ប្រធានាធិបតីអ៊ីរ៉ាក់ ដែលទើបជាប់ឆ្នោតលោក Barham Salih កាលពីថ្ងៃពុធបានឡើងកាន់អំណាចបន្តពីលោក Fuad Masum ប្រធានាធិបតីដែលចេញពីតំណែង។ ពិធីឡើងកាន់តំណែងជាផ្លូវការរបស់លោកបានរៀបចំឡើងនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងBaghdad ដែលជាការត្រួសត្រាយផ្លូវមួយដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
ជិត៥ខែកន្លងមកនេះ រដ្ឋសភាអ៊ីរ៉ាក់បានបោះឆ្នោតឲ្យលោក Salih ជាអ្នកនយោបាយជើងចាស់ឃឺត (Kurd) ដោយបានទទួលសំឡេងគាំទ្រ ៣២៩ ទល់នឹង២៩១សំឡេង។ ក្រោមកិច្ចព្រមព្រៀងក្រៅផ្លូវការមួយនៅអំឡុងពេលនៃការវាយលុកក្នុងប្រទេសអ៊ីរ៉ាក់ដឹកនាំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣ តំណែងប្រធានាធិបតីរបស់ប្រទេសនេះត្រូវបានកាន់កាប់ដោយជនជាតិឃឺដ ចំណែកឯតំណែងនាយករដ្ឋមន្រ្តីត្រូវប្រគល់ឲ្យទៅពួកនិកាយស៊ីអីត ហើយតំណែងប្រធានរដ្ឋសភាត្រូវឲ្យទៅពួកនិកាយស៊ុននី។
ការបោះឆ្នោតនេះគឺជា ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលក្រុមអ្នកនយោបាយមិនបានរៀបចំធ្វើចាប់តាំងពីការបោះឆ្នោតជាតិមិនបានសម្រេចមួយកាលពីខែឧសភាកន្លងមក។
លោក Salih បានប្រគល់ការទទួលខុសត្រូវទៅឲ្យអ្នកនយោបាយឯករាជ្យនិកាយស៊ីអ៊ីត និងជាអតីតអនុប្រធានាធិបតីលោក Adel Abdul-Mahdi ដែលលោក Salih បានតែងតាំងលោកជានាយករដ្ឋមន្ត្រីស្តីទី។ លោកJwan Ihsan សមាជិកអ្នកនយោបាយឃឺដនៃគណបក្ស PUK របស់ឃឺដបានប្រាប់ VOA ថាលោក Abdul-Mahdi មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាជិករដ្ឋសភាមកពីគ្រប់ភាគី ដែលការណ៍នេះនឹងជួយលោកឲ្យសម្រេចបានតាមក្តីសង្ឃឹមរបស់លោកនៅក្នុងការបង្កើតរដ្ឋាភិបាលសមភាពមួយ។ លោក Abdul-Mahdi មានរយៈពេល៣០ថ្ងៃដើម្បីបង្កើតគណៈរដ្ឋមន្រ្តីមួយ បន្ទាប់មកត្រូវបញ្ជូនទៅសភាដើម្បីអនុម័ត៕