មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយរកឃើញថាស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជននៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣នេះ។
របាយការណ៍ដែលសិក្សារយៈពេល១ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ត្រូវបានចងក្រងឡើងតាមរយៈធ្វើសម្ភាសអ្នកសារព័ត៌មានចំនួន៨នាក់ អ្នកការពារសិទ្ធិមនុស្ស៦នាក់ និងតាមការប្រមូលតាមរយៈការតាមដានប្រព័ន្ធផ្សព្វផ្សាយប្រចាំថ្ងៃ និងការរាយការណ៍អំពីហេតុការណ៍របស់អ្នកឃ្លាំមើលសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ការធ្វើវិសោធនកម្មច្បាប់និងការវិវត្តផ្នែកនីតិបញ្ញតិ្តនៅកម្ពុជា ជាពិសេសនៅមុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានមើលឃើញថាជាការរឹតត្បិតបន្ថែមទៀតលើសេរីភាពបញ្ចេញមតិ ដែលផ្ទុយពីកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា។ របាយការណ៍បញ្ជាក់ថាច្បាប់ដែលមានលក្ខណៈរឹតត្បិតត្រូវបានប្រើប្រាស់ជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ជាច្រើនទៀត ដើម្បីបង្ក្រាបលើសេរីភាពបញ្ចេញមតិនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំណែកការបំភិតបំភ័យ ការឃ្លាំមើល ការគំរាមកំហែង ឬការយាយីតាមប្រព័ន្ធតុលាការ ក៏ត្រូវបានប្រើប្រាស់ជាប្រចាំផងដែរ ដើម្បីកំណត់មុខសញ្ញាអ្នកដែលហ៊ានបញ្ចេញមតិ រួមមានអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស គឺជាគោលដៅចម្បងរបស់រដ្ឋាភិបាលជំទាស់នឹងសំឡេងរិះគន់។ នេះបើតាមរបាយការណ៍។
របាយការណ៍ដដែលបញ្ជាក់ក្នុងន័យដើមថា៖ «ចាប់តាំងពីឆ្នាំ២០១៧មក ស្ថានភាពសិទ្ធិមនុស្សបានបន្តធ្លាក់ចុះ ហើយសិទ្ធិពលរដ្ឋកាន់តែរួមតូចជាមួយនឹងការដៅមុខសញ្ញារបស់រដ្ឋាភិបាលចំពោះអ្នកដែលហ៊ានបញ្ចេញទស្សនៈ និងគំនិតផ្ទុយពីថ្នាក់ដឹកនាំកម្ពុជា រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកការពារសិទ្ធិមនុស្ស»។
ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍នេះ លោក ហួច ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថាស្ថានភាពនៃសេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាគឺនៅតែបន្តស្ថិតក្រោមការរឹតត្បិត ហើយអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍អំពីបញ្ហារសើបតែងតែជួបនូវបញ្ហាជាច្រើនទាក់ទងនឹងផ្លូវច្បាប់។
លោកថ្លែងថា៖ «ប៉ុន្តែក្នុងហ្នឹងយើងឃើញថារវាងឆ្នាំ២០២២-២០២៣គឺថាប្រព័ន្ធផ្សព្វផ្សាយមានលក្ខណៈរួមតូចចង្អៀត ពិបាកក្នុងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មានរបស់ខ្លួន ទាំងអស់យើងយោងទៅតាមអ្នករាយការណ៍ពិសេសទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សកម្ពុជាដែលបានលើកឡើង។ […] ហើយអ្នកសារព័ត៌មានដែលធ្វើទាក់ទងនឹងប្រធានបទរសើបមួយចំនួន គាត់រងនឹងផលជះវិញដូចជារងនូវការបណ្តឹង រងនូវការយាយី ការបំភិតបំភ័យ និងបង្កអំពើហិង្សាទៅអ្នកសារព័ត៌មានដែលរាយការណ៍។ ហើយមួយចុងក្រោយ គឺទាក់ទងជាមួយនឹងការរើសអើងដែលផ្អែកទៅលើយេនឌ័រដែលអ្នកសារព័ត៌មានគាត់បានជួបប្រទះដែរជាពិសេសអ្នកសារព័ត៌មានជាស្រ្តី»។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល លើកឡើងក្នុងកម្មវិធីនោះដែរថារបាយការណ៍ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចងក្រងនេះ វាមានលក្ខណៈជាកំណត់ត្រាពីករណីដែលបានកើតឡើងទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សតែប៉ុណ្ណោះ ហើយធ្វើការសន្និដ្ឋានទៅលើស្ថានភាពសិទ្ធិសេរីភាពនៅក្នុងប្រទេស។ លោកបន្ថែមទៀតថាការធ្វើរបាយការណ៍ណាមួយគួរមានភាពស្មើគ្នា ដោយរួមបញ្ចូលទាំងចំណុលល្អ និងអាក្រក់ ដើម្បីស្វែងរកចំណុចកណ្តាលមួយ។
