ខ្មែរ​ភាពយន្ត​ជា​ភាសា​ខ្មែរ​ដំបូង​ដែល​ដឹកនាំ​ដោយ​តារា​ហូលីវូដ​អង្រួន​អារម្មណ៍​​ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង

Your browser doesn’t support HTML5

ចុច​ទស្សនា៖ ខ្មែរ​ភាពយន្ត​ជា​ភាសា​ខ្មែរ​ដំបូង​ដែល​ដឹកនាំ​ដោយ​តារា​ហូលីវូដ ​អង្រួន​អារម្មណ៍​របស់​ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង

កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា កន្លង​ទៅ​នេះ មាន​ការ​បញ្ចាំង​ភាពយន្ត​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម‍​សម្លាប់‍​ប៉ា​របស់​ខ្ញុំ‍» ដល់​ទស្សនិកជន​ខ្មែរ​អាមេរិកាំង​​ប្រមាណ​ជាង​២០០​នាក់​នៅ​តំបន់​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។ ភាពយន្ត​ជា​ភាសា​ខ្មែរ​ដំបូង​ ដែល​ដឹកនាំ​ដោយ​តារា​ហូលីវូដ​លោកស្រី Angelina Jolie នេះ​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មិន​ត្រឹមតែ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ផ្ទាល់​នូវ​រឿងរ៉ាវ​ដ៏​រន្ធត់​ក្នុង​សម័យ​​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​កូន​ខ្មែរ​អាមេរិកាំង​ដែល​ចេះ​ភាសា​ខ្មែរ​ក្នុង​កម្រិត​ផ្សេង​គ្នា​ទៀត​ផង។

ចំណង​ជើង​ភាពយន្ត​រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់‍​ប៉ា​របស់​ខ្ញុំ» បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកស្រី និត បញ្ញា អាយុ៤៥តាំង​ពី​រឿង​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​និង​ សម្ពោធ​ការ​បញ្ចាំង​ដំបូង​យ៉ាង​អធិកអធម​កាល​ពី​ខែ​កុម្ភៈ​នៅ​ប្រទេស​កម្ពុជា​ម៉្លេះ។

ក្រោយ​ពី​រឿង​នេះ​ត្រូវ​ចាប់​បញ្ចាំង​តាម​គេហទំព័រ Netflix នៅ​ពាក់​កណ្តាល​ខែ​កញ្ញា ក៏​អ្នកស្រី បញ្ញា ដែល​មាន​ស្រុក​កំណើត​នៅ​ក្រុង​បាត់ដំបង ហើយ​សព្វ​ថ្ងៃ​ជា​អ្នក​សំអាង​ម្នាក់​រស់​នៅ​ទីក្រុង Leesburg រដ្ឋ Virginia សុខ​ចិត្ត​រង់​ចាំ​ការ​បញ្ចាំង​ភាពយន្ត​នេះ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montegomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន នេះ​ដែរ។

ប៉ុន្តែ​ទោះ​បី​មាន​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​នេះ ហើយ​ខំ​ឆ្លៀត​យក​ថ្ងៃ​ឈប់​សម្រាក​ ដើម្បី​ធ្វើ​ដំណើរ​ពី​គេហដ្ឋាន​នៅ​ទីក្រុង Leesburg ចម្ងាយ​ជាង​៧០​គីឡូម៉ែត្រ​ មក​ទស្សនា​ការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នៅ​ពេល​យប់​ នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​ ក៏​អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​រោងកុង​ក្រោយ​ការ​ទស្សនា​បាន​បន្តិច​ប៉ុណ្ណោះ ដល់​ឈុត​មួយ​ដែល​អ្នក​ស្រី​ទប់​ទឹក​ភ្នែក​លែង​បាន។

អ្នក​ស្រី​ថ្លែង​ដោយ​អួល​ដើម​ក​ថា៖

«ក្នុង​កន្លែង​ដែល​កុមារ​ ដែល​គេ​ឲ្យ​បបរ​ហ្នឹង​ណា បបរ​ហ្នឹង​វា​តិច… វា​ដូច​ពួក​បង​វា​អត់​មាន​គ្រាប់​អង្ករ​សោះ។ វា​ពិបាក​និយាយ​ណាស់​អូន។ ហើយ​អង្ករ​បបរ​ប៉ុណ្ណឹង​បង​យក​មក​ថែម​ បេះ​ស្លឹក​អី​មក​ថែម​បបរ​ហ្នឹង​ណា ឲ្យ​ប្អូន​ញ៉ាំ ខ្លួន​ឯង​សុខ​ចិត្ត​អត់។ ដល់​ឃើញ​កន្លែង​អង្ករ​ហ្នឹង​បង​នឹក​ឃើញ​ខ្លួន​ឯង​ បង​ក៏​អត់​ហ៊ាន​មើល​ទៀត‍»។

អ្នកស្រី ​និត បញ្ញា អាយុ​៤៥ ជា​អ្នក​សំអាង​នៅ​ក្រុង​ Leesburg រដ្ឋ Virginia ផ្តល់បទ​សម្ភាសន៍​នៅ​ក្រោយ​អ្នក​ស្រី​បាន​ដើរ​ចេញ​ពី​ការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montegomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧ ក្រោយ​ពី​អ្នកស្រី​ទប់​ទឹក​ភ្នែក​មិន​បាន។ (VOA)

