ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​និង​ការ​ផ្លាស់​ទី​លំនៅ​បង្ហាញ​ពី​ភាព​មាន​កម្រិត​​នៃ​ដំណើរការ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា​

រូប​ឯកសារ៖ កង​កម្លាំង​រំដោះ​ជាតិ​ Ta’ang ដើរ​ក្បួន​ព្យុហយាត្រា​នៅ​ខេត្ត Shan ក្នុង​ពេល​ប្រារព​ខួប​៥២​ឆ្នាំ​នៃ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​មុន។

សកម្មជន​ការពារ​ជនជាតិ​ភាគ​តិច​ និង​មេដឹកនាំ​សហគមន៍​មក​ពី​ភាគ​ខាង​ជើង​និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ ការ​ផ្លាស់​ទី​លំនៅ​ជា​ទ្រង់ទ្រាយ​ធំ​ និង​ព័ត៌មាន​ដែល​ចោទ​ថា​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​របស់​ពួក​គេ​នា​ពេល​ថ្មីៗ​នេះ។

ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ទីក្រុង​ Yangon ​កាល​ពី​ចុង​ខែ​កញ្ញា​ សកម្មជន​ការពារ​ជនជាតិ​ភាគ​តិច​ Ta'ang​ មក​ពី​រដ្ឋ​ Shan ​និង​សកម្មជន​ការពារ​ជន​ជាតិ​ភាគ​តិច​មក​ពី​រដ្ឋ​ Karen ​បាន​ថ្លែង​ថា​ អំពើ​ហិង្សា​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ជោគជ័យនៃ​ដំណើរ​ការ​សន្តិភាព​ក្នុង​ពេល​កន្លង​មក​នៅ​មាន​កម្រិត។

អ្នក​ខ្លះ​ក៏​បាន​អះអាង​ដែរ​ថា ប្រតិបត្តិការ​យោធា​ក្នុង​ការ​ការពារ​តំបន់​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូងចម្រាស​កំពុង​តែ​ធ្វើ​ឲ្យ​ជម្លោះ​កាន់​តែ​មាន​សភាព​យ៉ាប់​យ៉ឺន​ឡើង។

ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​យោធា​រំដោះ​ជាតិ​ Ta'ang (TNLA) និង​យោធា​មីយ៉ាន់ម៉ា​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រដ្ឋ​ Shan ​ភាគ​ខាង​ជើង​តាំង​ពី​ឆ្នាំ​២០១១​ ប៉ុន្តែ​លោក​ Mai Cyruk ​នៃ​អង្គការ​និស្សិត​និង​យុវជន​ Ta'ang​ បាន​ថ្លែង​ថា៖ «ជម្លោះ​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​ (NCA) ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​យោធា​និង​ក្រុម​ RCSS»។​

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៥​ រដ្ឋាភិបាល​មុន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​ (NCA – Nationwide Ceasefire Accord) ជាមួយ​នឹង​ក្រុម​បះបោរ​ចំនួន​៨​ រួម​ទាំង​ក្រុម​ RCSS ផង​ដែរ។​

មួយ​ខែ​ក្រោយ​មក​ ក្រុម​ប្រយុទ្ធ​ RCSS បាន​ផ្លាស់​ទី​ទៅ​ភាគ​ខាង​ជើង​ទៅ​កាន់​តំបន់​កាន់កាប់​ដោយ​ចលនា TNLA របស់​ជនជាតិ Ta'ang ដូច​ជា​ក្រុង​ Namkham ក្រុង​ Namsan ក្រុង​ Mong Kung និង​ក្រុង​ Kutkhai ហើយ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ក្រុម​ប្រយុទ្ធ​ Ta'ang ដែល​អះអាង​ថា​ក្រុម​ RCSS ធ្វើ​ប្រតិបត្តិការ​ដោយ​មាន​ការ​គាំទ្រ​ពី​កងទ័ព​យោធា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។

ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពា​ន​ដោយ​ក្រុម​ទាហាន​និង​ក្រុម​បះបោរ

