អ្នកវិភាគបានព្រមានកាលពីថ្ងៃចន្ទថា ការណ៍ដែលសហរដ្ឋអាមេរិកមិនអាចគ្រប់គ្រងបាននូវការបន្តរាតត្បាតនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ នៅក្នុងប្រទេសបានកំពុងចាប់ផ្តើមមានផលប៉ះពាល់កាន់តែខ្លាំងដល់បេសកកម្មយោធាអាមេរិកនៅក្រៅប្រទេស ខណៈដែលការឆ្លងក្នុងចំណោមបុគ្គលិកយោធាដែលប្រចាំការនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានការកើនឡើង។
មន្ត្រីជប៉ុននៅកោះ Okinawa បាននិយាយកាលពីថ្ងៃអាទិត្យថា មានការឆ្លងកូវីដ១៩ថ្មី៦០ករណីត្រូវបានរាយការណ៍ពីមូលដ្ឋានយោធាម៉ារីនអាមេរិកពីរកន្លែងកាលពីសប្តាហ៍កន្លងទៅនេះ។ កាលពីថ្ងៃចន្ទ កាសែត Asahi Shimbun របស់ជប៉ុនក៏បានរាយការណ៍ពីករណីឆ្លងថ្មី៣២ទៀតនៅមូលដ្ឋានយោធា Futenma។
ជាការឆ្លើយតប យោធាសហរដ្ឋអាមេរិកបានតម្រូវឲ្យទាហានម៉ារីនរបស់ខ្លួននិងក្រុមគ្រួសារត្រូវដាក់ឲ្យនៅក្រោមវិធានការរឹតត្បិតមិនអាចចេញពីមូលដ្ឋានយោធាបាន។
ការឆ្លងក្នុងចំណោមបុគ្គលិកយោធាអាមេរិកនៅកូរ៉េខាងត្បូងហាក់មានការធូរស្រាលជាង ដោយករណីឆ្លងថ្មីជាទាហានទើបមកដល់ថ្មីពីសហរដ្ឋអាមេរិក។ យោធាអាមេរិកនៅកូរ៉េខាងត្បូងនិយាយថា ទាហាននិងអ្នកធ្វើដំណើរ៣៤នាក់ធ្វើតេស្តឃើញកូវីដ១៩ក្រោយពីពួកគេបានធ្វើដំណើរពីសហរដ្ឋអាមេរិក។ នេះជាការកើនឡើងខ្លាំងសម្រាប់យោធាអាមេរិកនៅកូរ៉េខាងត្បូងដែលកន្លងមកមានករណីឆ្លងតិចតួចប៉ុណ្ណោះ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានលុបចោលសមយុទ្ធរួមគ្នាមួយកាលពីដើមឆ្នាំនេះដោយសារកូវីដ១៩ ហើយការកើនឆ្លងថ្មីនេះអាចនឹងប៉ះពាល់ដល់ការធ្វើសមយុទ្ធប្រចាំឆ្នាំមួយទៀត។
នៅទូទាំងពិភពលោក កាលពីថ្ងៃចន្ទ វីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជាង១២,៩លាននាក់ ហើយជំងឺកូវីដ១៩បានសម្លាប់មនុស្សជិត៥៧០.០០០នាក់៕