ក្រៅ​ពី​សាច់​រឿង​ដែល​ដូច​នឹង​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​អ្នកស្រី​ ការណ៍​ដែល​ភាពយន្ត​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នេះ​សម្តែង​ជា​ភាសា​ខ្មែរ​និង​មាន​ពាក្យ​ខ្មែរ​ដូច​ជា «ប៉ា‍» ធ្វើ​ឱ្យ​អ្នកស្រី​មាន​អារម្មណ៍​កាន់​តែ​ខិត​ជិត​ទៅ​រឿងរ៉ាវ​អតីតកាល​ ក្នុង​របៀប​មួយ​ដែល​ការ​ថត​ជា​ភាសា​អង់គ្លេស​មិន​អាច​មាន​អត្ថន័យ​ជ្រៅជ្រះ​ដូច​បាន។

អ្នកស្រី និត បញ្ញា ថ្លែង​ប្រាប់ VOA ថា៖

«អា​នេះ​និយាយ​ជា​ខ្មែរ​មក បើ​ខ្មែរ​ឭ​យំ​បណ្តោយ ​ព្រោះ​វា​ជា​រឿង​យើង។ ហើយ​បើ​គេ​បក​ទៅ​ជា​អង់គ្លេស យើង​យល់​ដែរ ប៉ុន្តែ​ពេល​ខ្លះ​វា​បាត់​ន័យ​អា​ក្តុកក្តួល​អស់​រលីង វា​ទៅ​ជា​អត់​សូវ​កំសត់​ប៉ុន្មាន​ទេ​ មើល​ទៅ។‍»

ការ​ប្រើ​ពាក្យ‍​ «ប៉ា‍» នៅ​ក្នុង​ចំណង​ជើង​រឿង​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នកស្រី​នឹក​ឃើញ​ឪពុក​ដែល​ត្រូវ​ខ្មែរក្រហម​សម្លាប់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ពាក្យ​នេះ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នកស្រី​នឹក​ដល់​អត្ថន័យ​ឈឺ​ចាប់​នៃ​ការណ៍​ដែល​របប​ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​អ្នកស្រី​និង​ពលរដ្ឋ​ខ្មែរ​អ្នក​ទីក្រុង​ជា​ច្រើន​ផ្លាស់ប្តូរ​ពាក្យ​ប្រើប្រាស់​ក្នុង​គ្រួសារ​ និង​ការ​បំបែកបំបាក់​ទំនាក់ទំនង​ក្នុង​គ្រួសារ។

អតីត​កុមារី​សម័យ​ខ្មែរក្រហម​រូប​នេះ​ពន្យល់​ថា៖ «គេ​ឲ្យ​ដូរ​មក​ពាក្យ «ពុក‍» ពី«ប៉ា ម៉ាក់‍» ដូរ​មក «ពុក ម៉ែ‍» ទម្រាំ​តែ​ដូរ​រួច។‍»

ភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» ដែល​ដឹកនាំ​ថត​ដោយ​តារា​ហូលីវូដ​ដ៏​ល្បី​គឺ​លោកស្រី​ Angelina Jolie ត្រូវ​បាន​ថត​តាម​សៀវភៅ​ជីវប្រវត្តិ​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ឈ្មោះ​ «First They Killed My Father‍» ដែល​រៀបរាប់​អំពី​ជីវប្រវត្តិ​នៃ​អ្នកនិពន្ធ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ អ្នកស្រី អ៊ឹង លួង កាល​អ្នក​ស្រី​នៅ​ជា​កុមារី​អាយុ​៥ឆ្នាំ ក្នុង​របប​ខ្មែរ​ក្រហម ដែល​គេ​ដឹង​ថា បាន​ធ្វើ​ឲ្យ​ស្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​២​លាន​នាក់ ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។

ភាពយន្ត​ដែល​ផលិត​សម្រាប់​គេហទំព័រ​ភាពយន្ត Netflix នេះ ត្រូវ​បាន​ដាក់​បញ្ចាំង​ជូន​សាធារណជន​ខ្មែរ​អាមេរិកាំង​និង​អាមេរិក​នៅ​មហាវិទ្យាល័យ Montgomery College ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ខែ​តុលា​នេះ គឺ​នៅ​ក្រាយ​ការ​បើក​សម្ពោធ​ការ​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ​ និង​ការ​បញ្ចាំង​ជា​ផ្លូវ​ការ​តាម​គេហទំព័រ Netflix សម្រាប់​ទស្សនិកជន​នៅ​សហរដ្ឋអាមេរិក​និង​នៅ​ទូទាំង​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

កុមារី ​និត បូនីតា អាយុ១០​ កូនស្រី​របស់​អ្នកស្រី និត បញ្ញា ​បាន​អម​ដំណើរ​ម្តាយ ​មក​ទស្សនា​ការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montegomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។ (VOA)

