ការវាយ​ប្រហារ​ចាប់ផ្តើម​ជាថ្មី​ក្នុងតំបន់ ​Ghouta ​ភាគខាង​ជើង​មួយថ្ងៃ​បន្ទាប់ ពី​ជំនួយ​មនុស្សធម៌​

ក្មេង​ប្រុស​ម្នាក់​នៅ​ក្នុង​ទីក្រុង Douma ​ដែល​កាន់កាប់ដោយក្រុមឧទ្ទាមភាគ​ខាងកើត Ghouta ក្នុង​ទីក្រុង​ Damascus ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​០៨ មីនា ២០១៨។

ក្រុម​បុគ្គលិក​ផ្នែកជំនួយ​មនុស្សធម៌​មិនគួរ​ប្រថុយ​ជីវិត​ចូលទៅ​ផ្តល់ជំនួយ​ក្នុង តំបន់ ​Ghouta ​នៃប្រទេស​ស៊ីរីទេ។ ​នេះជា​ការអះអាង​របស់​នាយក​អង្គការ​កាកក​បាទក្រហម​អន្តរជាតិ​ប្រចាំតំបន់​មជ្ឈឹម​បូព៌ា ​ដែលបាន​ថ្លែងបន្ទាប់​ពីការ​វាយ ប្រហារ​យ៉ាងខ្លាំង​កើតឡើង​ ហើយបាន​បង្អាក់​ដល់​កិច្ចប្រឹង​ប្រែង​ដើម្បី​ផ្តល់ ជំនួយ​មនុស្សធម៌​ជូនដល់​ពលរដ្ឋ​ដែលត្រូវ​ហ៊ុំព័ទ្ធ​ក្នុងតំបន់​នោះ។

លោក​ Robert Mardini ​បានថ្លែង​ថា​ក្រុម​របស់​លោក​ត្រូវគេ​នាំត្រឡប់ ​មក​ក្រោយ វិញ​ដោយសារ​ការវាយ​ប្រយុទ្ធគ្នា​បានផ្ទុះ​ឡើង ​បើទោះ​ជាមាន​ការធានា​ពីគូភាគី វិវាទ​ទាំង​សងខាង​ថាឲ្យមាន​ការនាំ​យកជំនួយ​មនុស្សធម៌​ចូលទៅ​ទីក្រុង​ឌូម៉ា ​និង​តំបន់ ​Ghouta ​ភាគខាង​ជើងក្តី។

តែ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​បានដឹក​ជញ្ជូន​ស្បៀង​អាហារ​និង គ្រឿង​ផ្គត់ផ្គង់​ផ្សេងទៀត​ជូនទៅ​ដល់​ពលរដ្ឋ​ចំនួន​១២០០០​នាក់​បាន​សម្រេច​ក្នុង​អំឡុង​ពេល​មានការ​វាយប្រហារ​បានឈប់​សម្រាក។

លោក ​Robert Mardini ​បានថ្លែងថា​ វាជារឿង​សំខាន់​ណាស់​ ដែលការ​ធានា​ត្រូវ បានគោរព ​ព្រោះមាន​តម្រូវការ​ជំនួយ​យ៉ាងខ្លាំង​ក្នុងតំបន់​នេះ។ មកដល់​ថ្ងៃសៅរ៍​នេះកងទ័ព​ស៊ីរី​បន្តវាយ​ប្រហារ​ក្នុងភាគ​ខាងជើង​តំបន់​ Ghouta៕