នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអូស្ត្រាលីលោក Anthony Albanese បានស្បថចូលកាន់តំណែងនៅថ្ងៃចន្ទនេះហើយបន្ទាប់មកភ្លាមលោកបានធ្វើដំណើរទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូ ប្រទេសជប៉ុនជាមួយនឹងសារមួយទៅកាន់ពិភពលោកថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចូលរួមដោះស្រាយលើបញ្ហាបម្រែបម្រួលអាកាស ធាតុ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រធានគណបក្សពលករឆ្វេងកណ្តាលក្នុងប្រទេសអូស្ត្រាលីដែលមានវ័យ៥៩ឆ្នាំរូបនេះបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអូស្ត្រាលីនៅក្នុងពិធីខ្លីមួយដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ផងពីវិមានរដ្ឋាភិបាលក្នុងទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលី។
នៅក្នុងកម្មវិធីបន្ទាន់មួយក្រោយការឈ្នះឆ្នោតរួចមក លោកបានធ្វើដំណើរតាមយន្តហោះ ទៅចួលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងតូក្យូជាមួយមេដឹកនាំប្រទេសឥណ្ឌា ជប៉ុននិងសហរដ្ឋអាមេរិកដែលត្រូវបានស្គាល់ថាជាក្រុមចតុភាគីឬ Quad នោះ។
លោក Albanese ក៏បាននិយាយដែរថា លោកនឹងចូលរួមក្នុងជំនួបមួយទល់នឹងមួយជាមួយមេដឹកនាំនៃប្រទេសទាំងនេះក្នុងប្រទេសជប៉ុនផងដែរ។
ប៉ុន្តែលោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់បំផុតមួយរបស់អូស្ត្រាលី ហើយលោកក៏បានឱ្យដឹងផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានហៅទូរ ស័ព្ទទៅលោកកាលពីយប់ម្សិលមិញហើយបានធ្វើការសន្ទនាជាមួយគ្នាប្រកបដោយផ្លែផ្កា។
លោកបានថ្លែងបា្រប់សន្និសីទសារព័ត៌មានលើកដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលីថា «ជំនួបពិភាក្សាក្នុងទីក្រុងតូក្យូជាវិធីល្អមួយដើម្បីផ្ញើសារទៅកាន់ពិភព លោកថា អូស្ត្រាលីនៅពេលនេះទើបមានរដ្ឋាភិបាលថ្មីមួយ»។
នេះជារដ្ឋាភិបាលដែលតំណាងឱ្យមានការផ្លាស់ប្តូរមួយទៅលើបញ្ហាមួយចំនួនដែលយើងចូលរួមដោះស្រាយជាមួយពិភពលោកដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម»។
ដោយឡែកជាមួយប្រទេសចិនវិញ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអូស្ត្រាលីរូបនេះលើកឡើងថា ទំនាក់ទំនងរវាងប្រទេសអូស្ត្រាលីជាមួយរដ្ឋាភិបាលក្រុងប៉េកាំង«នឹងនៅតែស្ថិតនៅក្នុងភាពលំបាកមួយ» ដដែល៕