កូន​ស្ត្រី​របស់​អ្នកស្រី និត បញ្ញា គឺ​កុមារី និត បូនីតា អាយុ​១០​ឆ្នាំ​បាន​មើល​រឿង​«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់‍​ប៉ា​របស់​ខ្ញុំ‍» តាម Netflix ចំនួន​បី​លើក​រួច​ទៅ​ហើយ។ ប៉ុន្តែ​កុមារី បូនីតា បាន​អម​ដំណើរ​ម្តាយ​ដែល​នៅ​ផ្ទះ​ខ្លួន​ហៅ​ថា«ម៉ាក់‍»នោះ មក​ចូលរួម​ទស្សនា​នៅ​មជ្ឈមណ្ឌល​សិល្បៈ​នៃ​មហាវិទ្យាល័យ​សហគមន៍ Montgomery College នេះ តាម​បំណង​ម្តាយ ដែល​ប្រាថ្នា​ចង់​ឃើញ​សាច់រឿង​មួយ​ដែល​ដូច​នឹង​ដំណើរ​រឿង​ខ្លួន​ដែរ។

«ម្តាយ​ខ្ញុំ​តែង​និយាយ​ប្រាប់​ខ្ញុំ​ថា «មុន​ដំបូង​សម្លាប់​ប៉ា​របស់​ម៉ាក់‍» ព្រោះ​គាត់​ជា​គ្រូបង្រៀន ហើយ​គាត់​បាត់​ខ្លួន ហើយ​ម្តាយ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា យាយ​របស់​ខ្ញុំ​ក៏​ហៀប​នឹង​ត្រូវ​គេ​សម្លាប់ ដូច​មនុស្ស​ជាច្រើន​ដែល​បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរក្រហម​ដែរ‍»។‍

កុមារី បូនីតា ដែល​ចេះ​ភាសា​ខ្មែរ​បង្គួរ​រូប​នេះ ថ្លែង​ប្រាប់ VOA ថា នាង​ចូល​ចិត្ត​ការណ៍ ដែល​ភាពយន្ត​នេះ​ផលិត​ជា​ភាសា​ខ្មែរ ដែល​នាង​ស្តាប់​បាន​ ហើយ​មាន​ចំណង​ជើង​បកប្រែ​ជា​ភាសា​អង់គ្លេស​ ដែល​នេះ​ធ្វើ​ឲ្យ​នាង​ងាយ​ខិត​ជិត​ទៅ​នឹង​បទពិសោធន៍​ដែល​ម្តាយ​នាង​បាន​ឆ្លងកាត់។

«បើ​ថត​ជា​ភាសា​អង់គ្លេស​មិន​ល្អ​ដូច​ថត​ជា​ភាសា​ខ្មែរ​ទេ ព្រោះ​វា​មិន​អាច​ឲ្យ​ដូច​ជនជាតិ​ខ្មែរ​និយាយ​ខ្មែរ​ទេ។ រឿងរ៉ាវ​នេះ​ជា​រឿងរ៉ាវ​របស់​ខ្មែរ ប្រសិន​បើ​មាន​សំឡេង​ភាសា​អង់គ្លេស​បែប​អាមេរិកាំង​វិញ ដូច​ជា​មិន​សូវ​ទំនង​ទេ។‍»

អ្នកស្រី គិត ស្រីរ័តន៍ (Sarah Kith) អាយុ ៤៦ ឆ្នាំ ជា​អ្នក​សម្របសម្រួល​ម្នាក់​នៅ​បណ្ណាល័យ​សភា​ជាតិ​សហរដ្ឋ​អាមេរិក (Library of Congress) ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ភាគ​ខាង​ជើង​រដ្ឋ Virginia ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នក​ស្រី​ជា​អ្នក​ស្គាល់​គ្នា​ជាមួយ​អ្នកស្រី អ៊ឹង លួង អ្នក​និពន្ធ​សៀវភៅ​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន First They Killed My Father ប៉ុន្តែ​មិន​ធ្លាប់​អាន​សៀវភៅ​រឿង​ឬ​ទស្សនា​ភាពយន្ត​នេះ​ទេ​ ដោយសារ​រឿងរ៉ាវ​កុមារី អ៊ឹង លួង ដូច​នឹង​រឿងរ៉ាវ​អ្នកស្រី គិត ស្រីរ័តន៍ ដែរ ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺ​ចាប់​ពេល​រំឭក​ឡើង​វិញ។ អ្នកស្រី​បាន​មក​ជាមួយ​ក្រុម​គ្រួសារ​បី​ជំនាន់ រួម​ទាំង​ជី​ដូន​ផង ហើយ​ថ្លែង​ប្រាប់ VOA ក្រោយ​ការ​ទស្សនា​ចប់​ថា​ ភាសា​ខ្មែរ​នៅ​ក្នុង​រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នេះ ជា​ពិសេស​ពាក្យ​ខ្មែរ​មួយ​ចំនួន​ដូច​ជា«ស្រែក​ឃ្លាន‍» និង «អស់​សង្ឃឹម‍» បាន​នាំ​អ្នកស្រី​ត្រឡប់​ទៅ​កាន់​កុមារភាព​អ្នកស្រី​វិញ ដែល​ពេល​នោះ​អ្នកស្រី​មាន​អាយុ​ដូច​តួអង្គ «លួង‍» នៅ​ក្នុង​រឿង​នោះ​ដែរ។

អ្នកស្រី គិត ស្រីរ័តន៍ (Sarah Kith) អាយុ ៤៦ ឆ្នាំ ជា​អ្នក​សម្របសម្រួល​ម្នាក់​នៅ​បណ្ណាល័យ​សភា​ជាតិ​សហរដ្ឋអាមេរិក (Library of Congress) ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ភាគ​ខាង​ជើង​រដ្ឋ Virginia ផ្តល់បទ​សម្ភាសន៍​នៅ​ក្រោយអ្នកស្រី​បាន​ទស្សនា​ជា​លើក​ដំបូង​នូវការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montgomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។ (VOA)

