សេវាកម្ចាត់មីននៃអង្គការសហប្រជាជាតិ កំពុងស្នើគម្រោងថវិកាជាង ៥០០ លានដុល្លារអាមេរិកបន្ថែមទៀត ដែលចំនួននេះស្នើនឹងកំណើន ៥០ ភាគរយបើធៀបទៅនឹងចំនួនដែលបានស្នើកាលពីឆ្នាំមុន ដើម្បីបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសចំនួន ២២។
ក្រុមសកម្មជននៅតែធ្វើយុទ្ធនាការ ដើម្បីឲ្យពិភពលោកគ្មានគ្រាប់មីននៅត្រឹមឆ្នាំ២០២៥។ ប៉ុន្តែ ការរំពឹងទុកនោះ ហាក់បីដូចជានៅឆ្ងាយសន្លឹម ដោយសារតែកិច្ចការបោសសម្អាតគ្រាប់មីននៅតាមតំបន់ផ្សេងៗ ដូចជាប្រទេសអាហ្វហ្គានីស្ថានជាដើម កំពុងមានភាពយឺតយ៉ាវដោយសារតែកង្វះថវិកា និងការកើនឡើងបន្ថែមទៀត នៃតំបន់គ្រោះថ្នាក់ដោយសារការផ្ទុះនៃគ្រាប់ទាំងនោះ។
នៅក្នុងឆ្នាំនេះ សេវាកម្ចាត់មីននៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNMASS ប្រារព្ធខួបទី២០របស់ខ្លួន និងខួបនៃការអនុម័តសន្ធិសញ្ញាអន្តរជាតិស្ដីពីការហាមឃាត់ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការបំផ្លិចបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស។
ថវិកាដែលបានមកពីការស្នើសុំនេះ នឹងផ្តល់ជាមូលនិធិទៅកាន់គម្រោងជាង ២០០ នៅក្នុងបណ្ដាប្រទេសដែលមានពោរពេញទៅដោយគ្រាប់មីន គ្រាប់បែកចង្កោមមិនទាន់ផ្ទុះ គ្រាប់រ៉ុកកែត និងគ្រឿងបំផ្ទុះកែច្នៃ នៅទូទាំងទ្វីបអាហ្វ្រិក អាស៊ី អឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង។
លោកស្រី Agnes Marcaillou នាយិកាអង្គការ UNMASS និយាយថា ប្រទេសអ៊ីរ៉ាក់ គឺជាទីតាំងប្រតិបត្តិការធំបំផុតរបស់ទីភ្នាក់ងារនេះនឹងត្រូវការថវិកា ចំនួន៥០ លានដុល្លារ ដើម្បីអនុវត្តការងារនៅទីនោះ។ លោកស្រីបានផ្ដល់បទសម្ភាសន៍ដល់ VOA ថា អ្នកដោះមីនបានចាប់ផ្ដើមវាយតម្លៃស្ថានភាពនៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ហើយ បើទោះបីជាប្រតិបត្តិការបោសសម្អាតអាវុធនឹងមិនទាន់អាចកើតឡើង បាន មុនពេលជម្លោះត្រូវបានបញ្ចប់ និងត្រូវធ្វើមានសុវត្ថិភាពដើម្បីចាប់ផ្ដើមប្រតិបត្តិការនោះ។
លោកស្រីនិយាយថា៖ «អ្វីដែលយើងកំពុងពិនិត្យមើលសម្រាប់ការងារនៅក្នុងទីក្រុង Mosul បន្ទាប់ពីកិច្ចការរបស់យោធានោះ ខ្ញុំអាចនិយាយបានថា ប្រតិបត្តិការ និងអ្នកដោះមីនត្រូវតែធ្វើការយ៉ាងយកចិត្តទុកដាក់ ពីព្រោះថានេះជាប្រតិបត្តិការយោធា។ បន្ទាប់មកអង្គការ UNMASS នឹងដាក់ពង្រាយកម្លាំងដើម្បីវាយតម្លៃស្ថានភាព និងភាពជាក់ស្តែងនៃការខូចខាត។ យើងត្រូវសិក្សាឲ្យដឹងថា តើគ្រឿងបំផ្ទុះកែច្នៃដែលស្មុគស្មាញ ឬប្រភេទមីនប្រឆាំងរថក្រោះត្រូវបានដាក់នៅទីកន្លែងណាខ្លះ? នេះជាជំនាញផ្សេងគ្នា។ បន្ទាប់មក យើងត្រូវការហ្វឹកហាត់ជំនាញទាំងនោះ និងបង្កើតក្រុមការងារ»។
ក្រៅពីប្រទេសអ៊ីរ៉ាក់ តម្រូវការខ្ពស់បំផុតសម្រាប់មូលនិធិនេះ រួមមាននៅតំបន់ដែលមានជម្លោះយ៉ាងសកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី និងយេម៉ែន។ លោកស្រី Marcaillou បន្ថែមថា អង្កការ UNMASS ត្រូវការថវិកាដើម្បីបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសដែលមានសំណល់គ្រឿងផ្ទុះយ៉ាងច្រើននៅរាយពាសពេញប្រទេស។ ប្រទេសទាំងនោះរួមមានប្រទេសកម្ពុជា និងឡាវ។
លោកស្រីនិយាយថា កម្មវិធីប្រកបដោយជោគជ័យដែលកំពុងដំណើរការ មាននៅប្រទេសម៉ាលី សូម៉ាលី និងប៉ាឡេស្ទីន៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា