ហូឡង់​នឹង​ប្រកាស​​ត្រួត​ពិនិត្យ​ការ​​នាំ​ចេញ​បច្ចេកវិទ្យា​ទៅ​​​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​នេះ​

លោកស្រី Micky Adriaansens រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និង​អាកាសធាតុ​ហូឡង់​ស្តាប់ស​ំណួរ​ពីអ្នកកាសែត​នៅ​ស្ថានទូត​ Dutch ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​០៨ មិថុនា ឆ្នាំ២០២៣។

រដ្ឋាភិបាល​ប្រទេស​ហូឡង់​ ក្នុង​ពេល​ឆាប់ៗខាង​មុខ​នេះ ​នឹង​ចូលរួមជា​មួយ​សហ​រដ្ឋ​អាមេរិកនិង​ប្រទេស​ជប៉ុនដើម្បី​ដាក់​ចេញ​នូវវិធាន​ការ​ថ្មីមួយ​ចំនួន​ដើម្បី​ត្រួត​ពិនិត្យការ​នាំចេញបន្ទះ​អេឡិចត្រូនិក​ semiconductor ​ក្នុង​គោល​បំណង​កុំ​ឱ្យ​បច្ចេកវិទ្យា​សំខាន់ៗ​ធ្លាក់​ក្នុង​ដៃរបស់​ចិន ដោយ​សារ​បារម្ភ​ពី​ការ​ប្រើប្រាស់​មិន​បាន​ត្រឹម​ត្រូវ។ ​នេះ​បើ​តាមការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋ​កិច្ចហូឡង់​ ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ ក្នុង​ដំណើរ​ទស្សន​កិច្ចមកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហ​រដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​ទៅ។​ ​

វិធានការ​នេះ​ទំនង​ជានឹង​រឹង​បន្តឹង​បន្ថែម​ទៀត​ មិន​ឱ្យ​ក្រុមហ៊ុន ​ASML ​ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេឡិច​ត្រូនិកដ៏​ទំនើប​នៅ​ក្នុង​ប្រទេស​ហូឡង់​ ​ លក់​ផលិត​ផល​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ចិន។​ ក្រុមហ៊ុន​នេះ​ កាល​ពី​ឆ្នាំ​ទៅ​ បាន​បង្ហាញ​«ទិន្នន័យអំពី​ការ​ប្រើប្រាស់មិន​ត្រឹម​ត្រូវ ដោយគ្មាន​ការ​អនុញ្ញាត»​ ​ដោយអតីត​បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុននេះ នៅ​ក្នុង​ប្រទេស​ចិន។​

សហ​រដ្ឋ​អាមេរិក​កាល​ពី​ខែ​តុលាឆ្នាំ​២០២២ ​បាន​ប្រកាសវិធានការ​ត្រួត​ពិនិត្យការ​នាំ​ចេញ​របស់​ខ្លួន ​ទាក់​ទង​បន្ទះ​ស៊ីគ្វៀទំនើប​បញ្ចូល​គ្នា​សម្រាប់​កំព្យូទ័រ​ និង​គ្រឿង​ផលិត​បន្ទះ​អេឡិចត្រូនិក​ semiconductor មួយ​ចំនួនទៀត។​

សហ​រដ្ឋ​អាមេរិក​និយាយ​ថា​ វិធាន​ការ​នេះគឺសំដៅ​លើ​មុខ​ទំនិញ​ ដែល​អាច​រួម​ចំណែក​ដោយ​ផ្ទាល់ក្នុង​ការសម្រេច​ចិត្ត​ផ្នែក​យោធា​ជឿន​លឿន​ ដូច​ជា ​«ការ​រចនា​ ឬ​សាកល្បង​អាវុធ​មហា​ប្រល័យ​(WMD) ​ការ​ផលិត​បន្ទះ​អេឡិចត្រូនិក​សម្រាប់ប្រើប្រាស់​ក្នុងប្រព័ន្ធ​យោធាទំនើប​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ឈ្លប​យក​ការណ៍​ទំនើប​ ដែល​អាច​ប្រើប្រាស់ក្នុង​កម្មវិធី​បច្ចេក​វិទ្យា​យោធា​ និងរំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម»។​

សហ​រដ្ឋ​អាមេរិក​បាន​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​ឲ្យ​សម្ព័ន្ធ​មិត្ត​ ​ដែល​រួម​មាន​ប្រទេស​ជប៉ុន​ ​និង​ហូឡង់​ ​ដែលបាន​ដើរ​តួនាទី​សំខាន់នៅ​ក្នុង​សង្វាក់ផ្គត់ផ្គង់​បន្ទះ​អេឡិចត្រូនិក​ ចេញវិធាន​ការស្រដៀង​គ្នា​នេះ​ផង​ដែរ។​ លោក​ស្រី Micky Adriaansens ​រដ្ឋមន្ត្រី​សេដ្ឋ​កិច្ច​ និង​អាកាសធាតុ​របស់​ប្រទេស​ហូឡង់​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម​ នៅក្នុង​ស្ថានទូត​ហូឡង់​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​ថា ​«កង្វល់​ចម្បង​គឺ​ខ្លាច​បច្ចេកវិទ្យាធ្វើ​បន្ទះ​អេឡិច​ត្រូនិក​ត្រូវ​ប្រើ​ក្នុង​សម្ភារៈ​យោធា។​ ​ ​