អ្នកស្រី គិត ស្រីរ័តន៍ ពន្យល់​ថា៖

«ពិត​ជា​ភាសា​ខ្មែរ​ល្អ​ជាង ព្រោះ​តួ​អង្គ​កុមារី​ពេល​នោះ​រស់​នៅ​ក្នុង​សង្គម​ខ្មែរ ជា​ក្មេង​ស្រី​ខ្មែរ​ម្នាក់​ដែល​បាន​បាត់​បង់​ឪពុក​ក្នុង​របប​ខ្មែរក្រហម។ នាង​ចងចាំ​នូវ​អ្វី​ដែល​កូន​ក្មេង​អាច​ចាំ​បាន​ ពី​ទស្សនៈ​ក្មេង​ម្នាក់។ ដូច្នេះ​ទោះ​បី​សៀវភៅ​ដើម​សរសេរ​ជា​ភាសា​អង់គ្លេស​ក្តី ក៏​ភាពយន្ត​ដែល​សម្តែង​ជា​ភាសា​ខ្មែរ​នេះ​គឺ​សមស្រប​ណាស់ ខ្ញុំ​ថា សមស្រប​ទាំង​វប្បធម៌​ខ្មែរ​ទៀត។ វា​ជា​រឿង​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក​ស្រី​លួង​ជា​មនុស្ស​ពេញវ័យ ដែល​សរសេរ​ពី​ទស្សនៈ​នៃ​កុមារី​ម្នាក់ ដូច្នេះ​មាន​ទស្សនវិស័យ​ច្រើន​ស្រទាប់​នៅ​ក្នុង​រឿង​នេះ។ ប៉ុន្តែ​រឿង​នេះ​បង្ហាញ​នូវ​ព្រឹត្តិការណ៍​ទាំង​នេះ​បាន​ត្រឹមត្រូវ​ណាស់​ ដែល​ធ្វើ​ឲ្យ​យើង​អាច​ឆ្លង​កាត់​ព្រឹត្តិការណ៍​ទាំង​នេះ​ឡើង​វិញ​ក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​យើង​អាច​សះ​ស្បើយ​អារម្មណ៍​បាន។‍»

ទស្សនិកជន​មួយ​រូប​ទៀត ដែល​ទប់​អារម្មណ៍​មិន​បាន​ ហើយ​ត្រូវ​ចេញ​មក​ក្រៅ​រោង​កុន​វិញ​ដែរ គឺ​លោក គឹម ហេង អាយុ​៨១​ឆ្នាំ អតីត​ម្ចាស់​ហាង​លក់​មាស​នៅ​ក្រុង Arlington ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​លោក​សព្វ​ថ្ងៃ​បាន​ចូល​និវត្តន៍។ ទោះ​បី​លោក​ធ្លាប់​បាន​ទស្សនា​រឿង The Killing Fields ឬ វាល​ពិឃាត ជា​ច្រើន​លើក​ក្តី ក៏​រឿង«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍‍» ជា​ភាសា​ខ្មែរ​នេះ បាន​រំឭក​លោក​ឡើង​វិញ ពី​ប្រវត្តិ​ឈឺ​ចាប់​ដែល​លោក​និង​គ្រួសារ​បាន​ឆ្លង​កាត់​នៅ​ស្រុក​បាភ្នំ ខេត្ត ព្រៃវែងដែល​ជា​ស្រុកកំណើត។ ចំពោះ​លោក ពាក្យ​ដែល​គេ​ប្រើ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដូច​ជា​ពាក្យ «កសាង‍» ធ្វើឲ្យ​លោក​នឹក​ឃើញ​ភ្លាម​ដល់​ប្រវត្តិ​ដែល​លោក​ធ្លាប់​ត្រូវ​បាន​ខ្មែរ​ក្រហម​បម្រុង​យក​ទៅ«កសាង‍»ឬ​សម្លាប់​ចោល​ ដែល​ពាក្យ​បែប​នេះ​ពិបាក​នឹង​បង្ហាញ​អត្ថន័យ​ជា​ភាសា​អង់គ្លេស។

លោក គឹម ហេង ពន្យល់​ប្រាប់ VOA ថា៖

«យើង​ជា​ខ្មែរ ដាក់​ទៅ​ដូច​ថា​ វា​ដឹត​ជាប់​ឈឺ​ចាប់​ហ្មង។ Killing Fields យើង​មើល​ទៅ​យើង​ស្តាប់​បាន​ខ្លះ ហើយ​មាន​អ្នក​បកស្រាយ​ប្រាប់​យើង​ខ្លះ។ តែ​អា​នេះ​ វា​ចំៗ​មក ទ្រាំ​មិន​បាន។ ដូច​ជា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​តក់​ស្លុត មិន​ថា​ខ្លាច​អី​ទេ ប៉ុន្តែ​វា​សោកសៅ​ក្នុង​ខ្លួន ដូច្នេះ​ធ្វើ​ឲ្យ​ក្បាល​យើង​ឈឺ​ប៉េសៗ។ ទ្រាំ​មិន​បាន‍»។

