នៅក្នុងរបាយការណ៍ថ្មីមួយ អង្គការការពារសិទ្ធិមនុស្សលីកាដូលើកឡើងថា ការបញ្ចាំខ្លួនដោះបំណុល និងការរំលោភពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ វិស័យឧស្សាហកម្ម និងអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរីករាលដាល។ អង្គការនេះលើកឡើងថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ត្រួតពិនិត្យ និងអនុញ្ញាតឱ្យអំពើរំលោភបំពានលើសិទ្ធិមនុស្សនៅតែកើតមានជាបន្តបន្ទាប់។
របាយការណ៍របស់អង្គការលីកាដូដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានចំណងជើងថា «ចំណងក្នុងឡឥដ្ឋ៖ «ឱកាសដើម្បីបញ្ចប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា» បានសិក្សាចាប់ពីចន្លោះខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៣ និងបានធ្វើឡើងនៅសិប្បកម្មផលិតឥដ្ឋចំនួន២១ទីតាំង ដែលស្ថិតក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។
របាយការណ៍ដដែលនោះបញ្ជាក់ក្នុងន័យដើមថា៖ «ការសន្ទនាជាច្រើនបូករួមនឹងបទសម្ភាសន៍ស៊ីជម្រៅជាមួយកម្មករចំនួន១០នាក់បានបញ្ជាក់ថា ការបញ្ចាំខ្លួនដោះបំណុលនៅតែមានការរីករាលដាលក្នុងឧស្សាហកម្មនេះ ហើយការទូទាត់ប្រាក់ឈ្មួលទាបតាមចំនួនឥដ្ឋ នៅតែបន្តជំរុញឱ្យក្មេងដែលមានអាយុតិចរហូតត្រឹមប្រាំបួនឆ្នាំធ្វើការនៅសិប្បកម្មផលិតឥដ្ឋ»។
សិប្បកម្មឥដ្ឋភាគច្រើនបានប្រើប្រាស់ការដុតសំណល់កម្ទេចក្រណាត់ធ្វើជាឥន្ធនៈបញ្ឆេះឡឥដ្ឋ ហើយកម្មករភាគច្រើនបានរាយការណ៍ថា ពួកគេ និងកូនៗទទួលរងផលប៉ះពាល់ដល់សុខភាពដូចជាបញ្ហាប្រព័ន្ធដង្ហើម ការឈឺក្បាល និងគ្រោះថ្នាក់ដទៃទៀត។ ពួកគេទាំងអស់នោះថា ពួកគេគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទទួលបានការព្យាបាលដល់សមស្របមួយនោះទេ។ នេះបើតាមរបាយការណ៍របស់អង្គការលីកាដូ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា អំពើពលកម្មកុមារ និងការបញ្ចាំខ្លួនដើម្បីដោះបំណុលនៅក្នុងឡឥដ្ឋ នៅតែបន្តកើតឡើង ដែលលោកហៅករណីនេះថា «ទាសភាពសម័យទំនើប»។ បើតាមលោក អំ សំអាត ការបញ្ចាំខ្លួនបែបនេះ គឺជាអំពើខុសច្បាប់ ហើយលោកជំរុញឱ្យម្ចាស់សិប្បកម្មនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវលុបបំបាត់ចំណងក្នុងឡឥដ្ឋបែបនេះ។
លោកថ្លែងថា៖ «អ៊ីចឹងយើងនៅតែទទូច សូមឱ្យអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីលុបបំបាត់នូវការបញ្ចាំខ្លួន ដើម្បីដោះបំណុល ហើយនឹងពលកម្មកុមារ ហើយសូមឱ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតទៅលើបញ្ហាដុតកម្ទេចកម្ទីក្រណាត់ម៉ាកល្បីៗដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬបរិស្ថាន»។
បើតាមរបាយការណ៍ដដែល កន្លងមកក៏មានអាជ្ញាធរធ្លាប់ចុះពិនិត្យនៅតាមសិប្បកម្មផលិតឥដ្ឋ និងជួនកាលប្រកាសហាមកុមារធ្វើការ ឬទៅក្បែរឡឥដ្ឋ ឬម៉ាស៊ីនផលិតឥដ្ឋ។ ប៉ុន្តែការអន្តរាគមបែបនេះមិនបានជួយកាត់បន្ថយពលកម្មកុមារនោះទេ ដោយសារមិនបានដោះស្រាយឫសគល់នៃការបញ្ចាំខ្លួនដោះបំណុល ឬប្រាក់ឈ្នួលទាប និងមិនមានការដាក់ទណ្ឌកម្មលើម្ចាស់ផលិតឥដ្ឋចំពោះអំពើរំលោភបំពាន។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើបញ្ហានេះ ខណៈកន្លងមកក្រសួងក៏បានចុះធ្វើអធិការកិច្ច ហើយក៏បានចាត់វិធានការទៅលើសហគ្រាសណាដែលបំពានច្បាប់ តាមរយៈការដាក់ពិន័យ និងឈានដល់ការបិទផងដែរ។
