គ.ជ.ប.​ប្រើ​សារ​តាម​​ទូរស័ព្ទ​ព្រមាន​បក្ស​នយោបាយ​ពី​ការ​រំលោភ​ច្បាប់​បោះឆ្នោត

រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ខណៈ​ការ​បោះ​ឆ្នោត​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​រយៈ​ពេល​តែ​ជាង​មួយ​សប្តាហ៍​ទៀត​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​​បាន​ផ្ញើ​សារ​​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជា​បន្ត​បន្ទាប់​​ទៅ​ប្រជា​ពលរដ្ឋ​អំពី​ព័ត៌មាន​នៃ​ការ​បោះ​ឆ្នោត។​ ​ក្នុង​សារ​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​​ចេញ​នា​ពេល​ថ្មីៗ​នេះ​ គ.ជ.ប.​​​បាន​ប្រកាស​ចាត់​វិធាន​ការ​លើ​គណ​បក្ស​នយោបាយ​ណា​ដែល​មិន​គោរព​ច្បាប់។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​គណ​បក្ស​នយោបាយ​ណា​ ​ដែល​មិន​គោរព​ច្បាប់​បោះឆ្នោត​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​ ​២៩​ ​ខែ​កក្កដា​ខាង​មុខ។​ ​នេះ​បើ​តាម​សារ​ដែល​ ​គ.ជ.ប.​បញ្ជូន​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ។

សារ​ដែល​ត្រូវ​បាន​បញ្ជូន​ជា​ស្វ័យ​ប្រវត្តិ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្ទើរ​គ្រប់​ប្រព័ន្ធ​ ​និង​ទូទាំងប្រទេស​នា​ថ្ងៃ​សុក្រ​នេះ​ ​បញ្ជាក់ក្នុង​ន័យ​ដើម​ថា៖​

«ឯកឧត្តម​ ​ស៊ិក ប៊ុនហុក​ ​(ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត)​ ​បាន​មាន​ប្រសាសន៍​ថា ​គ.ជ.ប.នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ ​ចំពោះ​គណ​បក្ស​នយោបាយ​ណា​ដែល​មិន​គោរព​ច្បាប់»។​

ការ​បញ្ជូន​សារ​តាម​ទូរស័ព្ទ​បែប​នេះ​ ​ត្រូវ​បាន​លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​ ​គ.ជ.ប.​ ​អះអាង​ថា​ ​ជាការ​ក្រើន​រំឭកដល់​គណ​បក្ស​នយោបាយ​ទាំង​អស់​ឲ្យ​អនុវត្តតាម​ច្បាប់​ ​ខណៈ​ដែល​មាន​គណ​បក្ស​នយោបាយ​មួយ​ចំនួន​បាន​និង​កំពុង​ប្រព្រឹត្ត​ខុស​ ​និង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​ទៀត​ ​បាន​ទទួល​រង​ពិន័យ​រួច​រាល់។​ ​លោក​បន្ថែម​ថា​ ​គណ​បក្ស​នយោបាយ​ខ្លះ​បាន​ជេរ​ប្រមាថ​គណ​បក្ស​នយោបាយ​ផ្សេងៗ​ ខ្លះទៀត​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គណ​បក្ស​ផ្សេង​ ​និង​មួយ​ចំនួន​មិន​ព្រម​ទទួល​យក​សេចក្តី​សម្រេច​របស់​គ.ជ.ប.​ជា​ដើម។​