លោក គឹម ហេង អាយុ​៨១​ឆ្នាំ អតីត​ម្ចាស់​ហាង​លក់​មាស​នៅ​ក្រុង Arlington ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​លោក​សព្វ​ថ្ងៃ​បាន​ចូល​និវត្តន៍ ផ្តល់បទ​សម្ភាសន៍​នៅ​ក្រោយ​លោកបាន​ទស្សនា​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​នូវការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montgomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។ (VOA)

ក្រុម​គ្រួសារ​លោក គីម ហេង មាន​បទពិសោធន៍​ឆ្លង​កាត់​សម័យ​ខ្មែរក្រហម​យ៉ាង​វេទនា​ដូច​នៅ​ក្នុង​រឿង​នេះ​ដែរ ហើយ​កូនស្រី​របស់​លោក​ដែល​បាន​រួចផុត​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម​ដែរ​នោះ ស្ទើរ​តែ​ត្រូវ​បាត់​បង់​លោក​ជា​ឪពុក ដូច​ក្នុង​សាច់រឿង​នេះ​ដែរ។

ប៉ុន្តែ​ខុស​ពី​អ្នកស្រី និត បញ្ញា លោក គឹម ហេង មិន​បាន​ចូល​ទៅ​ទស្សនា​ភាពយន្ត​នេះ​បញ្ចប់​ទេ ដោយ​លោក​ថា លោកឈឺ​ក្បាល​មិន​អាច​ទ្រាំ​បាន។

ខ្សែ​ភាពយន្ត​អន្តរជាតិ​ដំបូង​ទាក់ទង​នឹង​សម័យ​ខ្មែរក្រហម ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក រហូត​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ផង​នោះ គឺ​រឿង The Killing Fields ឬ «វាល​ពិឃាត» ដែល​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​១៩៨៤ ហើយ​ត្រូវ​បាន​ថត​ជា​ភាសា​អង់គ្លេស នៅ​ក្រៅ​ប្រទេស​កម្ពុជា​ ដោយសារ​ពេល​នោះ​ប្រទេស​កម្ពុជា​នៅ​មាន​សង្គ្រាម​ក្នុង​ស្រុក​នៅ​ឡើយ។

អ្នកស្រី គិត ស្រីរ័តន៍ (Sarah Kith) ធ្លាប់​បាន​ទស្សនា​រឿង The Killing Fields កាល​ពី​នៅ​ក្មេង​ ហើយ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខុស​គ្នា​ចំពោះ​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» ដែល​ប្រើ​ភាសា​ខ្មែរ​ទាំង​ស្រុង​និង​និយាយ​ពី​រឿងរ៉ាវ​របស់​កូន​ក្មេង‍​ម្នាក់៖

«មនោសញ្ចេតនា​ អារម្មណ៍​ដូច​ថា ពេញ​ពោះ នៅ​ក្នុង​ខ្លួន​របស់​ខ្ញុំ ហើយ​ពេល​ដែល​ខ្ញុំ​មើល Killing Fields ហ្នឹង [ខ្ញុំ]​នៅ​ក្មេង ខ្ញុំ​ថា ខ្ញុំ​អត់បាន make sense [យល់]។ ពេល​នោះ​ខ្ញុំ​នៅ​ក្មេង​ពេក​មិន​អាច​យល់​បាន​ព្រោះ​រឿង​វាល​ពិឃាត​បង្ហាញ​ពី​ទស្សនៈ​មនុស្ស​ពេញ​វ័យ។ ដល់​ពេល​មើល​[រឿង]​នេះ​ យើង​ដាក់​ខ្លួន​យើង​ទៅ​ក្នុង​ក្មេង​ហ្នឹង។ យើង​ឃើញ​តាម​ដែល​យើង​ធ្លាប់​ហែល‍»។

ខុស​ពី​រឿង The Killing Fields ភាពយន្ត​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» ជា​ភាពយន្ត​ទ្រង់ទ្រាយ​ធំ​កម្រិត​ហូលីវូដ​ដំបូង ដែល​ត្រូវ​ថត​ទាំង​ស្រុង​ជា​ភាសា​ខ្មែរ ហើយ​មាន​តួ​សម្តែង សំខាន់ៗ​និង​បន្ទាប់​បន្សំ​សុទ្ធ​តែ​ជា​ជនជាតិ​ខ្មែរ សរុប​ជាង ៣.៥០០នាក់ ហើយ​ខ្សែ​ភាពយន្ត​នេះ​ត្រូវ​ថត​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ខេត្ត​សៀមរាប​និង​ខេត្ត​បាត់ដំបង។

ស្រដៀង​នឹង​អ្នកស្រី និត បញ្ញា ដែរអ្នកស្រី សំ វិសាល អាយុ ៤៥ ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ដែល​ជា​កន្លែងមួយ​ដែល​គេ​បាន​ថត​ភាពយន្ត​នេះ ហើយ​អ្នកស្រី​ក៏​មាន​ប្រវត្តិ​ស្រដៀង​គ្នា នៃ​ការ​បាត់បង់​ឪពុក​ នៅ​ក្នុង​ការ​កាប់​សម្លាប់​របស់​របប​ខ្មែរក្រហម។ ឪពុក​របស់​អ្នកស្រី សំ វិសាល ជា​អតីត​ទាហាន​សក្តិ​២​ក្នុង​សម័យ​លន់ នល់ ដែល​ត្រូវ​ខ្មែរក្រហម​សម្លាប់ ដូច​រឿងរ៉ាវ​កុមារី អ៊ឹង លួង​ ដែរ។

