ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ដកទ័ព​ចេញ​ពី​តំបន់​មន្ទីរពេទ្យ Shifa បន្ទាប់ពី​ធ្វើ​ប្រតិបត្តិការ​ពីរ​សប្ដាហ៍​នៅ​ទីនោះ


ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅជុំវិញមន្ទីរពេទ្យ Al-Shifa នៅតំបន់ហ្កាហ្សា បន្ទាប់ពិការដកទ័ពរបស់យោធាអ៊ីស្រាអែល នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។
ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅជុំវិញមន្ទីរពេទ្យ Al-Shifa នៅតំបន់ហ្កាហ្សា បន្ទាប់ពិការដកទ័ពរបស់យោធាអ៊ីស្រាអែល នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កងទ័ព​របស់​ខ្លួន​បាន​ដកចេញ​ពី​តំបន់​មន្ទីរពេទ្យ Shifa នៅ​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា បន្ទាប់ពី​បាន​បំពេញ​ប្រតិបត្តិការ​នៅ​ទីនោះ​រួចរាល់។

ការ​ដក​ទ័ព​ចេញ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ពីរ​សប្ដាហ៍​ក្រោយ​មក​បន្ទាប់ពី​កងទ័ព​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​ហ្កាហ្សា​នេះ ក្រោយពី​អ៊ីស្រាអែល​បាន​ចោទ​មេបញ្ជាការ​ក្រុម​ហាម៉ាស់ ថា​បាន​ប្រើ​ទីតាំង​មន្ទីរពេទ្យ​នោះ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ភេរវកម្ម។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​បាន​សម្លាប់​កងជីវពល ២០០ នាក់​នៅ​ក្នុង​តំបន់​មន្ទីរពេទ្យ​នោះ ដែល​នៅ​ទីនោះ​ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​តាម​ផ្លូវ​គោក​និង​ផ្លូវ​អាកាស។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​បាន​យល់ព្រម​ចំពោះ​ផែនការ​ប្រតិបត្តិការ​យោធា​មួយ​លើ​ទីក្រុង Rafah នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា ដែល​ជា​តំបន់​ដែល​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ​ដោយសារតែ​ប្រជាជន​ពាក់​កណ្ដាល​នៃ​តំបន់​ហ្កាហ្សា​បាន​ជ្រកកោន​នៅ​ទីនោះ​គេចពី​សង្គ្រាម។

លោក Netanyahu បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា យោធា​អ៊ីស្រាអែល​ត្រៀម​លក្ខណៈ​ជម្លៀស​ជនស៊ីវិល​និង​ផ្ដល់​ជំនួយ​មនុស្សធម៌។ ប៉ុន្តែ ដូច​ការ​ប្រកាស​លើក​មុនៗ​ដែរ​អំពី​ផែនការ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ទីក្រុង Rafah គេ​មិន​ឃើញ​មាន​សេចក្ដី​លម្អិត​ណា​មួយ​អំពី​ថា​តើ​ប្រជាជន​ប៉ាឡេស្ទីន​អាច​ទៅ​កន្លែង​ណា​ដោយ​សុវត្ថិភាព​បានទេ។

ផ្នែក​ភាគច្រើន​នៃ​តំបន់​ហ្កាហ្សា​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ដែល​មាន​បំណង​កម្ចាត់​ក្រុម​ហាម៉ាស់។ ជនជាតិ​ប៉ាឡេស្ទីន​ជាច្រើន​ដែល​ជ្រកកោន​នៅ​ក្នុង​ទីក្រុង Rafah បាន​ធ្វើ​ដំណើរ​មកពី​ផ្នែក​ផ្សេងៗ​នៃ​តំបន់​ហ្កាហ្សា​ដើម្បី​ស្វែងរក​សុវត្ថិភាព។

សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​កំពូល​របស់​អ៊ីស្រាអែល ក៏​ដូចជា​រដ្ឋាភិបាល​ផ្សេង​ទៀត​និង​អង្គការ​សហប្រជាជាតិ​ផងដែរ បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​គ្រោះ​មហន្តរាយ​មនុស្សធម៌​នៅ​ក្នុង​ទីក្រុង Rafah ប្រសិនបើ​អ៊ីស្រាអែល​បន្ត​ទៅ​មុខ​ជាមួយ​ផែនការ​របស់​ខ្លួន។

លោក Netanyahu បាន​បញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃ​អាទិត្យ​ថា អ៊ីស្រាអែល​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទេ​ក្រៅពី​ការ​ធ្វើ​សង្គ្រាម​កម្ចាត់​ក្រុម​ហាម៉ាស់​ដើម្បី​សម្រេច​គោល​បំណង​របស់​ខ្លួន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG