សភានៃប្រទេសអ៊ីរ៉ាក់បានធ្វើការប្រជុំគ្រាមានអាសន្នមួយនៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាគ្នាអំពីចលាចលក្នុងក្រុង Basra ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១២នាក់បាត់បង់ជីវិតនៅក្នុងការធ្វើបាតុកម្មបីបួនថ្ងៃតវ៉ាអំពីសេវាសាធារណៈមិនល្អ បញ្ហាមនុស្សគ្មានការងារធ្វើ និងអំពើពុករលួយ។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថា បាតុកម្មក្នុងសប្តាហ៍នេះបានបណ្តាលមកពីមនុស្សប្រមាណ៣ម៉ឺននាក់បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារបានផឹកទឹកមិនស្អាតក្នុងក្រុង Basra។
ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានដាក់កំហិតបម្រាមគោចរនៅក្នុងក្រុង Basra។
មន្ត្រីម្នាក់នៅឯចំណតយន្តហោះក្រុង Basra បាននិយាយថា រ៉ូែកត Katyusha បីគ្រាប់បានធ្លាក់ក្នុងបរិវេណអាកាសយានដ្ឋាននេះកាលពីព្រឹកថ្ងៃសៅរ៍នេះ ក៏ប៉ុន្តែគេរាយការណ៍ថា គ្មានមនុស្សត្រូវរបួសទេ។ គ្មានការអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់អំពីការវាយប្រហារនេះទេ។ ការវាយប្រហារដោយរ៉ូកែតនេះមិនបានរារាំងយន្តហោះមិនឲ្យឡើង និងចុះទេ។
កាលពីថ្ងៃសុក្រម្សិលមិញ ពួកបាតុការរាប់រយនាក់នៅក្នុងក្រុង Basra បានចូលលុកនិងដុតស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងក្រុងនេះ ដោយស្រែកបន្ទរថា «អ៊ីរ៉ង់ចេញទៅ អ៊ីរ៉ង់ចេញទៅ រំដោះអ៊ីរ៉ាក់ រំដោះអ៊ីរ៉ាក់»។
លោក Ahmed Mahjoub អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ាក់បាននិយាយថា «ការយកស្ថានបេសកកម្មការទូតជាទីដៅនៃការវាយប្រហារជាការមិនអាចទទួលយកបានទេហើយនាំឱ្យមានផលមិនល្អដល់អត្ថប្រយោជន៍នៃប្រទេសអ៊ីរ៉ាក់ផងដែរ»។
លោកស្រី Heather Nauert អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អាបាន
និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តាមរយៈរដ្ឋធម្មនុញ្ញនៃប្រទេសអ៊ីរ៉ាក់ សិទ្ធិនៃការធ្វើបាតុកម្មដោយសន្តិវិធីនិងកាតព្វកិច្ចក្នុងការការពារទ្រព្យសម្បត្តិសាធារណៈនិងឯកជនត្រូវមានធ្វើជាមួយគ្នា...យើងអំពាវនាវដល់ភាគីទាំងអស់ដោយមានរួមបញ្ចូលកងកម្លាំងសន្តិសុខ និងពួកបាតុករឲ្យគោរពសិទ្ធិនៃការធ្វើការតវ៉ាដោយសន្តិវិធី និងក្នុងការការពារពួកអ្នកការទូតនិងកន្លែងរបស់ពួកគេ»។
ប្រភពនានាបាននិយាយថា អ្នកស្រុកច្រើននាក់នៅក្នុងក្រុង Basra ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម និកាយ Shia បានចោទប្រកាន់គណបក្សនយោបាយគាំទ្រដោយអ៊ីរ៉ង់ថា បានជ្រៀតជ្រែកក្នុងវិស័យនយោបាយអ៊ីរ៉ាក់៕