ក្រៅ​ពី​ចំណាំ​បាន​ភ្លាម​នូវ​ទី​កន្លែង​ផ្សេងៗ​ក្នុង​ខេត្ត​បាត់ដំបង​ដែល​មាន​ថត​នៅ​ក្នុង​រឿង​នេះ អ្នកស្រី​សំ វិសាល ថ្លែង​ប្រាប់ VOA ពី​ចំណាប់​អារម្មណ៍​ក្រោយ​ការ​ទស្សនា​ចប់​ថា ការ​ថត​ជា​ភាសា​ខ្មែរ ការ​សម្តែង​ដ៏​ល្អ​របស់​សិល្បករ​ខ្មែរ​ និង​សាច់​រឿង​ផ្តោត​ទៅ​លើ​ក្រុម​គ្រួសារ​សម័យ​នោះ ធ្វើ​ឲ្យ​អ្នកស្រី​នឹក​ឃើញ​សាច់​រឿង​ពិតៗ​របស់​អ្នកស្រី​នៅ​ក្នុង​ភាពយន្ត​«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍»នេះ​ដែរ។

«រឿង​នេះ​ដោយ​សារ​ជា​ខ្មែរ​អញ្ចឹង ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជាប់​ដឹតដាន​ហ្នឹង។ រឿង Killing Fields ដូច​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​គេ​ធ្វើ​ឲ្យ​យើង​មើល​ មាន​ការ​សម្លាប់​អញ្ចឹង​អី​មាន ដូច​ទៅ​ជា​កុន។ ប៉ុន្តែ​ដូច​ជា​រូបភាព​នៃ​ការ​សម្លាប់​ហ្នឹង​ដូច​ជា​វា សាហាវ​វា​អី​វា​អី​ហ្នឹង ច្បាស់ៗ​របស់​ជីវិត​គាត់​មែន។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ភ្ជាប់​ទៅ​ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា​វា​ជា​រឿង​ប្រវត្តិសាស្ត្រ ការ​សម្លាប់​រង្គាល​របស់​ខ្មែរ​ក្រហម​ហ្នឹង​នៅ​សម័យ​ប៉ុល ពត។ ប៉ុន្តែ​កុន​នេះ​ដូច​កុន​ជីវិត​របស់​ខ្ញុំ​ដែរ។

អ្នកស្រី​បាន​នាំ​ក្រុម​គ្រួសារ​ទាំង​មូល រួម​ទាំង​កូន​ទាំង​៤​នាក់ មក​ទស្សនា​ផង​ដែរ។

កញ្ញា សំ វិចិត្រធីតា (Vichethyda Sam) អាយុ​១៩​ឆ្នាំ ជា​កូនស្រី​ច្បង ថ្លែង​ប្រាប់ VOA ថា ក្នុង​ពេល​ទស្សនា​ភាពយន្ត នាង​អាច​ស្តាប់​ភាសា​ខ្មែរ​បាន​ទាំង​ស្រុង ដោយ​មិន​ចាំ​បាច់​អាន​ចំណងជើង​ខាងក្រោម​ជា​ភាសា​អង់គ្លេស​ទេ។

កញ្ញា សំ វិចិត្រធីតា (Vichethyda Sam) អាយុ១៩ ឆ្នាំ ជាកូនស្រីច្បង​របស់​អ្នកស្រី សំ វិសាល ផ្តល់បទ​សម្ភាសន៍​នៅ​ក្រោយកញ្ញា​បាន​ទស្សនា​ជា​លើក​ដំបូង​នូវការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montgomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។ (សាយ មុន្នី/VOA)

​យុវតី​ខ្មែរ​អាមេរិកាំង​រូប​នេះ ថ្លែង​ថា ទោះ​បី​នាង​មិន​ដែល​ធ្លាប់​ទស្សនា​ភាពយន្ត The Killing Fields ដែល​ថត​ជា​ភាសា​អង់គ្លេស​ក្តី ក៏​នាង​សប្បាយ​ចិត្ត​ដែល​ភាពយន្ត «មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» ត្រូវ​បាន​ថត​ជា​ភាសា​ខ្មែរ ព្រោះ​នាង​គិត​ថា រឿងរ៉ាវ​នៃ​ជនជាតិ​ឬ​ប្រទេស​មួយ មិន​មាន​អ្នក​ណា​សម្តែង​បាន​ល្អ​ជាង​ជន​ជាតិ​នោះ​ ក្នុង​ភាសា​ជាតិ​របស់​គេ​ទេ។

សម្រាប់​រូប​នាង​ជា​យុវជន​ខ្មែរ​អាមេរិកាំង​វិញ ភាពយន្ត​ជា​ភាសាខ្មែរ​នេះ បាន​ជំរុញ​ឲ្យ​នាង​ចង់​និយាយ​ភាសាខ្មែរ​ច្រើន​ជាង​មុន និង​បង្កើត​ទំនាក់ទំនង​ជាមួយ​យុវជន​ខ្មែរ​អាមេរិកាំង​ដទៃ​ទៀត​ច្រើន​ជាង​មុន។

