កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ នៅពេលដែលកម្ពុជាបានក្លាយជាសមាជិកចុងក្រោយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ (អាស៊ាន) វាគឺជាការបំពេញនូវក្តីសុបិនរបស់ស្ថាបនិកនៃអង្គការតំបន់នេះក្នុងការប្រមូលប្រជាជាតិទាំង ១០ នៅក្រោមដំបូលតែមួយ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សន្តិសុខ យោធា ការអប់រំ និងវប្បធម៌ ក្នុងតំបន់ក៏ដូចជា ជាមួយនឹងប្រទេសដទៃទៀតនៅអាស៊ី។
ដោយទើបតែងើបផុតពីសង្គ្រាមស៊ីវិលជិត ៣០ ឆ្នាំ អង្គការតំបន់នេះគឺជាច្រកដ៏សំខាន់មួយក្នុងយុទ្ធសាស្រ្តដ៏ទូលាយរបស់កម្ពុជា ដើម្បីបំពេញភាពស្របច្បាប់របស់រដ្ឋាភិបាល បង្រួបបង្រួមជាតិ និងការកសាងសេដ្ឋកិច្ចតាមរយៈការធ្វើសមាហរណកម្មខ្លួនចូលក្នុងតំបន់និងពិភពលោក។
នៅក្នុងសារទៅកាន់ពលរដ្ឋកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកសរសើរពីជោគជ័យខាងនយោបាយការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយគូសបង្ហាញពីតួលេខកើនឡើងនៃការផ្តោះប្តូរពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសនៅអាស៊ានដែលកើនឡើងពី ៤ ភាគរយនៅឆ្នាំ ១៩៩៩ ដល់ ២០ ភាគរយនៅឆ្នាំ ២០១៨។
លោកហ៊ុន សែន បានបន្ថែមថា៖
«ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ាន កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេងពីយន្តការសមាហរណកម្មតំបន់មួយនេះ ដូចជាទីផ្សារដ៏ធំ លំហូរវិនិយោគទុនផ្ទាល់ពីបរទេស និងសកម្មភាពទេសចរណ៍ ក៏ដូចជាការផ្ទេរនូវទំនិញនិងចំណេះធ្វើ»។
លោកហ៊ុន សែន បន្ថែមថា កម្ពុជាប្តេជ្ញាដើរតួនាទីយ៉ាងសកម្មក្នុងការសម្រេចនូវគោលដៅដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ហើយក៏បានលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឱ្យសិក្សាស្វែងរកឱកាសបន្ថែមទៀតពីអង្គការតំបន់នេះ ដែលមានពលរដ្ឋជាង ៦៥០ លាននាក់។
លោកបានបន្ថែមថា៖
«ក្នុងឋានៈជាប្រទេសតូច កម្ពុជាមិនអាចសង្ឃឹមថារស់នៅដោយគ្មានការផ្សារភ្ជាប់ជាមួយពិភពលោកខាងក្រៅទេ។ ការរីកលូតលាស់ និងវិបុលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ អាស្រ័យជារួមលើរបៀបធ្វើការជាមួយអាស៊ាន ក្នុងការធ្វើឱ្យសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ ក៏ដូចជាការពង្រឹងសារៈសំខាន់និងភាពរឹងមាំរបស់ជាតិ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបន្ថែមថា ក្រៅពីនេះគឺកម្ពុជាសម្រេចបានលើកិច្ចការពារអធិបតេយ្យភាព ការពារជាតិ និងសន្តិសុខជាតិផងដែរ៖
