានផ្តល់សេវាសាធារណៈតាមវិស័យសារព័ត៌មាន។
របាយការណ៍នោះសរសេរតាមន័យដើមថា៖
«អ្នកចូលរួមពីរនាក់បាននិយាយថា ស្វាមីរបស់គាត់ចង់ដាក់ពាក្យសុំលែងលះគាត់ដោយសារតែភាពមមាញឹកក្នុងការងាររបស់គាត់។ អ្នកចូលរួមម្នាក់ទៀតបានប្រាប់ថា គាត់ត្រូវបានក្រុមគ្រួសាររបស់គាត់ដែលជិតស្និទ្ធនឹងគណបក្សកាន់អំណាចបណ្តេញចេញពីផ្ទះ ចាប់តាំងពីពេលដែលគាត់ធ្វើការនៅស្ថាប័នសារព័ត៌មានឯករាជ្យមួយ ដោយចោទថា គាត់ធ្វើការឲ្យស្ថាប័នដែលគាំទ្រគណបក្សប្រឆាំង»។
អ្នកចូលរួមជាច្រើនដែលបានទទួលរបាយការណ៍ថ្មីនេះបាននិយាយថា ការប្រើប្រាស់ភាសាចំអកឡកលើយអំពីបញ្ហាផ្លូវភេទ ដែលអាចរាប់ថា ជាការបៀតបៀនផ្លូវភេទជាសម្ពាធមួយផ្សេងទៀតទៅលើស្ត្រី។ ពួកគេនិយាយថា ទង្វើអសីលធម៌ទាំងនេះនៅបន្តកើតមានទៅលើស្ត្រី នៅកន្លែងធ្វើការ ទាំងនៅអង្គភាពសារព័ត៌មាន ឬអង្គភាពធ្វើការក្នុងវិស័យផ្សេងទៀត។
អ្នកស្រីធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការ SILAKA បានថ្លែងប្រាប់អ្នកចូលរួមការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៨ថា ស្ទើរតែ៨៥ភាគរយនៃការនិយាយលែងសើចរបស់បុរសចំពោះស្រ្តី គឺសំដៅទៅលើបញ្ហាផ្លូវភេទ។ អ្នកស្រីថា ការណ៍នេះមិនមែនកើតឡើងតែក្នុងចំណោមសាមញ្ញជនធម្មតាទេ តែវាក៏បានកើតឡើងនៅក្នុងចំណោមថ្នាក់ដឹកនាំផងដែរ។
អ្នកស្រីថ្លែងថា៖
«នេះគឺជារឿងមួយដែលជាបញ្ហាដ៏ធំនៅក្នុងសង្គមរបស់យើង។ ខ្ញុំសង្កេតឃើញមិនមែនគ្រាន់តែនៅក្នុងសង្គមធម្មតាទេ តាំងតែពីថ្នាក់ដឹកនាំក៏មានចេញសំឡេង ចេញអីចឹងដែរ ដោយសារនៅក្នុងសង្គមយើងពុំទាន់យល់អំពីថា អ្វីទៅហៅថា sexual harassment [ការបៀតបៀនផ្លូវភេទ]។ ហើយយើងក៏អត់មានច្បាប់ដែលដាក់នៅក្នុង ដែលដាក់កំណត់ទៅលើរឿង sexual harassment ហើយរឿងនេះកាន់តែមានសម្ពាធខ្លាំងឡើងទៅលើស្រ្តី ដែលធ្វើការងារនៅផ្នែកសារព័ត៌មាន»។
អ្នកស្រីបានបញ្ជាក់បន្ថែមថា គឺរឿងរ៉ាវទាំងនេះហើយដែលបានញំាងឲ្យឪពុកម្តាយជាច្រើនស្ទាក់ស្ទើរចិត្តក្នុងការអនុញ្ញាតឲ្យកូនស្រីខ្លួនមកបំពេញការងារ។
«នេះគឺជាបញ្ហាមួយធំ ប៉ុន្តែខ្ញុំសូមនិយាយថា យើងមានការរីកចម្រើន។ យើងមានស្ត្រីក្មេងៗរបស់យើងច្រើនដែលធ្វើឲ្យយើងមានមោទនភាព ក៏ប៉ុន្តែយើងក៏ត្រូវការកែតម្រូវច្រើនទៅនឹងរបៀបគិត របៀបលេងសើចរបស់យើងឲ្យក្រៅ ក្រៅឲ្យខុសអំពីការណ៍ដែលបៀតបៀនផ្លូវភេទ ដែលធ្វើឲ្យស្រ្តីមានការអៀនខ្មាស។ ហើយយើងត្រូវការគោរពគ្នាទៅវិញទៅមក នៅក្នុងវិជ្ជាជីវៈអស់នេះ»។
ការស្រាវជ្រាវរបស់បណ្តាញបណ្តុះបណ្តាលព័ត៌មានអាស៊ីអាគ្នេយ៍នៃអង្គការ Fojo បានរកឃើញថា មានស្ត្រីតែបួននាក់ និងបុរសពីរនាក់ដែលចូលរួមការស្ទង់មតិ បាននិយាយថា គា ត់ធ្លាប់ត្រូវបានគេបៀតបៀនផ្លូវភេទក្នុងពេលបំពេញការងារ។ ទោះជាយ៉ាងនេះក៏ដោយ ក្រុមពិភាក្សាជាស្ត្រីបានលើកឡើងនូវទិន្នន័យជាច្រើនទាក់ទងទៅនឹងការបៀតបៀនភេទជាច្រើនករណី រួមទាំងការនិយាយស្តីមិនសមរម្យ បញ្ឆិតបញ្ឆៀង ត្រូវថ្នាក់លើប៉ះពាល់ ឬស្ទាបអង្អែល ត្រូវចៅហ្វាយនាយញ៉ែតាមទូរសព្ទ និង២ករណីទៀតគឺបុគ្គលិកបុរសមើលរឿងអាសអាភាសនៅក្នុងការិយាល័យ។