«ខ្ញុំ​ទើប​បាន​និយាយ​គ្នា​ជាមួយ​អ្នក​ទស្សនា​វ័យ​ក្មេង​ម្នាក់​ទៀត។ គឺ​ពួក​យើង​ជា​យុវជន​ខ្មែរ​អាមេរិកាំង​មាន​អារម្មណ៍​ថា មិន​មាន​អត្តសញ្ញាណ​ច្បាស់លាស់។ ពេល​ខ្លះ​យើង​ត្រូវ​គេ​រាប់​ចូល​ក្នុង​សហគមន៍​អាស៊ី​ផ្សេង​ទៀត។ ដូច្នេះ​ខ្ញុំ​យល់​ថា រឿង​នេះ​ជា​អ្វី​ដែល​អាច​នាំ​ពួក​យើង​ចង់​រក​គ្នា និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ធំ​ជាង​នេះ​និង​ចង់​ទាក់ទង​គ្នា​ឡើង​វិញ។ ភាពយន្ត​នេះ​ជួយ​ឲ្យ​យើង​ជា​ខ្មែរ​ជំនាន់​ក្រោយ​រួបរួម​គ្នា​ឡើងវិញ​ ព្រោះ​ខ្ញុំ​មិន​មាន​មិត្តភក្តិ​អាយុ​ខ្ញុំ​ដែល​ជា​ជនជាតិ​ខ្មែរ​ទេ។ ដូចនេះ​រឿង​នេះ​ធ្វើឲ្យ​ខ្ញុំ​ចង់​ទាក់ទង​ពួកគេ​ឡើង​វិញ។‍»

ការ​ជំរុញ​ឱ្យ​មាន​អារម្មណ៍​ជួបជុំ​ជា​គ្រួសារ​និង​សហគមន៍​ខ្មែរ​នេះ ជា​បំណង​ប្រាថ្នា​មួយ​របស់​អ្នកស្រី​ គុនថារី ដឺហ្គៃហ្វីយេ (Kunthary de Gaiffier) អាយុ ៦១ ឆ្នាំ ដែល​ជា​អ្នក​រៀបចំ​មួយ​រូប​នៃ​កម្មវិធី​ចាក់​បញ្ចាំង​ភាពយន្ត​និង​វេទិកា​ពិភាក្សា​នៅ​មហាវិទ្យាល័យ​សហគមន៍ Montgomery College នេះ។ អ្នកស្រី​ថ្លែង​ប្រាប់​ VOA នៅ​ក្រោយ​ការ​បញ្ចប់​ការ​បញ្ចាំង​និង​វេទិកា​ពិភាក្សា​ ដែល​មាន​រយៈ​ពេល​ជិត​ដល់​កណ្តាល​អធ្រាត្រ​នោះ​ថា​អ្នកស្រី​រីករាយ​ដែល​ការ​បញ្ចាំង​ពេល​យប់​ជ្រៅ​ថ្ងៃ​សុក្រ​នេះ មាន​អ្នក​មក​ទស្សនា​ជាង​២០០នាក់ ជាពិសេស​សាច់រឿង​នេះ​បាន​ទាក់ទាញ​យុវជន​ខ្មែរ​អាមេរិកាំង​ដែល​មក​ទស្សនា​ជាមួយ​ឪពុក​ម្តាយ។

អ្នកស្រី​ គុនថារី ដឺហ្គៃហ្វីយេ (Kunthary de Gaiffier) អាយុ ៦១ ឆ្នាំ ដែល​ជា​អ្នក​រៀបចំ​មួយ​រូប ​នៃ​កម្មវិធី​ចាក់​បញ្ចាំង​ភាពយន្ត​និង​វេទិកា​ពិភាក្សា​នៅ​មហាវិទ្យាល័យ​សហគមន៍ Montgomery College ផ្តល់បទ​សម្ភាសន៍​នៅ​ក្រោយ​បាន​ទស្សនានូវការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montegomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧។ (សាយ មុន្នី/VOA)

ការ​ចូលរួម​ច្រើន​បញ្ជាក់​នូវ​អ្វី​ដែល​អ្នកស្រី​សង្ស័យ​មក​ហើយ​ គឺ​ភាពយន្ត «មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» ដឹកនាំ​ដោយ​លោកស្រី Angelina Jolie នេះ អាច​ជួយ​បើក​ការ​ពិភាក្សា​ឆ្លង​ជំនាន់​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង ហើយ​អាច​នាំ​ទៅ​ដល់​ការ​សះស្បើយ​ខាង​អារម្មណ៍​របស់​អតីត​ជនរងគ្រោះ។