លោកបញ្ជាក់ថា៖ «ដូច្នេះហើយក្រសួងការងារមានវិធានការតឹងរ៉ឹងណាស់ចំពោះករណីដែលរោងចក្រសហគ្រាសឡឥដ្ឋសិប្បកម្មដែលរំលោភការងារ។ យើងតែងតែមានការពិន័យ តែងតែមានការបិទ និងការផ្តន្ទាទោសទៅតាមច្បាប់។ អ៊ីចឹងហើយបានថា យើងតែងតែយកចិត្តទុកដាក់កិច្ចការនេះ»។
នៅពេលសួរពាក់ព័ន្ធនឹងករណីបញ្ចាំខ្លួនដើម្បីដោះបំណុល អ្នកនាំពាក្យរូបនេះអះអាងថាមិនមានរបាយការណ៍ច្បាស់លាស់លើកឡើងពីករណីនេះឡើយ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រាប់វីអូអេថា របាយការណ៍ដែលអង្គការលីកាដូបានចេញផ្សាយនេះគឺជាការប៉ាន់ស្មាន ហើយលោកបានច្រានចោលថាមិនមានករណីនៃការបញ្ចាំខ្លួនដោះបំណុល ឬការរំលោភបំពានលើពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋនោះទេ។
បើតាមអភិបាលខេត្តរូបនេះ អាជ្ញាធរតែងតែចុះត្រួតពិនិត្យជារឿយៗនៅតាមសិប្បកម្មនានា។ លោកស្នើឱ្យអង្គការលីកាដូគួរធ្វើការសហការជាមួយភាគីពាក់ព័ន្ធ មុននឹងសម្រេចចិត្តចេញផ្សាយនូវរបាយការណ៍ណាមួយ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា ការដែលទទួលព័ត៌មាននេះវាជារឿងដែលអាចជាព័ត៌មានយូរចាស់ យូរមកហើយ ឬក៏ជាការមិនច្បាស់លាស់ ហើយខ្វះការសហការដែលយើងផ្តល់ព័ត៌មានអត់បានគ្រប់ជ្រុងជ្រោយជាដើម។ ធ្វើការចុះមើលឡើងវិញប្រសិនជាចាំបាច់»។
បើតាមរបាយការណ៍របស់អង្គការលីកាដូ ឥដ្ឋត្រូវបានទិញក្នុងចំនួនច្រើនលើសលប់ដោយគម្រោងអភិវឌ្ឍន៍បុរីនៅក្នុងរាជធានីភ្នំពេញ។ របាយការណ៍បន្តថា ភាគីដែលទិញឥដ្ឋនៅកម្ពុជាក៏ចូលរួមចំណែកក្នុងអំពើរំលោភបំពានលើសិទ្ធិមនុស្សក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដោយសារពលកម្ម ដើម្បីដោះបំណុល និងពលកម្មកុមារមានការរីករាលដាលយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មផលិតឥដ្ឋ។
អង្គការលីកាដូក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែររួមមានការលុបបំណុលរបស់កម្មករសិប្បកម្មផលិតឥដ្ឋ ដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ ត្រូវលុបចោលជាបន្ទាន់នូវបំណុលរបស់កម្មករទាំងអស់ ហើយកម្មករទាំងអស់ត្រូវតែត្រូវទទួលបានការអនុញ្ញាតពីម្ចាស់សិប្បកម្មឱ្យចាកចេញពីសិប្បកម្មទៅធ្វើការនៅកន្លែងផ្សេងដែលស្របនឹងគោលការណ៍សិទ្ធិការងារ និងសេរីភាពក្នុងការជ្រើសរើសការងារដោយតាមអនុលោមច្បាប់ការងារ ។
បន្ថែមពីនេះ អង្គការសិទ្ធិមនុស្សមួយនេះក៏ស្នើឱ្យរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីការជួញដូរមនុស្ស និងច្បាប់ស្តីពីការងារដោយផ្តន្ទាទោសជនដែលត្រូវបានរកឃើញថានៅតែប្រព្រឹត្ត និងសមគំនិតប្រព្រឹត្តបទល្មើសនៃទាសភាពបំណុល ជាពិសេសរដ្ឋាភិបាលត្រូវធានាលក្ខខណ្ឌការងារត្រឹមត្រូវ ប្រាក់ឈ្នួលសមរម្យ និងការគាំពារសង្គមសម្រាប់កម្មករសិប្បកម្មផលិតឥដ្ឋ៕
របាយការណ៍ថ្មី៖ ការបញ្ចាំខ្លួនដោះបំណុលនៅបន្តកើតឡើងក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា
ភ្នំពេញ —