គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៅថ្ងៃច័ន្ទនេះ ដោយសន្យាអំពីការកែទម្រង់ឲ្យល្អប្រសើរ ខណៈដែលអតីតប្រធានគ.ជ.ប.ឆ្លៀតរិះគន់ការចោទប្រកាន់ពីភាពលម្អៀងមកលើខ្លួនក្នុងពេលកន្លងមក។
សមាជិកថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃច័ន្ទនេះដោយបង្ហាញពីការប្តេជ្ញាចិត្តសម្រាប់ការបំពេញការងារដោយឯករាជ្យ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ធ្លាប់ទទួលរងការរិះគន់ពីសង្គមស៊ីវិលជាតិនិងអន្តរជាតិនិងពីគណបក្សជំទាស់ពីភាពលម្អៀងទៅរកគណបក្សកាន់អំណាចនិងបញ្ហាបោះឆ្នោតដែលផ្តល់ផលប្រយោជន៍ដល់បក្សដឹកនាំប្រទេស។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.ថ្មីបានប្រកាសក្នុងពិធីឡើងកាន់ការងារជាផ្លូវការនេះថា លោកនឹងជំរុញឲ្យលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានគ្រប់ភាគី។
«យើងខ្ញុំសូមប្តេជ្ញាប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តនូវតួនាទី ភារកិច្ចប្រកបដោយឯករាជ្យ អព្យាក្រឹត សុចរិតភាព តម្លាភាព សំដៅធានាដល់ការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីសម្រេចឲ្យបានការបោះឆ្នោតមួយដែលលទ្ធផលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។»
ទស្សនាឡើងវិញ៖ សភាយល់ព្រមចំពោះសមាជិកគ.ជ.ប.ថ្មី
Your browser doesn’t support HTML5
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងប្រាំបួនរូបបានចូលស្បថកាន់តំណែងកាលពីថ្ងៃសៅរ៍ ហើយពិធីផ្ទេរតំណែងនៅថ្ងៃនេះស្ថិតក្រោមអធិបតីភាពរបស់លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដែលជាតំណាងឲ្យព្រះមហាក្សត្រ ដែលព្រះអង្គកំពុងគង់នៅប្រទេសចិន។
ការបង្កើតឲ្យមានសមាសភាពថ្នាក់ដឹកនាំគ.ជ.ប.ថ្មីគឺជាផ្នែកមួយនៃគោលដៅកែទម្រង់ការបោះឆ្នោតដែលគណបក្សជំទាស់និងសហគមន៍ក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិទទូចទាមទារជាច្រើនឆ្នាំមកហើយ ជាពិសេសក្រោយពីមានការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។
សមាសភាពសមាជិកគ.ជ.ប.ថ្មីរួមមានលោក ស៊ិក ប៊ុនហុក ប្រធាន លោក មាន សាទិ លោក ឌុច សុន លោក ឯម សូផាត ជាសមាជិកមកពីគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន អនុប្រធាន លោក រ៉ុង ឈុន លោក ហ៊ីង ធីឫទ្ធិ មកពីគណបក្សសង្គ្រោះជាតិ ព្រមទាំងលោក ហង្ស ពុទ្ធា ជាបេក្ខជនឯករាជ្យជ្រើសរើសចេញពីសង្គមស៊ីវិល។
លោក គួយ ប៊ុនរឿន បានថ្លែងប្រាប់អ្នកកាសែតក្រោយពីពិធីផ្ទេរតំណែងថា ការរៀបចំការបោះឆ្នោតថ្មីនឹងទទួលលទ្ធផលជាវិជ្ជមាន។
«ដើម្បីធានានូវអព្យាក្រឹតភាព ភាពឥតលម្អៀងនិងភាពសច្ចៈ ផ្តល់យុត្តិធម៌ប្រកបដោយតម្លាភាពក្នុងការផ្តល់ជំនឿដល់គ្រប់ភាគីទាំងអស់ ធានានិងគោរពសិទ្ធិរបស់ប្រជាពលរដ្ឋឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះឈ្មោះបោះឆ្នោតហើយសិទ្ធិក្នុងការសំដែងមតិរបស់ខ្លួន។ ហើយឆន្ទៈរបស់ប្រជាពលរដ្ឋត្រូវបានគោរពពិតប្រាកដ។»
លោក អ៊ឹម សួស្តី អតីតប្រធានគ.ជ.ប.បានថ្លែងថា គ្មានការបោះឆ្នោតណាមួយដែលល្អឥតខ្ចោះនោះទេ ហើយស្ថាប័នរបស់លោកបានប្រឹងប្រែងធ្វើការប៉ុន្តែនៅតែមានការរិះគន់។
លោក អ៊ឹម សួស្តី បញ្ជាក់ថា ការដោះស្រាយបញ្ហាត្រូវមានការចូលរួមពីគ្រប់ភាគីនិងជាពិសេសពីក្រុមអាជ្ញាធរ៕