លោក​បញ្ជាក់​ថា៖​

«យើង​លើក​ជា​គោល​ការណ៍​រួម​ ​ហើយ​ក៏​ជាការ​ក្រើន​រំឭកបន្ថែម​ទៀត​ដែរ​ ​ដោយ​សារ​យើង​ឃើញ​ថា​ សេចក្តី​ពន្យល់​របស់​គ.ជ.ប.ខ្លះ​ ​មាន​គណ​បក្ស​ខ្លះ​លោក​នៅ​តែអត់​ទទួល​យក​ចំណុច​ហ្នឹង ​ឧទាហរណ៍​ដូចជា​បញ្ហា​ធិច​(√)​អីជា​ដើម។​ ​វិធានការ​សម្រាប់គ.ជ.ប.មាន​តែបីទេ​ ​គ.ជ.ប.គ្មាន​ពន្ធនាគារ​សម្រាប់​ដាក់​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​ទេ។​ ​ទី១គឺ​ការ​ព្រមានជា​លាយលក្ខណ៍​អក្សរ​ហ្នឹង។ ​ហើយ​ទី២​ការ​ដាក់​ឲ្យ​បង់​ពិន័យ​ជា​ប្រាក់ ​និង​ទី៣ ​អាច​នឹង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ ឬ​ក៏​ព្យួរ​សិទ្ធិ​បោះ​ឆ្នោត»។

បើ​ទោះ​ជា​លោក​ ហង្ស ពុទ្ធា​ មិន​សំដៅ​ចំ​ឈ្មោះ​គណ​បក្ស​នយោបាយណាមួយ​ ​តែ​គេ​ឃើញ​ថា​ ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​របស់​លោក​ ​ខឹម វាសនា​ ​កាលពី​ដើម​ខែ​កក្កដា​ ​បាន​ស្នើ​ទៅ​ ​គ.ជ.ប.​សុំ​ឲ្យ​ធ្វើ​វិសោធន​កម្ម​ចំណុច​មួយ​ចំនួន​នៃ​បទ​បញ្ជា​ ​និង​នីតិ​វិធី​សម្រាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦​ ​ដោយ​បាន​ទាមទារ​ឲ្យ​គូស​សញ្ញាធិក​ ​(√)លើ​ប្រអប់​គាំទ្រ​គណ​បក្ស​នយោបាយ ​បន្ទាប់ពី​ ​គ.ជ.ប.​ ​បានអនុញ្ញាត​ឲ្យ​អ្នក​បោះ​ឆ្នោត​គូស​សញ្ញា​គាំទ្រ​ច្រើន​ប្រភេទ។​ ​ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៥​ កក្កដា​ ​គ.ជ.ប.បាន​ចេញ​លិខិត​មួយ​ដោយ​អះអាង​ថា​ ​ខ្លួន​មិន​អាច​ធ្វើ​វិសោធន​កម្ម​តាម​ការ​ស្នើ​របស់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​ឡើយ​ ដោយគ.ជ.ប.​បញ្ជាក់​ថា​ ​លក្ខខណ្ឌ​ដែល​គ.ជ.ប.បាន​កំណត់ ​«មិន​ប៉ះពាល់​ដល់​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត»​ ​នោះ​ទេ។​

លោក​ ចិន ថុន​ ​អគ្គ​លេខាធិការ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រាប់​ថា​ ​លោក​មិន​ទាន់​បាន​ដឹង​ពីសារ​ព្រមាន​របស់គ.ជ.ប.​នៅ​ឡើយ។​ ​ទោះ​យ៉ាង​ណា​ ​លោក​ថា ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​នៅ​តែ​កាន់ជំហរ​ទាមទារ​ឲ្យ​មាន​ការ​កំណត់​យក​សញ្ញាធិច​(√)​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត។

លោក​បញ្ជាក់​ថា៖​

«និយាយ​រួម​ជំហរ​របស់​យើង​ ​គឺ​យើង​នៅ​តែ​ទាមទារ​ឲ្យ​គូស​សញ្ញាធិច​(√) ​និង​សញ្ញា​ប្រហាក់​ប្រហែល​ក្នុង​ប្រអប់​បួនជ្រុង​ទ្រវែង​តូច​តែ​ដ​ដែល​ហ្នឹង។​ ​ហើយ​សម្រាប់​គ.ជ.ប.​ ​គេ​ឆ្លើយ​ថា​ ម៉េច​ ​ចាំ​មើល​ខ្ញុំ​មើល​សិន។​ ​ខ្ញុំ​មិន​ទាន់​បាន​តាម​ដាន​ព័ត៌មាន​ហ្នឹង​ផង»។​