លោក​ស្រី​ Adriaansens​ បាន​ទទួល​ស្គាល់​ថា​ ​ ​ការ​ចរចារ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​មែន​ជា​រឿងងាយ​ស្រួល​នោះ​ឡើយ។​ លោក​ស្រី​បន្ថែម​ទៀត​ថា​ «និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ ​កិច្ច​ប្រជុំមាន​ភាព​តានតឹង​ ហើយ​វា​នៅ​តែ​តាន​តឹង​នៅ​ឡើយ។ ​ប៉ុន្តែ​យើង​បាន​ឯកភាព​គ្នា​រួច​ហើយលើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ ជា​មួយ​នឹង​ការ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកថា​ អ្វីដែល​ត្រឹមត្រូវ​ ហើយដែលត្រូវ​ធ្វើ​នោះ»។

លោក​ស្រី ​Adriaansens ​និយាយ​ថា​ ​ការ​យល់​គ្នា​នោះ​នឹង​ត្រូវ​បក​ស្រាយ​បញ្ចូល​ទៅ​ក្នុង​បទ​បញ្ញតិ្ត​ទាំង​ពួង​ ប៉ុន្តែ​ថា​ ប្រទេស​របស់​លោក​ស្រី​យល់​ពី​សារៈ​សំខាន់​នៃ​វិធានការ​ទាំងនេះ។​

រដ្ឋមន្ត្រី​ហូឡង់​រូប​នេះ​បញ្ជាក់​បន្ថែម​ទៀត​ថា​ «យើង​ដឹង​ថា​ យើង ​ដែល​រួមមាន​សហ​រដ្ឋ​អាមេរិក​ ប្រទេស​ហូឡង់​ ជប៉ុន​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​មាន​ភាព​រឹងមាំ​ក្នុង​សង្វាក់​តម្លៃ​បន្ទះ​អេឡិចត្រូនិក​ និង​សង្វាក់​ផ្គត់ផ្គង់​ ហើយ​យើង​មានការ​ទទួល​ខុសត្រូវលើ​បញ្ហា​នេះ»។ ​លោក​ស្រី​ក៏​បានគាំទ្រ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយរបស់​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​ជប៉ុន​ ​កាល​ពី​ខែ​មីនា​ផង​ដែរ។​

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ពី​វិធានការ​របស់​ខ្លួន​កាល​ពីថ្ងៃ​ទី​៣១​ ខែ​មីនា​កន្លង​ទៅ​នេះ​ ដោយ​លើក​ឡើង​ថា​ ចាប់​ពី​ដើម​ខែ​កក្កដា​នេះ​ត​ទៅ​ ​ប្រទេស​ជប៉ុន​នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យឧបករណ៍​ផលិត​បន្ទះ​អេឡិចត្រូនិក​ ចំនួន​២៣​ប្រភេទ​ មិន​ឱ្យ​នាំ​ចេញទៅ​កាន់​ប្រទេស​ចិន​ឡើយ។ ​រដ្ឋមន្ត្រី​ក្រសួងឧស្សហ​កម្ម​ ពាណិជ្ជ​កម្ម​ និង​សេដ្ឋកិច្ច​ជប៉ុន​ ​លោក​ Yasutoshi Nishimura ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា​ «យើងកំពុង​អនុវត្ត​នូវ​ការ​ទទួល​ខុស​ត្រូវរបស់​យើង​ ក្នុង​នាម​ជា​ប្រទេស​បច្ចេវិទ្យា​មួយ​ ដែល​រួម​វិភាគ​ទានដល់​ស្ថិរភាព ​និង​សន្តិភាព​អន្តរជាតិ»។

ASML ​ជា​ក្រុមហ៊ុន​សំខាន់​សម្រាប់​ការ​ត្រួត​ពិនិត្យ​ការ​នាំចេញបន្ទះ​អេឡិចត្រូនិករបស់​ប្រទេស​ហូឡង់​ ហើយជា​ក្រុមហ៊ុនរបស់​ហូឡង់​មាន​ស្នាក់ការ​ធំនៅ​ក្នុង​ទីក្រុង​ Veldhoven ​ដែល​នៅ​ចម្ងាយ​ប្រមាណ​១០០​គ.ម.​នៅ​ផ្នែក​អាគ្នេយ៍នៃ​រាជធានី​អាំស្ទែដាំ​ (Amsterdam) ប្រទេស​ហូឡង់។ ​ក្រុមហ៊ុន​នេះត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជាកន្លែង​ផលិត​សំភារៈ​បន្ទះ​អេឡិចត្រូនិក​ម៉ាស៊ីន​បោះពុម្ព​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូងៗ​ ​ ​ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​គេ​ហៅឈ្មោះ​កាត់​ថា​ ​ក្រុមហ៊ុន ​ASML៕​


ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