នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃចន្ទថា កាលបរិច្ឆេទសម្រាប់ការលុកលុយតាមផ្លូវគោកចូលក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza) ត្រូវបានកំណត់។ លោកមិនបានបង្ហាញឱ្យដឹងថាកាលបរិច្ឆេទនោះគឺពេលណានោះទេ។
លោក Netanyahu បាននិយាយថា៖ «ថ្ងៃនេះ ខ្ញុំបានទទួលរបាយការណ៍លម្អិតអំពីការចរចានៅទីក្រុងគែរ [នៃប្រទេសអេហ្ស៊ីប]។ យើងកំពុងធ្វើការដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់យើង ដែលសំខាន់ជាងគេបំផុតគឺការដោះលែងចំណាប់ខ្មាំងទាំងអស់របស់យើងនិងការសម្រេចឱ្យបាននូវជ័យជម្នះទាំងស្រុងលើក្រុមហាម៉ាស់ (Hamas)»។
លោកបានបន្ថែមថា៖ «ជ័យជម្នះនេះតម្រូវឱ្យមានការចូលទៅក្នុងទីក្រុង Rafahនិងការកម្ចាត់ក្រុមភេរវកម្មនៅទីនោះ។ រឿងនេះនឹងកើតឡើង។ កាលបរិច្ឆេទត្រូវបានកំណត់រួចហើយ»។
សហរដ្ឋអាមេរិកបានរិះគន់ភ្លាមៗចំពោះការលើកឡើងរបស់លោក Netanyahu នេះ។ អ្នកនាំពាក្យរងក្រសួងការពារជាតិអាមេរិកអ្នកស្រី Sabrina Singh បាននិយាយថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនគាំទ្រប្រតិបត្តិការចូលក្នុងទីក្រុង Rafah ទេ»។
អ្នកស្រី Singh បានបញ្ជាក់ថា «យើងចង់ឃើញផែនការមួយដែលអាចជឿទុកចិត្តបានអំពីថាតើពួកគេនឹងធ្វើប្រតិបត្តិការនៅទីនោះយ៉ាងដូចម្តេច» ដោយសារតែមានក្ដីបារម្ភផ្នែកមនុស្សធម៌ «ខ្លាំងក្លា» អំពីជនស៊ីវិលប៉ាឡេស្ទីនជាងមួយលាននាក់ដែលកំពុងជ្រកកោននៅទីនោះ។
អ្នកស្រីបានបន្ថែមថា៖ «យើងមិនបានឃើញអ៊ីស្រាអែលស្នើឡើងនូវផែនការផ្លូវការណាមួយទេ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters, AP និង AFP។