លោក​ Mai Cyruk បាន​ថ្លែង​ថា​ ឆ្នាំ​នេះ​ ក្រុម​សកម្មជន​បាន​រក​ឃើញ​និង​ចងក្រង​ឯកសារនូវករណីជា​ច្រើន​នៃ​ការ​បាញ់​ផ្លោងដោយ​មិន​រើស​មុខ ការ​ធ្វើ​ទារុណកម្ម​ ការ​រំលោភ​សេព​សន្ថវៈ ការ​កាប់​សម្លាប់​ ការ​ចាប់​កេណ្ឌ​ជន​ស៊ីវិល​ជនជាតិ Ta’ang​ បង្ខំ​ឲ្យ​ចូល​ជា​ធ្វើ​ជា​ទ័ព​ក្រុម​ខ្លួន​ និង​ធ្វើ​ការ​ឲ្យ​ខ្លួន ​ដោយ​ពួក​ទាហាន​និង​ក្រុម​ប្រយុទ្ធ​ RCSS។

យោង​តាម​អង្គការ​សហ​ប្រជាជាតិ​ ជន​ស៊ីវិល​ប្រមាណ​ ១២.០០០​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយ​ការ​វាយ​ប្រយុទ្ធ​នៅ​រដ្ឋ​ Shan ដែល​ជា​រដ្ឋ​ភាគ​ខាង​ជើង ​នៅ​ពាក់​កណ្តាល​ដើម​ឆ្នាំ​២០១៦។

លោក​ Mai Aung Kham ប្រធាន​គណបក្ស​ជាតិ Ta’ang (TNP) ប្រចាំ​ក្រុង Mong Kung ដែល​មាន​អាសនៈ​ជា​ច្រើន​នៅ​ក្នុង​សភា​ បាន​ថ្លែង​កាល​ពី​ខែ​កក្កដា​ថា ក្រុម RCSS បាន​ចាប់​ខ្លួន​លោក ឪពុក​របស់​លោក ពូ​របស់​លោក​ និង​និស្សិត​ពីរ​នាក់​ ដែល​អ្នក​ទាំង​នោះ​សុទ្ធ​តែជា​សមាជិក​របស់​បក្ស។

លោក​បាន​ប្រាប់​សន្និសីទ​កាសែត​ថា៖ «ក្រុម RCSS បាន​គំរាម​ខ្ញុំ​ ដោយ​និយាយ​ថា​ ប្រសិន​បើ​ខ្ញុំ​មិន​លុប​ចោល​ពាក្យ​ស្លោក​របស់​បក្ស TNP របស់​ខ្ញុំ​នោះ​ទេ​ ខ្ញុំ​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​ RCSS រយៈ​ពេល​៥​ឆ្នាំ។ ឪពុក​និង​ពូ​របស់​ខ្ញុំ​នៅ​តែ​ត្រូវ​បាន​ចាប់​ខ្លួន»។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ឧទ្ទាម Ta’ang និង​ក្រុម Shan បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​ហេតុ​ផល​ពិត​ប្រាកដ​នៅ​តែ​មិន​មាន​ភាព​ជាក់លាក់។​ VOA មិន​អាច​ទាក់ទង​ក្រុម RCSS ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​នោះ​ទេ ប៉ុន្តែ​ក្រុម​នេះ​បានប្រាប់​ទៅប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ ដោយ​បដិសេធ​ថា​មិន​បាន​រំលោភ​បំពាន​ទេ។​

គណបក្ស​ TNLA មិន​បាន​ចុះ​ហត្ថលេខា​លើព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​ NCA នោះ​ទេ ហើយ​ជាមួយ​នឹង​ក្រុម​បះបោរ​ Kokang និង​ Rakhine ដែល​ត្រូវ​យោធា​មីយ៉ាន់ម៉ា​ដែល​នៅ​តែ​មាន​អំណាច​នោះ​ ​រារាំង​ពី​ដំណើរការ​សន្តិភាព។ គោល​ជំហរ​នេះ​ទំនងជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​គម្រោង​របស់​លោក​ស្រី Aung San Suu Kyi ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស។

លោក Mai Cyruk បាន​ថ្លែង​ថា សម្រាប់​ក្រុម​ជនជាតិ​ភាគតិចដែល​ជា​ក្រុម​តូចៗ​និង​មិន​ឲ្យ​ចូល​រួម​ ដូច​ជា​ក្រុម Ta’ang គឺ​ដំណើការ​សន្តិភាពមិន​អាច​ជឿ​ជាក់​បាន​នោះ​ទេ។

