នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ពិភាក្សា​អំពី​សន្តិភាព​អារ៉ាប៊ីសាអូឌីត​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ទៅ​ដល់​កន្លែង​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​ក្នុង​ទីក្រុង​​ហ្ស៊េរុយសាឡិម កាលពី​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin Netanyahu ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ពិភាក្សាពី​ចំណង​ទាក់ទងប្រក្រតីឡើងវិញ​ជា​មួយ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជា​មួយ​នឹងទីប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​ លោក​ Jake Sullivan ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រអែល​នោះ។ នេះបើតាម​ការ​បញ្ជាក់របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​រូប​នេះ​ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

លោក Netanyahu ដែល​បាន​វិល​មក​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ជា​ថ្មីឡើង​វិញ​ កាលពី​ខែ​មុន​ ​ជា​មួយ​នឹង​ការ​បង្កើតរដ្ឋាភិបាល​ថ្មី​មួយ​នោះ​ក៏​បាន​ស្ថិត​ក្នុងតួនាទី​ជា​នាយក​រដ្ឋមន្ត្រីផង​ដែរ​កាល​ពី​ឆ្នាំ​២០២០​ នៅពេល​ដែល​ប្រទេស​អ៊ីស្រាអែល​ បានបង្កើត​ទំនាក់ទំនង​ជា​មួយ​នឹង​ប្រទេស​អេមីរ៉ាត់អារ៉ាបរួម ប្រទេស​បារ៉ែន​និង​ប្រទេស​ម៉ារ៉ុក​ដែល​ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង Abraham នោះ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូប​នេះ​ ធ្លាប់បង្ហាញ​បំណង​របស់​លោក​ជា​ច្រើន​លើក​ច្រើន​សារ ក្នុងការ​ចង់​ឃើញប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​ទឹកដី​កំណើតនៃ​សាសនា​អ៊ីស្លាម​នោះ​ ​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រទេសអ៊ីស្រាអែលផង​ដែរ។

នៅក្នុង​កិច្ចប្រជុំ​ជា​មួយ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ លោក Netanyahu និង​លោក​ Sullivan បាន​ពិភាក្សា​គ្នា​ពី​វិធានការ​នានា​ ក្នុង​ការ​ពង្រឹងកិច្ចព្រមព្រៀង Abraham និង​ពង្រីក​ទំហំ​សន្តិភាព​ ​ដោយ​ផ្តោត​ទៅ​លើ​ការ​ដោះ​ស្រាយភាព​ជាប់គាំង​ជា​មួយប្រទេស​អារ៉ាប៊ីសាអូឌីត​។​ នេះ​បើយោង​ទៅ​លើ​សេចក្តីថ្លែង​ការណ៍របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ​ ពី​កិច្ចប្រឹងប្រែង​រួម​ ក្នុង​ការ​ទប់ទល់ប្រឆាំង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់ប្រទេស​អ៊ីរ៉ង់​ និងសកម្មភាព​ក្នុង​តំបន់របស់ប្រទេស​នេះ​ ដោយ​លោក Netanyahu បាន​ថ្លែង​អំណរគុណដល់ការ​សន្យា​របស់​ប្រធានាធិតី​សហរដ្ឋអាមេរិក​ លោក Joe Biden ក្នុង​ការរាំង​ខ្ទប់​អ៊ីរ៉ង់មិន​ឱ្យ​សម្រេច​បាន​នូវ​ការ​ផលិត​អាវុធនុយក្លេអ៊ែរ។​ នេះបើ​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​ដដែល​ខាង​លើ​នេះ៕