លោកថ្លែងថា៖ «ខ្ញុំមិនថាខុសថាត្រូវទេ ប៉ុន្តែខ្ញុំគ្រាន់តែទាញការចាប់អារម្មណ៍ថារបាយការណ៍ ហើយនិងកំណត់ត្រា អ៊ីចឹងបើយើងគ្រាន់តែកត់ករណីរួចហើយយើងធ្វើសេចក្តីសន្និដ្ឋានជារួម គឺថាវាមានសុក្រឹតភាពប៉ុនណាអំពីស្ថានភាពនៅក្នុងប្រទេសយើង អំពីសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាននេះ។ ខ្ញុំគ្រាន់តែទាញការចាប់អារម្មណ៍ក្នុងនាមសុទ្ធតែជាបញ្ញវន្តអ្នកសិក្សាស្រាវជ្រាវ យើងដឹងហើយអ្វីក៏ដោយដែលយើងធ្វើការសន្និដ្ឋានត្រូវតែមានBalance [តុល្យភាព] មានចំណុចល្អចំណុចអាក្រក់យើងបញ្ចូលគ្នាយើងរកចំណុចកណ្តាលមួយ»។
លោកបន្តថាមនុស្សម្នាក់ៗគឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាសិទ្ធិមនុស្សជាសកល ប៉ុន្តែការបញ្ចេញមតិណាមួយត្រូវធានាថាមិនប៉ះពាល់ដល់អ្នកដទៃ និងសង្គមជាតិឡើយ។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានយើងទាមទារឱ្យបងប្អូនទាំងអស់ចូលរួមទាំងអស់គ្នា ហើយកុំទៅមូលដ្ឋានស្រាប់តែប្រជាពលរដ្ឋថាសេរីភាពបញ្ចេញមតិអ្នកឯងមានសេរីភាពបញ្ចេញមតិការពារដោយរដ្ឋធម្មនុញ្ញ ការពារច្បាប់សិទ្ធិមនុស្សអន្តរជាតិ ប៉ុន្តែអត់បានប្រាប់គាត់ថាសេរីភាពទាំងអស់នោះវាមានព្រំដែនដែរ»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថារបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះបរាជ័យក្នុងការឆ្លុះបញ្ចាំងពីការពិតរបស់កម្ពុជា ខណៈប្រជាពលរដ្ឋខ្មែរទូទៅបានដឹងច្បាស់ថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រើប្រាស់នូវមធ្យោបាយដ៏សំបូរបែបដើម្បីទទួលបាននូវព័ត៌មាន និងសម្រាប់ការបញ្ចេញមតិបានយ៉ាងទូលំទូលាយ។
លោកថ្លែងថា៖ «សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិនិងទទួលបានព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មានដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា»។
ទោះជាយ៉ាងណាអ្នកស្រី ផាវ ញ៉ើង សកម្មជនដីធ្លីមកពីខេត្តកោះកុង ថ្លែងនៅក្នុងកម្មវិធីនោះថាក្នុងនាមជាស្រ្តីមេម៉ាយដែលមានកូនចំនួន៧នាក់ក្នុងបន្ទុក អ្នកស្រីត្រូវបានតុលាការឃុំខ្លួន ដោយចោទពីបទញោះញង់ និងបទបរិហាកេរ្តិ៍នៅក្នុងសំណុំរឿងដីធ្លីរបស់អ្នកស្រី។
អ្នកស្រីថ្លែងថា៖«អ្វីមួយដែលជារឿងដែលយើងសោកស្តាយថាប្រទេសយើងមានច្បាប់ ប្រទេសយើងប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ប្រទេសយើងអះអាងថាជានីតិរដ្ឋ ប៉ុន្តែការគោរពសិទ្ធមនុស្ស ការឱ្យតម្លៃទៅប្រជាពលរដ្ឋ ខ្លួនជាធំ ច្បាប់ជាធំនោះនៅកន្លែងណា ខ្ញុំអត់សូវយល់កន្លែងហ្នឹង»។
ចំណែកអ្នកស្រី ភ្លឹក ភារម្យ ជនជាតិដើមភាគតិចព្នងមកពីខេត្តមណ្ឌលគិរី ដែលចូលរួមក្នុងកម្មវិធីនេះដែរ និយាយថាជនជាតិដើមភាគតិចទទួលបានព័ត៌មានតិចតួច ហើយបញ្ហាដែលសហគមន៍ជនជាតិដើមភាគតិចជួបប្រទះមានច្រើនទាក់ទងនឹងសិទ្ធិក្នុងការបញ្ចេញមតិ។
អ្នកស្រីថ្លែងថា៖ «បើយើងគិតពីបញ្ហា ជនជាតិដើមភាគតិចពួកយើង និយាយទៅគឺមានបញ្ហាច្រើនមែនទែននៅក្នុងភូមិ នៅក្នុងខេត្តរបស់យើងទាំងមូលប៉ុន្តែយើងអត់សូវហ៊ានបញ្ចេញមតិ ជាពិសេសទាក់ទងជាមួយភាសារបស់យើង។ ដូចមួយទៀតចាស់ៗតែងតែប្រាប់យើងថាកូនឯងកុំនិយាយណាប្រយ័ត្នជញ្ជាំងមានត្រចៀកណា។ តាំងពីសម័យប៉ុលពតដល់ឥឡូវនៅតែមានរឿងហ្នឹង»។
បើតាមរបាយការណ៍នោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ដោយស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលច្បាប់ដែលធ្វើឱ្យប៉ះពាល់សេរីភាពខាងការបញ្ចេញមតិទាំងអស់ ដើម្បីកែសម្រួលឱ្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ បញ្ចូលធាតុចូលពីភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បញ្ឈប់រាល់ការយាយីតាមប្រព័ន្ធតុលាការលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយពហុនិយម និងចម្រុះបែបជាដើម៕