យន្តហោះក្រុមចម្រុះ បានចាប់ផ្តើមវាយប្រហារតាមអាកាសថ្មីប្រឆាំងនឹងទីតាំងដែលនៅសេសសល់ចុងក្រោយរបស់ក្រុមភេរវកម្មរដ្ឋឥស្លាមបន្ទាប់ពីការខំប្រឹងប្រែងជម្លៀសជនស៊ីវិលបន្ថែមបានត្រូវជាប់គាំង។
ការវាយប្រហារនោះ អមដោយការបាញ់កាំភ្លើងធំ បានដៅលើទឹកដីដ៏តូចចុងក្រោយបង្អស់ដែលកាន់កាប់ដោយក្រុមរដ្ឋឥស្លាមនៅក្នុងភូមិ Baghuz ភាគខាងកើតប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីជនស៊ីវិល២ពាន់នាក់បានត្រូវជម្លៀសចេញពីតំបន់នោះ។
លោក Adnan Afrin មេបញ្ជាការរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រាប់ VOA ថា៖
«យន្តហោះរបស់ក្រុមចម្រុះ បានវាយប្រហារលើទីដៅជាច្រើននៅលើសមរភូមិភាគខាងលិច»។
លោក និយាយទៀតថា៖
«ការណ៍នេះ បានធ្វើឲ្យមានភាពវឹកវក្នុងចំណោមពួកភេរវជនក្រុមរដ្ឋឥស្លាមហើយនឹងផ្តល់ឱកាសឲ្យជនស៊ីវិលខ្លះនៅក្នុងតំបន់ដែលពួកគេកាន់កាប់រត់គេចខ្លួន»។
ការវាយប្រហារនោះ អនុញ្ញាតឲ្យជនស៊ីវិលរាប់រយនាក់រត់គេចខ្លួនចេញចេញពីទីតាំងរបស់ក្រុមរដ្ឋឥស្លាមតាមថ្មើរជើង។ លោក Afrin និយាយទៀតថា អ្នកប្រយុទ្ធខ្លះ បានស្ថិតនៅក្នុងការឃុំឃាំង។
មន្រ្តីក្រុមចម្រុះនិងកងកម្លាំងស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក និយាយថា ពួកគេជឿជាក់ថា ពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមរាប់រយនាក់ បាននៅលាក់ខ្លួនក្នុងភូមិ Baghuz។ ពួកគេជាច្រើននាក់ បានជ្រកពួនក្នុងតង់ស្នាក់នៅក្នុងទីកន្លែងដែលមានទំហំមិនលើសពីប៉ុន្មានរយម៉ែត្រការ៉េប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ពួកមន្រ្តី ភ័យខ្លាចថា ពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមជាច្រើន ក៏ត្រូវបានលាក់ខ្លួននៅក្នុងរូងក្រោមដីនៅក្រោមភូមិ ដោយយកជនស៊ីវិលធ្វើជាខែលការពារមនុស្ស៕