«ដូច្នេះកម្ពុជាដែលយើងពេញចិត្តគឺ យើងមិនតែឯងទេ។ យើងរស់នៅក្នុងតំបន់មួយដែលចែករំលែកនូវជោគវាសនាតែមួយ និងអនាគតតែមួយជាមួយគ្នា»។
កម្ពុជាក៏នៅបន្តជួបនឹងបញ្ហាប្រឈមមួយចំនួនទៀតនៅលើផ្នែកវិស័យអប់រំ ការនាំផលិតផលកម្ពុជាចេញស្របតាមស្តង់ដា បច្ចេកវិទ្យា និងកង្វះខាតថាមពលអគ្គិសនីដែលទាមទារឱ្យកម្ពុជាត្រូវដោះស្រាយក្នុងពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកផៃ ស៊ីផាន។
អ្នកជំនាញនិងអ្នកនយោបាយក៏មើលឃើញថា បញ្ហាពលករចំណាកស្រុក សិទ្ធិមនុស្ស និងការឈានឡើងនៃឥទ្ធិពលរបស់ចិនក៏ជាបញ្ហាដែលកម្ពុជាកំពុងប្រឈមមុខផងដែរ។
លោកមឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស បានបញ្ជាក់ថា តាំងពីដំបូងទីមកគឺកម្ពុជាមិនបានរៀបចំខ្លួនត្រឹមត្រូវទេ ក្នុងពេលចូលក្នុងអាស៊ាន ដូចជាត្រូវមានផលិតផលជាក់លាក់ដែលត្រូវនាំចេញ ដូច្នេះហើយកម្ពុជាទទួលនាំចូលផលិតផលផ្សេងៗរួមទាំងកសិកម្មផងដែរ ជាជាងនាំចេញ។
លោកមឿន តុលា បានបន្ថែមថា៖
«ចំណុចហ្នឹងហើយដែលធ្វើឱ្យកម្ពុជាហ្នឹងក្លាយទៅជាប្រទេសមួយបញ្ជូនពលករទៅវិញ មិនមែនជាប្រទេសទទួលពលករទេ។ ប៉ុន្តែពលករដែលយើងបញ្ជូនហ្នឹងភាគច្រើនជាពលករមិនមានជំនាញ។ វាខុសពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ក៏គេមានបញ្ជូនពលករដែរ ប៉ុន្តែពលករគេគឺភាគច្រើនជាពលករដែលមានជំនាញ ឬមានជំនាញខ្ពស់»។
មានពលករខ្មែរជិត ២ លាននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលភាគច្រើនគឺប្រទេសថៃ។ ពួកគេបានផ្ញើប្រាក់មកក្រុមគ្រួសារវិញចំនួនជាង ៤០០ លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ នេះបើតាមតួលេខរបស់ធនាគារពិភពលោក។
អតីតគណបក្សប្រឆាំងនៅកម្ពុជាយល់ថា រយៈពេល ២០ ឆ្នាំនេះគឺមុខមាត់បានច្រើនទៅលើគណបក្សកាន់អំណាច គឺមិនមែនទៅលើប្រទេសទាំងមូលទេ។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ចាក់ថា៖
«និយាយដោយខ្លីទៅ វេទិកាអន្តរជាតិនានាដែលកម្ពុជាជាសមាជិកហ្នឹងគឺមិនបានអ្វីដែលចំណេញដល់ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរទេ គឺបានផលចំណេញទៅលើពួកមេដឹកនាំផ្តាច់ការលើឆាកអន្តរជាតិតែប៉ុណ្ណឹង។ ប៉ុន្តែបើយើងមើលឃើញលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជាតិខ្មែរហ្នឹង យើងឃើញថាបានធ្វើឱ្យប្រជាជាតិខ្មែររាប់លាននាក់បានធ្វើចំណាកស្រុកទៅ ធ្វើការស៊ីឈ្នួលគេដោយកម្លាំង។ ដូចយើងដឹងហើយថានៅពេលនេះប្រជាពលរដ្ឋខ្មែរជាង ១ លាននាក់ដែលទៅធ្វើការស៊ីឈ្នួលដោយកម្លាំងនៅប្រទេសថៃនៅប្រទេសម៉ាឡេស៊ីជាដើម»។
