កុមាររាប់រយនាក់ធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋក្នុងប្រទេសកម្ពុជា នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិមួយទៅលើសិប្បកម្មផលិតឥដ្ឋទាំងអស់នៅកម្ពុជារបស់មជ្ឈមណ្ឌលសាមគ្គីភាព(Solidarity Center)។ ការស្ទង់មតិនេះត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅពេលឆាប់ៗនេះ បើទោះបីជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបដិសេធការរកឃើញនៃរបាយការណ៍នេះក្តី។
កាលពីឆ្នាំមុន ក្រសួងការងារបានធ្វើយុទ្ធនាការមួយដើម្បីបញ្ចប់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋ និងបានប្រកាសថា ក្រសួងនឹងបង្ក្រាបលើម្ចាស់ឡឥដ្ឋណាដែលនៅតែយកកុមារមកធ្វើការ។
ការស្ទង់មតិនោះត្រូវបានធ្វើឡើងភាគច្រើននៅក្នុងខែកក្កដា ដោយមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ដែលជាអង្គការសិទ្ធិការងារមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងបានសហការជាមួយនឹងអង្គការ AFL-CIO ដែលជាសហព័ន្ធពលកម្មអាមេរិកាំង និងសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC។ ការស្ទង់មតិនោះបានរកឃើញថា អនីតិជនជិត៤ពាន់នាក់រស់នៅក្នុងបរិវេណសិប្បកម្មផលិតឥដ្ឋដែលកំពុងមានប្រតិបត្តិការចំនួន៤៦៤នៅទូទាំងប្រទេស ហើយកុមារចំនួន៦៣៨នាក់ត្រូវបានគេជួលឱ្យធ្វើការនៅតាមឡឥដ្ឋទាំងនោះ។
លោក ឃុន ថារូ ដែលជាអ្នកសម្របសម្រួលកម្មវិធីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញហៅកាត់ថា សង់ត្រាល់ បាននិយាយថា ការអង្កេតនេះបង្ហាញថា យុទ្ធនាការរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពនោះទេមកដល់ពេលនេះ និងថាយុទ្ធនាការនោះមិនបានកែប្រែស្ថានភាពច្រើននោះទេ។
ទោះជាយ៉ាងនេះក្តី ច្បាប់ចម្លងនៃរបាយការណ៍នោះដែល VOA ទទួលបានសរសេរថា ចំនួនកុមារពិតប្រាកដដែលកំពុងធ្វើការនៅតាមឡឥដ្ឋអាចនឹងមានច្រើនជាងនេះ ដោយសារតែគេមិនអាចបែងចែករវាងចំនួនកុមាររស់នៅក្នុងបរិវេណឡឥដ្ឋ និងកុមារដែលធ្វើការនៅទីនោះ។
លោក Laurie Parsons ដែលជាសហនិពន្ធនៃរបាយការណ៍ខាងលើបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំគិតថា មិនមានការបែងចែកច្បាស់លាស់រវាងកុមារចំនួន៦០០នាក់ ឬលើសពីនេះ និងកុមារជាង៣ពាន់នាក់ផ្សេងទៀត ដែលរស់នៅទីនោះទេ។ ក្នុងករណីភាគច្រើន កុមារទាំងនោះយ៉ាងហោចណាស់ក៏ធ្វើការតិចតួចដែរ។ ខ្ញុំគិតថា មានកុមារតិចណាស់ ដែលមិនបានធ្វើការផលិតឥដ្ឋទាល់តែសោះ។ វាច្បាស់ជាមានពេលដែលគ្រួសាររបស់ពួកគេរវល់ ហើយមានការបញ្ជាទិញច្រើន ឬនៅពេលដែលម្ចាស់ឡឥដ្ឋដាក់សម្ពាធ ឬគ្រួសារទទួលបានប្រាក់ឈ្នួលទៅតាមចំនួនឥដ្ឋ ឬពួកគេត្រូវការប្រាក់បន្ថែមទៀត។ ពួកគេទទួលបានប្រាក់កាន់តែច្រើន នៅពេលពួកគេអាចផលិតឥដ្ឋបានកាន់តែច្រើន ដូច្នេះពួកគេនឹងឱ្យកូនៗរបស់ពួកគេជួយ»។
លោកនិយាយថា ជាឧទាហរណ៍ ការងារភាគច្រើនសម្រាប់កុមារនៅសិប្បកម្មផលិតឥដ្ឋគឺជញ្ជូនឥដ្ឋពីឡឥដ្ឋទៅដាក់នៅលើរថយន្តដឹកឥដ្ឋ ឬក៏អាចដាក់ដីឥដ្ឋចូលទៅក្នុងម៉ាស៊ីនកិនដីឥដ្ឋផងដែរ។ លោកបន្ថែមថា៖ «ច្បាស់ណាស់ នេះគឺជាការងារដ៏គ្រោះថ្នាក់»។
កាលពីខែមីនា ឆ្នាំមុន កុមារីអាយុ១០ឆ្នាំម្នាក់បានបាត់បង់ដៃរបស់នាង នៅពេលដាក់ដីឥដ្ឋចូលទៅក្នុងម៉ាស៊ីនកិនដីឥដ្ឋ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានបដិសេធលើការរកឃើញនេះដោយអន្លើ។ លោកនិយាយថា ការរកឃើញនេះផ្អែកទៅលើស្រាវជ្រាវរបស់ «ក្រុមអ្នកស្រាវជ្រាវដែលមិនមានវិជ្ជាជីវៈត្រឹមត្រូវ»។
លោក ហេង សួរ បាននិយាយថា៖ «មិនមានពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនោះទេ»។
លោក ហេង សួរ បាននិយាយថា ក្រុមមន្ត្រីអធិការកិច្ចរបស់ក្រសួងបានចុះពិនិត្យគ្រប់សិប្បកម្មផលិតឥដ្ឋទាំងអស់នៅទូទាំងប្រទេស ប៉ុន្តែមិនបានរកឃើញថា មានពលកម្មកុមារនោះទេ។ លោកបាននិយាយថា ក្នុងពេលចុះត្រួតពិនិត្យ ម្ចាស់សិប្បកម្មផលិតឥដ្ឋ អ្នកគ្រប់គ្រង និងឪពុកម្តាយបានចុះហត្ថលេខាលើលិខិតយល់ព្រម ដោយអះអាងថា ពួកគេនឹងមានទោសព្រហ្មទណ្ឌ ប្រសិនបើគេរកឃើញថា មានកុមារចូលទៅក្នុងកន្លែងផលិតឥដ្ឋ។
ទោះជាយ៉ាងនេះក្តី លោក Parsons បាននិយាយថា សូម្បីតែកុមារដែលមិនធ្វើការនៅឡឥដ្ឋក៏ប្រឈមនឹងហានិភ័យជាច្រើនដែរ។
លោក Parsons បាននិយាយថា គ្រោះថ្នាក់ដែលអាចកើតមាន រួមមានដូចជាការរលាកភ្លើងកម្តៅរាប់រយអង់ស្សាសេដែលគេប្រើដើម្បីដុតឥដ្ឋ ផ្សែងពុលចេញពីភ្លើងដុតឥដ្ឋ និងឧស្ម័នពុលផ្សេងៗទៀត។ នេះមានន័យថា កុមារដែលរស់នៅតាមសិប្បកម្មផលិតឥដ្ឋជារឿយៗខ្វះជាតិទឹកធ្ងន់ធ្ងរ។ លោក Parsons បានលើកឡើងថា៖ «ទោះជាអ្នកមិនធ្វើការនៅទីនោះក៏ដោយ ក៏វាជាបរិស្ថានមិនល្អខ្លាំងសម្រាប់សុខភាព។ នេះជាមូលហេតុដែលធ្វើឲ្យគ្រប់គ្នាឈឺ»។
លោក ហេង សួរ បានទទួលស្គាល់ថា ពិតជាមានកុមាររស់នៅក្នុងបរិវេណសិប្បកម្មផលិតឥដ្ឋមែន ប៉ុន្តែលោកនៅតែអះអាងថា ពួកគេមិនបានធ្វើការនោះទេ។ ក៏ប៉ុន្តែ លោក ឃុន ថារូ បាននិយាយថា តាមរយៈការសង្កេតផ្ទាល់ខ្លួនរបស់លោក កុមារជាច្រើនបានជួយឪពុកម្តាយរបស់ពួកគេនៅក្នុងសិប្បកម្មទាំងនោះ។
លោក ឃុន ថារូ បាននិយាយថា «ពលកម្មកុមារនៅតែបន្តកើតមាន ពីមួយជំនាន់ទៅមួយជំនាន់»។
លោក ឃុន ថារូ បានបន្ថែមទៀតថា ត្រូវមានវិធីសាស្ត្ររួមមួយដើម្បីដោះស្រាយនូវវិបត្តិបំណុល ដែលឪពុកម្តាយពួកគេយកប្រាក់កម្ចីពីម្ចាស់សិប្បកម្មផលិតឥដ្ឋដើម្បីផ្តាច់បំណុលចាស់ ហើយត្រូវផ្ទេរបំណុលទាំងនោះពីមួយជំនាន់ទៅមួយជំនាន់។
លោក ឃុន ថារូ ក៏បានលើកឡើងពីតម្រូវការក្នុងការធានាឱ្យបានថា កុមារនៅតាមសិប្បកម្មផលិតឥដ្ឋទាំងអស់បានទៅសាលារៀន ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងជាងមុន និងធានាថា សិប្បកម្មផលិតឥដ្ឋគោរពតាមស្តង់ដារសុវត្ថិភាពនិងសុខភាព និងត្រូវផ្តល់ធានារ៉ាប់រងសុខភាពដល់កម្មករផងដែរ៕