លោកថ្លែង​ថា៖ «ខ្ញុំ​ចង់​ស្នើ​ឲ្យ​អ្នកស្រី Aung San Suu Kyi គួរ​បង្ហាញ​និង​និយាយ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ អំពី​ជនជាតិ​ភាគតិច។ ប្រសិន​បើ​មិន​មាន​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​ជន​ជាតិ​ភាគ​តិច​ក្រុម​តូចៗ​ទាំង​នោះ​ទេ ពួក​យើង​មិន​អាច​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ»។​

ជនជាតិ Karen រាប់​ពាន់​នាក់​ភៀស​ខ្លួន​

ជ័យជម្នះ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​កាល​ពី​ឆ្នាំ​មុន​ ក៏​បាន​ចោទ​ជា​សំណួរ​បន្ថែម​ទៀត​នៅ​ក្នុង​ខែ​នេះ​ បន្ទាប់​ពី​ទាហាន​មីយ៉ាន់ម៉ា និង​អ្នក​គាំទ្រ​កង​ជីវពល​មួយ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​បះបោរ​តូច​មួយ​នៅ​ក្នុង​ក្រុង Hlaingbwe នៃ​រដ្ឋ Karen។​

សហភាព​ជាតិ​ Karen (KNU) ដែល​ជា​ក្រុម​បះបោរ​ដ៏​ធំ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​ ហើយ​ជា​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ក្បែរ​តំបន់​វាយ​ប្រយុទ្ធ​គ្នា​នោះ បាន​ព្រមាន​កងទ័ព​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឲ្យបញ្ចប់​ប្រតិបត្តិការ​យោធា ដោយ​សារ​ប្រតិបត្តិការ​នេះ​បាន«បង្ក​ការ​ខូច​ខាត​ដល់​ស្ថិរភាព​និង​សន្តិភាព​នៅ​ក្នុង​តំបន់»។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រតិបត្តិការ​យោធា​ទាំង​នោះ​នៅ​តែ​បន្ត។​

អ្នកស្រី Naw Dah Dah នៃ​អង្គការ​ស្ត្រី​នៅ​រដ្ឋ Karen បាន​ប្រាប់​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា អ្នក​ភូមិ​ប្រមាណ ៥.០០០​នាក់​ឥឡូវ​នេះ ​បាន​ភៀសខ្លួន​ទៅ​ក្រុង​ដែល​មាន​សុវត្ថិភាព​ជាង​នេះ ក្នុង​ខណៈ​ពេល​ដែល​អ្នក​ភូមិ​ប្រមាណ ១.០០០​នាក់​បាន​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ភាគ​ច្រើន​គឺ​ជា​ស្ត្រី​និង​កុមារ។ ពួក​គេ​ត្រូវ​រត់​គេច​ខ្លួន​ដោយ​ឆ្លង​កាត់​ព្រៃ​ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់»។ អ្នកស្រី​បន្ថែម​ថា មាន​សេចក្តី​រាយការណ៍​មក​ថា មានមីន​បង្កប់​នៅ​តាម​ដង​ផ្លូវ​ ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ពីរ​នាក់​រង​របួស​ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាត់​បង់​ជីវិត​កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ កន្លង​ទៅ​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ Karen រួម​មាន​ទាំង​អង្គការ​បណ្តាញ​បរិស្ថាន​និង​សកម្មភាព​សង្គម​ Karen បាន​ឲ្យ​ដឹង​ថា កងកម្លាំង​រដ្ឋាភិបាល​បាន​ឈាន​ទៅ​មុខ​កាន់​តែ​កៀក​ទៅ​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី Hatgyi ដែល​មាន​តម្លៃ ២,៦​ពាន់​លាន​ដុល្លារ​ នៅ​តាម​បណ្តោយ​ទន្លេ Salween ក្នុង​អំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​បះបោរ​តូចៗ។ ពួក​គេ​ជឿ​ថា​ ប្រតិបត្តិការ​ទាំងនោះ​អាច​ជា​លេស​មួយសម្រាប់​ទាហាន​ទាំង​នោះ​ដើម្បី​ចាប់​យក​តំបន់​នោះ​មក​កាន់កាប់។