លោកយល់ថា ផលចំណេញសម្រាប់ពលករទាំងនោះគឺអាចដោះស្រាយជីវភាពតែពេលបច្ចុប្បន្ននេះ ហើយក្នុងពេលអនាគត នៅពេលដែលពួកគាត់អស់កម្លាំងនិងចាស់ទៅ គឺប្រទេសជាតិទាំងមូលត្រូវតែទទួលខុសត្រូវ។
អតីតគណបក្សប្រឆាំងនេះក៏បានលើកពីអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មដែលកម្ពុជាមានជាមួយនឹងប្រទេសនានាក្នុងអាស៊ាន។
ការផ្តោះប្តូរពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមឡើងដល់ជាង ៣ ពាន់លានដុល្លារដោយក្នុងនោះវៀតណាមនាំចូលកម្ពុជាជាង ២,២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ នេះបើតាមតួលេខរបស់រដ្ឋាភិបាលវៀតណាម។ ពាណិជ្ជកម្មរវាងកម្ពុជានិងថៃមានចំនួន ៨,៤ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចូល ៧,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ នេះបើតាមតួលេខរបស់រដ្ឋាភិបាលកម្ពុជា។
លោកអេង ឆៃអ៊ាង បានបន្ថែមថា៖
«អីចឹងគឺថាផលចំណេញរយៈពេល ២០ ឆ្នាំនៃការចូលអាស៊ានរបស់កម្ពុជានេះគឺសម្រាប់ប្រទេសជាតិនិងសម្រាប់ប្រជាជាតិខ្មែរ គឺបានតិចតួច ហើយបើសិនជាយើងមើលធនធានខ្មែរវិញ គឺឃើញអ្នកវិនិយោគដែលចូលមកវិនិយោគ ស្រុកខ្មែរហ្នឹងគឺភាគច្រើនមកបំផ្លាញតែម្តង។ មកកាប់បំផ្លាញ ព្រៃឈើ មករុករករ៉ែ មកជីកគាស់រ៉ែខ្មែរតែប៉ុណ្ណឹងទេ។ ប៉ុន្តែមកធ្វើអ្វី ដែលជាដុំកំភួនឱ្យប្រទេសកម្ពុជាគឺយើងអត់ឃើញមានទាល់តែសោះ»។
កម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ប៉ុន្តែមិនមានសមភាពនឹងសិទ្ធិមនុស្សទេ។ សហគមន៍អន្តរជាតិបានវាយតម្លៃថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែអាក្រក់ជាងមុនចាប់តំាងពីអតីតគណបក្សប្រឆាំងត្រូវបានរំលាយក្នុងឆ្នាំ ២០១៧ និងមិនអាចធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាបាន។
លោកអេង ឆៃអ៊ាង បានបន្ថែមថា៖
«សិទ្ធិមនុស្សគឺវាអត់មានន័យអ្វីទាំងអស់ ពីព្រោះតាំងពីកម្ពុជាចូលអាស៊ានមកគឺបញ្ហាធ្ងន់ធ្ងរ ដូចបច្ចុប្បន្ននេះគឺនិយាយពីសិទ្ធិមនុស្សនិងសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពនយោបាយហ្នឹង គឺត្រូវការរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ជាងពេលមិនទាន់ចូលសមាជិកអាស៊ានទៅទៀត»។
បញ្ហាដែលអាចមិនរំពឹងទុកកាលពី ២០ ឆ្នាំមុនគឺឥទ្ធិពលរបស់ប្រទេសចិនកាន់តែធំឡើងនៅ ក្នុងតំបន់អាស៊ាន និងជាពិសេសនៅប្រទេសកម្ពុជាដែលអាចនឹងគំរាមដល់ឯកភាពរបស់អាស៊ានផងដែរ។
ប្រទេសចិនត្រូវបានគេមើលឃើញថាបានប្រើប្រាស់ប្រទេសកម្ពុជាជាច្រកចូលមួយដើម្បីបញ្ចេញឥទ្ធិពលនៅ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការណ៍នេះត្រូវបានគេមើលឃើញកាន់តែច្បាស់នៅក្នុងឆ្នាំ ២០១២ នៅពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន ហើយដឹកនាំការប្រជុំនៅរាជធានីភ្នំពេញ ដោយមិនបានចេញសេចក្តីប្រកាសរួមក្រោយពីប្រជុំនោះភ្លាមៗទេ ដោយសារមានការខ្វែងយោបល់គ្នាលើបញ្ហាសមុទ្រចិនខាងត្បូង ដែលចិនមានជម្លោះជាមួយនឹងបណ្តាប្រទេសអាស៊ានខ្លះ។
ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងវិនិយោគក្រវាត់ផ្លូវពាណិជ្ជកម្ម។ ចិននាំចូលកម្ពុជាមានចំនួនជាង ៥,៨ ពាន់លានដុល្លារ ក្នុងខណៈពេលដែលកម្ពុជានាំទៅចិនមានតែជាង ៧៥០ លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០១៧។ ក្នុងពេលជាមួយគ្នានេះដែរ កម្ពុជាជំពាក់បំណុលចិនចំនួន ៣០០០ លានដុល្លារ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖
«កម្ពុជាត្រូវការក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនឆ្លើយតបនឹងការតភ្ជាប់។ យើងត្រូវការហេដ្ឋារចនាសម្ព័ន្ធ យើងត្រូវការអាងទឹក យើងត្រូវការប្រឡាយទឹក។ ដូច្នេះការដែលយើងចូលរួមការផ្តួចផ្តើមគំនិតនៃផ្លូវមួយខ្សែក្រវាត់មួយ គឺយើងយកផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាជាធំ»។
លោកផៃ ស៊ីផាន បានអះអាងបន្ថែមថា កម្ពុជាខិតខំប្រឹងទប់ទល់នឹងការចូលជ្រៀតជ្រែកពីខាងក្រៅ ជាពិសេសរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកនៅក្នុងតំបន់៖
«ការប្រជែងបន្ថែមទៀត យើងកំពុងតែពង្រឹងនូវអ្វីដែលជាការមិនលូកលាន់ផ្ទៃក្នុងនូវអ្វីដែលជាគោលការណ៍របស់អាស៊ាន ក៏ដូចជាការទប់ស្កាត់ពីមជ្ឈដ្ឋានខាងក្រៅ»។
ប៉ុន្តែលោកអេង ឆៃអ៊ាង យល់ថា ទំនាក់ទំនងជាមួយនឹងចិនគឺកាន់តែធ្វើឱ្យកម្ពុជាឃ្លាតឆ្ងាយពីអាស៊ាន។
លោកបានបន្ថែមថា៖
«ដោយសាររបបលោកហ៊ុន សែន អាងទៅលើក្រុងប៉េកាំងគឺរបបលោកហ៊ុន សែន បានធ្វើអ្វីៗបំពេញចិត្តក្រុងប៉េកាំង ដោយដើរផ្ទុយពីគោលការណ៍អាស៊ានជាដើម។ នេះហើយដែលធ្វើឱ្យប្រទេសកម្ពុជាអាចក្លាយទៅជាប្រទេសដែលមានជម្លោះជាមួយនឹងប្រទេសក្នុងតំបន់ជាដើម។ អីចឹងវាអត់មានអ្វីចំណេញសម្រាប់ខ្មែរទេ។ បើយើងមើលឃើញថាហ៊ុន សែន ចាប់អាស៊ានមួយចំណែក ប៉ុន្តែចាប់ចិនធំជាង គឺវាធ្វើឱ្យប៉ះពាល់ ហើយនយោបាយការបរទេសគឺថាមានការមិនសប្បាយចិត្តពីបណ្តាប្រទេសដែលជាសមាជិកអាស៊ានមួយចំនួន»។
តាំងពីចូលជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើជាប្រធានប្តូរវេននៅក្នុងឆ្នាំ២០០២ និង២០១២ ហើយគ្រោងនឹងធ្វើប្រធានជាថ្មីនៅឆ្នាំ២០២២។ បើតាមសេចក្តីរាយការណ៍នានា កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់កំពូលនៅទីក្រុងព្រះសីហនុ ជាទីដែលមហាអំណាចចិនបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់៕