របាយការណ៍របស់បណ្តាញបណ្តុះបណ្តាលព័ត៌មានអាស៊ីអាគ្នេយ៍នៃអង្គការ Fojo ត្រូវបានសរសេរតាមន័យដើមថា៖
«អត្រានៃករណីបៀតបៀនផ្លូវភេទនៅក្នុងការិយាល័យមានកម្រិតខ្ពស់ជាងនៅប្រទេសវៀតណាម។ នៅមានករណីបៀតបៀនផ្លូវភេទក្នុងពេលបំពេញការងារនៅក្រៅការិយាល័យ រួមមានទាំងចេតនារៀបចំជួបសម្ភាសក្រៅម៉ោងធ្វើការ និងត្រូវមន្ត្រីជាន់ខ្ពស់បន្លំប៉ះពាល់ខ្លួនប្រាណ។ អ្នកសារព័ត៌មានស្ត្រីវ័យក្មេងមួយចំនួននិយាយថា បុរសជាច្រើនមិនហ៊ានរំខានគាត់ទេ ដោយសារគាត់ត្រូវបានគេចាត់ទុកថា ជាស្ត្រីខ្លាំង»។
លោក ណុប វី នាយកស្តីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងថា ស្ថាប័នរបស់លោកបានរៀបចំឲ្យមានគោលនយោបាយស្តីពីយេនឌ័រ និងបានបញ្ជ្រាបចំណុចរសើបនានាដែលកើតមានក្នុងបញ្ហាយេនឌ័រទៅក្នុងក្រមសីលធម៌ សម្រាប់អ្នកសារព័ត៌មានក្នុងស្ថាប័នលោក និងអ្នកកាសែតឯទៀត អនុវត្តតាមនៅកន្លែងធ្វើការរបស់ពួកគេ។ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយរូបនេះបានថ្លែងបន្តថា ចំនួនស្រ្តីដែលចូលរួមក្នុងវិស័យសារព័ត៌មានគឺនៅមានចំនួនតិចនៅឡើយ ដូចអ្វីដែលបណ្តាញបណ្តុះបណ្តាលព័ត៌មានអាស៊ីអាគ្នេយ៍នៃអង្គការ Fojo បានរកឃើញ។
ចំពោះលោក បញ្ហានិទណ្ឌភាពចំពោះជនដែលវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយជារនាំងមួយ ដែលបានទាញស្រ្តីឲ្យឃ្លាតឆ្ងាយពីអាជីពអ្នកសារព័ត៌មានបន្ថែមលើបញ្ហានៃសុវត្ថិភាពនៅកន្លែងធ្វើការ ក៏ដូចជាទីតាំងនៃការប្រមូលព័ត៌មាន។
«ការបញ្ចប់វប្បធម៌និទណ្ឌភាពតាមរយៈការចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ចំពោះការធ្វើទុក្ខបុកម្នេញទៅលើអ្នកធ្វើការក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ គឺជាជំហានថ្មីមួយនៃការលើកទឹកចិត្តច្រើនឡើងថែមទៀត នៅក្នុងការផ្តល់ឱកាស ឬមួយក៏អនុញ្ញាតឲ្យស្រ្តីកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើង នៅក្នុងការធ្វើការខាងផ្នែកវិស័យសារព័ត៌មាន ជាពិសេសធ្វើការនៅក្នុងស្ថាប័នព័ត៌មានឯករាជ្យ»។
របាយការណ៍របស់បណ្តាញបណ្តុះបណ្តាលព័ត៌មានអាស៊ីអាគ្នេយ៍នៃអង្គការ Fojo បានបញ្ជាក់ឲ្យដឹងថា ចំនួនបុរសមានច្រើនលើសលប់ជាងស្ត្រីធ្វើការក្នុងវិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។ ទោះបីការស្ទាបស្ទង់មតិត្រូវបានចែកចាយ និងគ្របដណ្តប់តែជាង១០ភាគរយនៃកម្លាំងការងារសរុបក៏ដោយ ក៏ការស្ទាបស្ទង់មតិនេះមានចំនួនបុរសស្ទើរតែពីរដងនៃចំនួនស្ត្រីបានឆ្លើយតប។ ភាគច្រើន (៥២,៣៨ភាគរយ)នៃអ្នកឆ្លើយតបជាបុរសបានប៉ាន់ស្មានថា មានស្ត្រីតែប្រមាណ២៥ភាគរយ ឬក៏តិចជាងនេះ នៅក្នុងវិស័យការងាររបស់ខ្លួន ហើយជាង៤៨ភាគរយនៃស្ត្រីឆ្លើយដូចគ្នា។ មានតែ១៩ភាគរយនៃបុរស និងជាង១៤ភាគរយនៃស្ត្រីដែលបាននិយាយថា ជាងពាក់កណ្តាលនៃមិត្តរួមការងាររបស់ពួកគេជាស្ត្រី៕