នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលចង់បានសន្តិភាពប៉ុន្តែកំពុងប្រយុទ្ធដើម្បីរស់នៅចំពោះមុខ «សត្រូវឃោរឃៅ» ដែលចង់ឱ្យអ៊ីស្រាអែលសាបសូន្យ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Netanyahu បានថ្លែងនៅក្នុងមហាសន្និបាតនោះថា៖ «ប្រទេសខ្ញុំកំពុងមានសង្គ្រាមដោយប្រយុទ្ធដើម្បីរស់។ យើងត្រូវតែការពារខ្លួនទប់ទល់នឹងឃាតករដ៏ឃោរឃៅទាំងនេះ។ សត្រូវរបស់យើងមិនត្រឹមតែចង់បំផ្លាញយើងប៉ុណ្ណោះទេ ពួកគេថែមទាំងចង់បំផ្លាញអរិយធម៌រួមរបស់យើងផងដែរ ហើយចង់ឱ្យពួកយើងធ្លាក់ចូលជាថ្មីទៅក្នុងយុគសម័យខ្មៅងងឹតនៃអំពើកំណាចឃោរឃៅ»។
លោក Netanyahu និយាយដូច្នេះ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារលើគោលដៅក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប៉ែកខាងត្បូងនៃប្រទេសលីបង់ ចំពេលដែលមានការភ័យខ្លាចថាការវាយប្រហារនេះនឹងបង្កទៅជាសង្គ្រាមទូទាំងតំបន់មជ្ឈិមបូព៌ា។
ក្នុងពេលថ្លែងសុន្ទរកថា លោក Netanyahu បានបន្ទោសអ៊ីរ៉ង់ដែលជាសត្រូវធំរបស់អ៊ីស្រាអែលថាជាអ្នកធ្វើឱ្យមានសង្គ្រាមនេះកើតឡើង។ លោកថាអ៊ីស្រាអែលកំពុងការពារខ្លួនទប់ទល់នឹងអ៊ីរ៉ង់ពីជ្រុងចំនួន ៧។
លោក Netanyahu បានថ្លែងថា៖ «គ្មានកន្លែងណាក្នុងប្រទេសអ៊ីរ៉ង់ដែលអ៊ីស្រាអែលមិនអាចចូលដល់នោះទេ។ ហើយនៅទូទាំងតំបន់មជ្ឈិមបូព៌ាក៏ដូចគ្នានេះដែរ។ ខុសពីចៀមដែលគេអូសយកទៅសម្លាប់ ទាហានអ៊ីស្រាអែលបានវាយបកវិញដោយសេចក្តីក្លាហានមិនគួរឱ្យជឿ»។ លោកថ្លែងបែបនេះដោយមានសំឡេងទះដៃ ខណៈប្រតិភូខ្លះរួមទាំងប្រតិភូអ៊ីរ៉ង់ផងដែរបានដើរចេញ៕