អ្នកស្រី​ គុនថារី ដឺហ្គៃហ្វីយេ (Kunthary de Gaiffier) ពន្យល់​ថា៖

«ចាប់​ពី​បញ្ចាំង​រឿង​នេះ​ទៅ​ ចាប់​ផ្តើម​និយាយ​បើក ទុក​ម៉េច​ក៏​ក្មេង​ហ្នឹង​[ពីមុន]​មិន​ហ៊ាន​សួរ ក៏​ឥឡូវ​ហ៊ាន​សួរ​ដែរ ព្រោះ​ខ្លះ​អត់​ហ៊ាន​សួរ​ទេ​ព្រោះ​ដឹង​ថា សួរ​ទៅ ធ្វើ​ឲ្យ​គាត់​កើត​ទុក​ខ្លាំង​ណាស់​ ម៉្លោះ​ហើយ​មិន​ហ៊ាន​ទេ ញញើត។ ឥឡូវ​ហ្នឹង​គឺ​ថា it’s the beginning of opening a dialogue [ចំណុច​ចាប់​ផ្តើម​នៃ​ការ​បើក​ការ​ពិភាក្សា​ក្នុង​គ្រួសារ]។ យើង​ចង់​បាន​អញ្ចឹង ដើម្បី​[ព្យាបាល]​ជំងឺ trauma [បាក់ស្បាត] គឺ​ពេល​ដែល​ត្រូវ​ឲ្យ​និយាយ​ ឲ្យ​បើក​ទ្វារ​និយាយ។ យើង​អាច​បន្ត​ទៅ​ទៀត ធ្វើ​ការ​អី​ច្រើន​ជាមួយ​អី​ក្នុង​សហគមន៍​ហ្នឹង។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​អាមេរិកាំង​រង់​ចាំ​ទស្សនា​ការ​បញ្ចាំង​ភាពយន្ត​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» និង​វេទិកា​ពិភាក្សា នៅ​រោង​ភាពយន្ត​ក្នុង​មហាវិទ្យាល័យ Montegomery College នៅ​ទី​ក្រុង Silver Spring រដ្ឋ Maryland​។ (សឹង សុផាត/VOA)

ក្រៅ​ពី​ការ​បញ្ចាំង​ម្តងម្កាល​តាម​រោង​ភាពយន្ត សហគមន៍​ខ្មែរ​នៅ​អាមេរិក​អាច​ទស្សនា​ភាពយន្ត​នេះ​ យ៉ាង​ងាយ​ ស្រួល​ គ្រប់​ពេលវេលា​និង​គ្រប់​ទីកន្លែង តាម​គេហទំព័រ Netflix។ ហើយ​អ្នកស្រី គុនថារីដែល​មាន​កូន​ពីរ​នាក់​ដែល​បាន​ធំ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ដែរ​នោះ​ជឿជាក់​ថា សាច់រឿង​និង​ភាសាប្រើ​ក្នុង​គ្រួសារ​ខ្មែរ​ដែល​មាន​ក្នុង​ភាពយន្ត «មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» ដែល​បាន​កើត​ឡើង​នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​សហរដ្ឋ​អាមេរិក​នោះ នឹង​អាច​ទាក់ទាញ​យុវជន​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ឲ្យ​កាន់​តែ​ចង់​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ ភាសា និង​វប្បធម៌​ខ្មែរ ដោយសារ​រឿងរ៉ាវ​និង​ភាសា​ជា​អ្វី​ដែល​ពួកគេ​ធ្លាប់​ឮ​នៅ​ផ្ទះ​មក​ហើយ។

«ដាក់​ជា​ភាសា​ខ្មែរ​អញ្ចឹង​ទៅ ទុក​ជា​យុវជន​ខ្លះ​នៅ​សហរដ្ឋ​អាមេរិក​ប្រហែល​មិន​សូវ​ចេះ​ខ្មែរ​ប៉ុន្មាន ក៏​អាច​ដឹង​ថា​ នេះ ម៉ែ​ឪ​ខ្មែរ រឿង​ខ្មែរ​មែន​ពិត ព្រោះ​គេ​ឮ​ម៉ែឪ​គេ​ជជែក​គ្នា​អញ្ចឹង​ដែរ​តាស​ចាស។ ដូច​ម្តាយ​ឪពុក​យើង​នៅ​ផ្ទះ​ ដែល​ជជែក​គ្នា បង​ប្អូន​យើង ដែល​ប៉ាច់ៗ​ទៅ ជួន​កាល​ក្មេង​អស់​ហ្នឹង​មិន​សូវ​ចេះ​ខ្មែរ​ប៉ុន្មាន ប៉ុន្តែ​វា​ដឹង ឭ​ទៅ​ដឹង​ មក​ឃើញ​អញ្ចឹង can relate [ផ្សារភ្ជាប់​នឹង​បទពិសោធន៍​នេះ]។ អាច​នឹង​ស្មាន​ទៅ​បាន។ អញ្ចឹង​ទៅ​ចង់​ដឹង​កាន់​តែ​ខ្លាំង ចង់​សួរ​កាន់តែ​ខ្លាំង។ អា​លាក់​សំណួរ​ទាំង​ប៉ុន្មាន​ឆ្នាំ ​ក៏​ចាប់​ចង់​ឡើង​មក​ដែរ ខំ​សួរ‍»។

ភាពយន្ត​រឿង«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ‍» នេះ​ទើប​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​រង្វាន់ Oscar នៅ​ឆ្នាំ​២០១៨​ហើយ​ទោះ​បី​យើង​មិន​ដឹង​ថា លទ្ធផល​នៃ​ការប្រកួត​នៅ​ឆ្នាំ​ក្រោយ​យ៉ាងណា​ក្តី ក៏​គេ​ឃើញ​ថា ភាពយន្ត Netflix ជា​ភាសា​ខ្មែរ​នេះ​ចាប់​ផ្តើម​មាន​ឥទ្ធិពល​ដល់​សហគមន៍​ខ្មែរ​នៅ​អាមេរិក​រួច​ទៅ​ហើយ៕