មានការចាប់អារម្មណ៍ដែលមានការកើនឡើងរបស់សាធារណជនទូទៅចំពោះការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដាក់ជាប់នឹងខ្លួនរបស់មន្ត្រីប៉ូលិសនៅក្នុងសហគមន៍នានានៅទូទាំងសហរដ្ឋអាមេរិក។
ប៉ូលិសបានប្រើកាមេរ៉ាសុវត្ថិភាពដាក់នៅក្នុងរថយន្តរបស់ពួកគេតាំងពីយូរណាស់មកហើយ សម្រាប់ថតសកម្មភាពផ្សេងៗក្នុងអំឡុងពេលពួកគេបញ្ឈប់រថយន្តល្មើសច្បាប់ចរាចរណ៍។ ប៉ុន្តែ ការដាក់កាមេរ៉ានេះនៅជាប់នឹងដងខ្លួនរបស់មន្ត្រីប៉ូលិសទាំងនោះ គឺសម្រាប់ថតសកម្មភាពណាដែលមិនស្ថិតនៅក្នុងបរិវេណដែលកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តរបស់ប៉ូលិសអាចថតបាន។
ប៉ុន្តែ ចំពោះសាធារណជនមានចម្ងល់ថា អ្នកណាមានសិទ្ធិមើលសកម្មភាពដែលថតបាននៅក្នុងកាមេរ៉ាដាក់ជាប់នឹងខ្លួននេះ?
នៅក្នុងរដ្ឋ North Carolina ដែលនៅសប្ដាហ៍នេះ មានការតវ៉ាបានកើតឡើងបន្ទាប់ពីមានការបាញ់សម្លាប់បុរសម្នាក់នៅក្នុងក្រុង Charlotte នោះ គេឃើញច្បាប់ថ្មីមួយដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែតុលា ខាងមុខ ដែលច្បាប់នេះចែងថា វីដេអូដែលថតបាននៅក្នុងកាមេរ៉ាដែលនៅជាប់នឹងខ្លួនប៉ូលិសនោះ មិនមែនសម្រាប់សាធារណជនទូទៅមើលនោះទេ។
ច្បាប់នេះដាក់កម្រិតយ៉ាងតឹងតែងចំពោះអ្នកណា ដែលអាចមើលវីដេអូនៅក្នុងកាមេរ៉ានោះបាន។ ច្បាប់នេះក៏បានបញ្ជាក់បន្ថែមផងដែរថា ផ្នែកមួយចំនួន ឬផ្នែកទាំងស្រុងនៃវីដេអូនេះមិនអាចផ្សព្វផ្សាយឲ្យសាធារណជនបានឃើញនោះទេ ដរាបណាមានការសម្រេចពីតុលាការ។
អ្នកដែលត្រូវបានថតជាប់នៅក្នុងកាមេរ៉ា មិនថាជារូបភាពរបស់អ្នកនោះ ឬគ្រាន់តែជាសំឡេងនោះទេ អាចមានសិទ្ធិស្នើតុលាការឲ្យចេញដឺកាបង្គាប់ឲ្យបង្ហាញវីដេអូនោះបាន។ ហើយអ្នកតំណាងរបស់កុមារដែលថតជាប់នៅក្នុងកាមេរ៉ានោះ មិនថាជារូប ឬជាសំឡេងរបស់កុមារនោះទេ ក៏អាចមានសិទ្ធិធ្វើដូច្នេះបានដែរ៕