ការសិក្សាថ្មីមួយ បានបង្ហាញថា កម្រិតទឹកសមុទ្រ នឹងកើនឡើងខ្ពស់ជាងអ្វីដែលបានគេជឿជាក់ជាងកាលពីពេលមុននៅចុងសតវត្សរ៍នេះ បណ្តាលមកពីការរលាយទឹកកកដ៏ឆាប់រហ័សពីសមុទ្រទឹកកកអង់តាកទិក។
ដោយប្រើប្រាស់កុំព្យូទ័រទំនើប លោក Rob deConto និងលោក David Pollard ជាអ្នកស្រាវជ្រាវជាតិអាមេរិកាំង បានរកឃើញថា អត្រានៃការបញ្ចេញឧស្ម័នកខ្វក់ផ្ទះកញ្ចក់នៅពេលបច្ចុប្បន្ននេះ មហាសមុទ្ររបស់ពិភពលោក នឹងមានកម្រិតឡើងជិត២ម៉ែត្រនៅឆ្នាំ២១០០ ហើយរហូតដល់១៥ម៉ែត្រនៅឆ្នាំ២៥០០។
តែផ្ទុយទៅវិញ របាយការណ៍នៅពេលថ្មីៗនេះមកពីគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរអាកាសធាតុរបស់អង្គការសហប្រជាជាតិបានទស្សន៍ទាយថា កម្រិតទឹកសមុទ្រ នឹងឡើងមិនដល់កម្ពស់មួយម៉ែត្រនៅឆ្នាំ២១០០ ជាពិសេសមកពីសមុទ្រទឹកក្តៅ ការរលាយផ្ទាំងទឹកកកហើយនិងទឹកកកតំបន់ Greenland។ ប្រសិនបើការទស្សន៍ទាយរបស់លោក DeConto និងលោក David ដែលបានចេញផ្សាយកាលពីថ្ងៃពុធនៅក្នុងទស្សនាវដ្តី Nature ត្រូវនោះ តំបន់ជាច្រើននៅតាមឆ្នេរសមុទ្រដូចជា រដ្ឋ Florida និងទីក្រុង New Orleans សហរដ្ឋអាមេរិក និងទីក្រុងសៀងហៃ ហើយនិងប្រទេសបង់ក្លាដែស អាចទទួលរងការគំរាមកំហែងដ៏ធ្ងន់ធ្ងរដោយការឡើងកម្រិតទឹកសមុទ្រនេះ។
អ្នកស្រាវជ្រាវទាំង២នាក់នេះ បានសិក្សាពីរយៈពេលនៃការឡើងកំដៅផែនដីពីដំបូង ដែលមានកាលពី៣លានឆ្នាំមុនហើយនិងកាលពី១សែន២ម៉ឺន៥ពាន់ឆ្នាំមុន ដើម្បីរកមើលថាតើការរលាយទឹកកកនៅទ្វីបខាងត្បូងកើតឡើងដោយយ៉ាងដូចម្តេចហើយនិងកើតឡើងនៅពេលណា។ អ្នកស្រាវជ្រាវទាំង២នាក់ បានរកឃើញថា ផ្ទាំងទឹកកកធំៗ អាចមិនមានស្ថេរភាពដោយសារទឹកក្តៅដែលមាននៅពីលើស្រទាប់ទឹកកកនៃមហាសមុទ្រអាកទិកដែលបណ្តាលឲ្យផ្ទាំងទឹកកកនោះបាក់ និងរលំចំណោតទឹកកកធំៗដែលបណ្តាលឲ្យកម្រិតទឹកសមុទ្រឡើងយ៉ាងខ្លាំង៕