នាយករដ្ឋមន្ត្រី​ Netanyahu ថា អ៊ីស្រាអែល​កំពុង​ត្រៀម​​បើក​ជើង​យន្ត​​ហោះ​ត្រង់​​​ទៅ​កាន់​អេមីរ៉ាត​អារ៉ាប់​រួម​​ដោយ​ហោះ​កាត់​​អារ៉ាប៊ីសាអូឌីត

  • ​Reuters

នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ីស្រាអែល​លោក Benjamin Netanyahu ត្រៀម​ថ្លែង​សុន្ទរកថា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Ben Gurion នៅ​ក្នុង​ក្រុង Lod កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ីស្រាអែល​លោក Benjamin Netanyahu និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ីស្រាអែល​ត្រៀម​ខ្លួន​បើក​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ឬ United Arab Emirates​ ដោយ​ហោះ​រំលង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​នេះជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឱ្យ​មាន​ភាពប្រក្រតី​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការ​ទូតរវាង​ប្រទេស​ទាំង​ពីរ។

អ៊ីស្រាអែល​ និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​ ប្រទេស​ទាំង​ពីរ​នឹង​បង្កើតនូវ​ទំនាក់​ទំនង​ការ​ទូត​របស់​ខ្លួន​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋ​អាមេរិក ដែល​ការ​នេះ​អាច​ជួយ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទម្រង់​នៃ​គោលនយោបាយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ពី​បញ្ហា​ប៉ាឡេស្ទីន​ ទៅ​ដល់​ការ​ប្រយុទ្ធ​តទល់​ជាមួយប្រទេស​អ៊ីរ៉ង់​វិញ​ម្តង។​ ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​នឹង​ក្លាយ​ជា​ប្រទេស​ទី​៣​ ក្នុង​ពិភព​អារ៉ាប់ក្នុង​រយៈពេល​ជាង​៧០ឆ្នាំ​កន្លង​មក​នេះ ដែល​បង្កើត​ទំនាក់​ទំនង​ការទូត​ជា​មួយ​ប្រទេស​អ៊ីស្រាអែល។​

លោក​នាយករដ្ឋមន្ត្រី​ Netanyahu បាន​ថ្លែង​ពី​គម្រោង​ហោះហើរ​ថ្មី​នេះនៅ​អាកាសយានដ្ឋាន​ Ben-Gurion ​នៃ​ទី​ក្រុង Tel Aviv ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​ពេល​វេលា​ពិត​ប្រាកដ​ក្នុង​ការ​បើក​ផ្លូវ​ហោះ​ហើរ​ត្រង់​ជាមួយ​ប្រទេស​អារ៉ាប់​រួម​នោះ​ទេ។​

ចំណែក​ប្រទេស​អារ៉ាប៊ី​សាអូឌីត​មិន​បាន​ទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល​នោះ​ទេ ហើយ​ផ្លូវ​ហោះ​ហើរ​លើ​ដែន​អាកាស​របស់​ខ្លួន​ក៏​ត្រូវ​បាន​បិទ​មិន​ឱ្យ​អ៊ីស្រាអែល​ប្រើប្រាស់​ផង​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​គេ​បាន​មើល​ឃើញ​ពី​ភាព​ធូរ​ស្រាល​នៃ​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ​នេះ​គឺ​ថា​ កាល​ពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​ឥណ្ឌាត្រូវ​បាន​អនុញ្ញាត​ឱ្យ​ហោះ​ពី​ទីក្រុងញូវដែលី (New Delhi) មក​កាន់​ទី​ក្រុង Tel Aviv​ ប្រទេស​អ៊ីស្រាអែល ដោយ​ឆ្លង​កាត់​ពី​លើ​ប្រទេស​អារ៉ាប៊ី​សាអូឌីតផង​ដែរ។​

គណ:ប្រតិភូ​មួយ​ក្រុម​របស់​អ៊ីស្រាអែល​ នឹង​ត្រូវ​ទៅ​កាន់​ប្រទេស​អារ៉ាប់​រួម​ ក្នុង​ពេល​ប៉ុន្មាន​សបា្តហ៍​ខាង​មុខ​នេះ​ ដើម្បី​ធ្វើ​ការ​លម្អិត​ថែម​ទៀត​ទាក់ទងការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ការ​បើកជើង​យន្តហោះ​ពាណិជ្ជ​កម្ម​ ​អាច​ពន្យារ​ពេលដោយ​សារ​បញ្ហា​ជំងឺ​កូវីដ១៩។

កាល​ពី​ថ្ងៃ​អាទិត្យ​ប្រទេស​អារ៉ាប់​រួម​ បាន​បើក​ប្រព័ន្ធ​ទូរស័ព្ទ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ ដែល​ត្រូវ​បាន​ប្រកាសដំបូង​អំឡុងការ​ជួប​សន្ទនា​គ្នា​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ៕