នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយនៅថ្ងៃអាទិត្យនេះថា ការបន្ថែមម៉ាស៊ីនថតវីដេអូសន្តិសុខនៅទីកន្លែងសក្ការៈក្រុងហ្ស៊េរុយសាឡិម ដែលជនជាតិជ្វីពហៅថា Temple Mount ហើយពួកអ្នកកាន់សាសនាឥស្លាមហៅថា ព្រះវិហារអ៊ីស្លាម Al-Aqsa ជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់អ៊ីស្រាអែល។
លោកនាយករដ្ឋមន្រ្តីបានប្រាប់កិច្ចប្រជុំរបស់គណៈរដ្ឋមន្រ្តីថា វិធានការនេះនឹងជួយទាំងការបដិសេធការទាមទារថា អ៊ីស្រាអែលចង់ផ្លាស់ប្តូរច្បាប់នានា ដែលអនុញ្ញាតឲ្យពួកអ៊ីស្លាមធ្វើការបន់ស្រន់នៅទីនោះ តែមិនមែនពួកជ្វីព ហើយក៏បង្ហាញពីទីកន្លែងពិតប្រាកដ ដែលការបង្កហេតុកើតចេញមក។
ភាពតានតឹងពាក់ព័ន្ធនឹងការភ័យខ្លាចពីការផ្លាស់ប្តូរច្បាប់នេះបានដើរតួនាទីយ៉ាងសំខាន់ទាក់ទឹនអំពើហិង្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់១០នាក់ ហើយជនប៉ាឡេស្ទីនប្រហែល ៥០នាក់។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែល និងហ្សកដានីបានព្រមព្រៀងគ្នាលើវិធានការសំខាន់ៗ ដើម្បីជួយកាត់បន្ថយអំពើហិង្សា រួមមានទាំងការឃ្លាំមើលតាមរយៈម៉ាស៊ីនថតវីដេអូសន្តិសុខផង។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បានមានប្រសាសន៍ថា «ការណ៍នេះនឹងផ្តល់ការអាចមើលឃើញ និងតម្លាភាពដ៏ធំ»។
លោកបានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលនៃការបង្ហាញខ្លួនរួមគ្នាជាមួយលោក Nasser Judeh រដ្ឋមន្រ្តីការបរទេសហ្សកដានីនៅក្នុងរាជធានីអាម៉ង់។
លោករដ្ឋមន្រ្តីការបរទេសហ្សកដានី Judeh បាននិយាយថា បញ្ហាក្នុងតំបន់មជ្ឈិមបូព៌ា មានភាពស្មុគ្រស្មាញ ប៉ុន្តែភាគីពាក់ព័ន្ធនានាអាចជម្នះអ្វីដែលចាត់ទុកថា ជាការពិបាកដ៏ខ្លាំងនេះ៕