សហរដ្ឋ​អាមេរិក អូស្ត្រាលី ថៃ និង​ជប៉ុន​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ថ្មី

អ្នក​ជំងឺ​​កូរ៉ូណាវីរុស COVID-19 កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូហាន ខេត្តហ៊ូបេ ប្រទេស​ចិន ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០២០។​

ការ​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ថ្មី ឬ COVID-19 នៅតែ​បន្ត​កើន​ឡើង។ ប្រទេស​អូស្ត្រាលី ថៃ និង​ជប៉ុន​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ថ្មី​ដោយសារ​មេរោគ​នេះ។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បុរស​អាយុ ៧៨ ឆ្នាំ​ម្នាក់ ដែល​ធ្លាប់​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​នៅ​លើ​កប៉ាល់​កម្សាន្ត Diamond Princess បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Perth ដែល​ជា​ករណី​ស្លាប់​ដំបូង​ដោយសារ​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​ថៃ​វិញ បុរស​នេសាទ​អាយុ ៣៥ ឆ្នាំ​ម្នាក់ ដែល​ធ្លាប់​បាន​បញ្ជាក់​ថា លោក​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ទេសចរ​បរទេស បាន​ស្លាប់​ដោយសារ​មេរោគ​នេះ ដែល​នេះ​ក៏​ជា​ករណី​ដំបូង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ថៃ។ រី​ឯ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ឯណោះ​វិញ បុរស​ម្នាក់​ក្នុង​វ័យ​ជាង ៧០ ឆ្នាំ បាន​ស្លាប់​ដោយសារ​មេរោគ​នេះ​នៅ​កោះ Hokkaido ភាគ​ខាង​ជើង​ប្រទេស។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ស្ថានការណ៍​ណា​មួយ​ដែល​កើត​ឡើង​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ នៅ​ពេល​ដែល​មន្ត្រី​អាមេរិក​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស។

លោក Trump ថា ករណី​ឆ្លង​បន្ថែម​អាច​កើត​មាន ប៉ុន្តែ​លោក​បាន​បន្ថែម​ថា «គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​ភ័យ​ស្លន់ស្លោ​នោះ​ទេ‍»។

លោក Robert Redfield ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ករណី​អ្នក​ជំងឺ​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ​នៅ​រដ្ឋ Washington នោះ គឺ «គ្មាន​ភស្ដុតាង​ណា​មួយ​បង្ហាញ​ថា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​នោះ​ទេ‍»។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ សេតវិមាន​ក៏​បាន​ប្រកាស​ផង​ដែរ​អំពី​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចំពោះ​ប្រទេស​អ៊ីរ៉ង់ ដោយ​បញ្ចូល​ទាំង​ជន​បរទេស​ណា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​អ៊ីរ៉ង់​នៅ​ក្នុង​រយៈពេល ១៤ ថ្ងៃ​ចុងក្រោយ​ផង​ដែរ។ បន្ថែម​ពី​នេះ​ទៀត សេតវិមាន​ក៏​បាន​បង្កើន​ការ​ណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​ដល់​កម្រិត​ខ្ពស់​បំផុត​ផង​ដែរ​ឲ្យ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី និង​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​រាលដាល​ខ្លាំង​នៃ​មេរោគ​នេះ​ក្រៅ​ពី​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា