អ៊ីស្រាអែលបានវាយប្រហារតំបន់ Gazaតាមអាកាសនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈអំពើហិង្សានៅក្នុងតំបន់នោះបានឈានដល់សប្តាហ៍ទី ២។ ការវាយប្រហារនេះបានកក្រើកទីក្រុងពីភាគខាងជើងទៅខាងត្បូងនិងមានរយៈពេល១០នាទី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press ។ ការវាយប្រហារនេះធ្ងន់និងធំជាងការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ។
ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកBenjamin Netanyahuថា លោកមិនមានផែនការបញ្ចប់ការវាយប្រហារតាមអាកាសលើតំបន់ Gaza ភ្លាមៗទេ។ លោកបាននិយាយនៅថ្ងៃនោះថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានកម្ទេចអាគារចំនួន៣ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៤២ នាក់ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងមួយលើកនៅក្នុងអំពើហិង្សាចុងក្រោយរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសដែលគ្រប់គ្រងតំបន់ Gaza។
នៅព្រឹកថ្ងៃអាទិត្យម្សិលមិញនៅតំបន់ Gazaពួកហាម៉ាសបានបាញ់រ៉ុក្កែតពីតំបន់ស៊ីវិលនៅGazaឆ្ពោះទៅតំបន់ស៊ីវិលរបស់អ៊ីស្រាអែល។ រ៉ុក្កែតមួយគ្រាប់បានធ្លាក់ចំតំបន់ Ashkelonដែលជាទីប្រជុំនៅភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះនៅមុនពិធីតមអាហាររបស់ជនជាតិជ្វីស្ហ។ នៅមិនទាន់មានរបាយការណ៍អំពីមនុស្សរងរបួសទេ។
ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី១០ ខែឧសភាមក មានប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន ១៩៧ នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានកុមារយ៉ាងតិចណាស់ ៥៨ នាក់និងស្ត្រី ៣៤ នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ Gaza។ យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែលចំនួន ១០ នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយរ៉ុក្កែត រួមទាំងក្មេងអាយុ៦ឆ្នាំម្នាក់ផង។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយទូរស័ព្ទជា មួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប កាតា ប៉ាគីស្ថាន អារ៉ាប់ប៊ីសាអូឌីត និងបារាំងកាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីការងារបន្ទាន់ដើម្បីបញ្ឈប់ជម្លោះនៅប្រទេសអ៊ីស្រាអែល តំបន់ West Bank និងតំបន់ Gaza៕