ក្រុម​សកម្មជន​បាន​ថ្លែង​ថា​ កង​ជីពល​របស់​រដ្ឋាភិបាល​មួយ បាន​ស្នើ​ចូល​ទៅ​ក្នុង​តំបន់​មាត់​ទន្លេ​ត្រើយ​ខាង​លិច​ដែល​កាន់​កាប់​ដោយ​ក្រុម KNU ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ទំនប់​វារី​អគ្គិសនី ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ច្រានចោល។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ដកស្រង់​សម្តី​របស់​មេបញ្ជាការ​កងទ័ព​ លោក Saw Johnny នៃ​ក្រុម KNU ដែល​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ពួក​គេ​គ្រោង​នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​ ពួក​យើង​នឹង​ប្រឆាំង​នឹង​គម្រោង​នោះ»។

ការ​បាញ់​ផ្លោង​ដោយ​កងទ័ព​រដ្ឋាភិបាល​បាន​សម្លាប់​កុមារ​ជាតិ Kachin

នៅ​ក្នុង​រដ្ឋ Kachin ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​និង​ទាហាន​ឯករាជ្យ​នៃ​រដ្ឋ Kachin ក៏​បាន​កើន​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​នេះបាន​រារាំង​និងកាត់បន្ថយ​ជំនួយសប្បុរសធម៌​ដល់​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​នៅ​ក្នុង​តំបន់​ដែល​កាន់​កាប់​ដោយ​ក្រុម​បះបោរ។

កាល​ពី​ដើម​ខែ​តុលា កងទ័ព​បាន​បាញ់​ផ្លោង​ទៅ​លើភូមិ Kachin មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើ​ង​នៃ​រដ្ឋ​ Shan ដោយ​បាន​សម្លាប់​កុមារ​អាយុ ២ឆ្នាំ​ម្នាក់​ និង​បាន​ធ្វើ​ឲ្យ​កុមារ​អាយុ ៥ឆ្នាំ​ម្នាក់​ និង​៦ឆ្នាំ​ម្នាក់​ឲ្យរង​របួស ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​ប្រទេស​ចិន នេះ​បើ​យោង​តាម​សកម្មជន​រដ្ឋ Kachin លោក Khon Ja។ ឧបទ្ទវហេតុ​ដែល​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ធំ​នៅ​ក្នុង​រដ្ឋធានី Myitkyina នៃ​រដ្ឋ​ Kachin កាលពី​ថ្ងៃច័ន្ទ ទី៣ ខែ​តុលា​ កន្លង​ទៅ​នេះ។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្នុង​ទីក្រុង Yangon បាន​ឲ្យ​ដឹង​ថា កាលពី​សប្តាហ៍​មុន​ ខ្លួន​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រដ្ឋ Kachin ហើយ​បាន​ព្រមាន​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​«ប៉ះពាល់​ដល់​ដំណើរការ​និង​សុឆន្ទៈ​ដែល​បង្កើត​ឡើង​ដោយសន្និសីទ​សន្តិភាព​សហភាព​កាល​ពី​ពេល​ថ្មីៗ​នេះ»។

សមាជិក​ជា​ច្រើន​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ NLD មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ពិភាក្សា​ទៅ​លើ​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ ហើយ​បាន​បង្វែរ​សំណួរ​ទាក់ទង​នឹង​ដំណើរ​ការ​សន្តិភាព​នេះ​ទៅ​មន្ត្រី​រដ្ឋាភិបាលវិញ ប៉ុន្តែ​ពួក​គេ​មិន​អាច​ទាក់​ទង​បាន។

អ្នកស្រី Susanna Hla Hla Soe អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ NLD និង​ជា​សកម្មជន​ជនជាតិ​ Karen មួយ​រូប​បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​កើត​មាន​ឡើង ស្ត្រី​និង​កុមារ​តែងតែ​រងគ្រោះ។ ថ្នាក់​ដឹកនាំ​របស់​យើងថា​ពួក​គេ​ពិត​ជា​ចង់កសាង​សន្តិភាព​ ប៉ុន្តែ​ការវាយ​ប្រយុទ្ធ​គ្នា​នៅ​តែ​កើត​មាន​ឡើង»៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា