នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃច័ន្ទនេះបានចោទប្រកាន់អ៊ីរ៉ង់ពីការវាយប្រហារកប៉ាល់របស់អ៊ីស្រាអែលនៅឈូងសមុទ្រអូម៉ង់កាលពីសប្តាហ៍មុន ដោយមានការផ្ទុះដ៏អាថ៌កំបាំងដែលបានធ្វើឲ្យមានការព្រួយកង្វល់ខាងសន្តិសុខនៅក្នុងតំបន់។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ដោយមិនមានការផ្តល់ភស្តុតាងណាមួយដល់ការអះអាងរបស់លោក លោក Netanyahu បានប្រាប់បណ្តាញផ្សព្វផ្សាយសាធារណៈ Khan របស់អ៊ីស្រាអែលថា៖ «វាជាសកម្មភាពរបស់អ៊ីរ៉ង់។ ការណ៍នេះបញ្ជាក់យ៉ាងច្បាស់»។
ការផ្ទុះនេះបានកើតមានឡើងនៅលើកប៉ាល់ដឹកទំនិញ MV Helios Ray របស់អ៊ីស្រាអែល នៅពេលដែលកប៉ាល់នោះបានបើកបរនៅតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅកាន់ប្រទេសសិង្ហបូរីកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ពួកនាវិក មិនបានទទួលគ្រោះថ្នាក់ទេ ក៏ប៉ុន្តែ កប៉ាល់នោះបានធ្លាយ២កន្លែង។ នេះបើយោងតាមមន្ត្រីការពារប្រទេសអាមេរិក។
កប៉ាល់នោះ បានបើកមកកាន់កំពង់ផែរបស់ក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃអាទិត្យគឺ ប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះនោះដែលបានធ្វើឲ្យមានការព្រួយកង្វល់ខាងសន្តិសុខនៅតាមផ្លូវទឹកក្នុងតំបន់មជ្ឈិមបូព៌ា នៅពេលដែលមានការតានតឹងកាន់តែខ្លាំងជាមួយអ៊ីរ៉ង់។
នៅពេលថ្មីៗនេះអ៊ឺរ៉ង់បានព្យាយាមដាក់សម្ពាធលើសហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មចំពោះរដ្ឋាភិបាលក្រុងតេហរ៉ង់ ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងពិចារណាអំពីជម្រើសនានាសម្រាប់ការត្រឡប់មកចរចាជាមួយអ៊ីរ៉ង់វិញ អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