ខណៈ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណ​បក្ស​នយោបាយកំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទូ​ទាំងប្រទេស​ ​គេ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​មន្រ្តី​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ចុះ​ណែ​នាំឲ្យ​ប្រជា​ពលរដ្ឋ​គូស​លើ​ប្រអប់​លេខ​រៀង​គណ​បក្ស​របស់​ខ្លួន ​និង​ករណី​ខ្លះ​ទៀត​មាន​ការ​ប្រើ​ប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ ​និង​ខេមរ​ភូមិន្ទ​ ​ដោយ​បិទ​ស្លាក​សញ្ញា​គណ​បក្ស​ជា​ដើម។​ ​ក្រៅ​ពី​នោះ ក្នុង​វេទិការ​សាធារណៈ​មួយ​កាលពី​ខែមិថុនា​កន្លង​ទៅ​ ​គេ​ឃើញ​លោក​ ​ទៀ បាញ់​ ​ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ ​និង​ជាមេ​ទ័ព​ធំ​មួយ​រូប​ បាន​ប្រាប់​ឲ្យ​នាយ​ទាហាន​ ​និង​ពលទាហាន​ ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេបោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង។​

លោក​ ​ហង្ស ពុទ្ធា​ ​ប្រាប់​ ​VOA​ ​បន្ថែម​ថា​ ​គណ​បក្ស​នយោបាយ​អាច​បង្រៀន​សកម្មជន​ ​ឬ​សមាជិក​របស់​ខ្លួន​គូស​លើ​សន្លឹក​ឆ្នោត​ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​សកម្មភាព​នៃ​ការ​បង្រៀន​ប្រជា​ពលរដ្ឋ​ទូ​ទៅគូស​សន្លឹក​ឆ្នោត​នោះ​ទេ។​ ​ទោះ​យ៉ាង​ណា ​លោក​ថា​ ​ការ​បង្ខំ​ ​ឬ​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ឲ្យ​គូស​លើ​សន្លឹក​ឆ្នោត​គំរូ​ណាមួយគឺ​ជា​សកម្មភាព​ខុស​ច្បាប់។​ ​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​បង្រៀន​សកម្មជន​របស់​ខ្លួន ​ឬ​ក៏​ខ្ញុំ​និយាយ​ត្រឹម​ក្របខណ្ឌ​សកម្មជន​របស់​ខ្លួន ​មិន​មែន​ជា​ការ​ខុស​ច្បាប់​ទេ។​ ​ប៉ុន្តែ​បើសិន​ជា​ការ​ទៅ​បង្ខំ ​គំរាម​កំហែង​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​គូស​អ្វី​ដែល​ខ្លួន​ចង់​បាន ​ អា​ហ្នឹង​គឺជា​អំពើ​ខុស​ច្បាប់»។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ហង្ស ពុទ្ធា​ ​បញ្ជាក់​ថា​ ​គ.ជ.ប.​នឹង​ចាត់​វិធាន​ការ​លើ​អំពើ​ល្មើស​ច្បាប់​ទាំង​ឡាយ​ណា ​ដែល​មាន​ពាក្យ​បណ្តឹង​ប៉ុណ្ណោះ។

លោក​ ​កន សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ​ហៅ​កាត់​ថា ​ខុមហ្វ្រែល​ ​(COMFREL)​ ​លើក​ឡើង​ថា​ ​លោក​គាំទ្រ​លើការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើគណ​បក្ស​នយោបាយ​ដែល​ប្រព្រឹត្ត​ល្មើស។​ ​លោក​បន្ថែម​ថា​ ​គ.ជ.ប.​ ​ក៏​ត្រូវ​ចាត់​វិធានការ​ដោយ​ស្មើ​ភាព​លើ​គ្រប់​គណ​បក្ស​នយោបាយ​ទាំង​អស់​ ​ដោយ​មិន​ចាំបាច់​មាន​បណ្តឹង​ ​ដូច​ករណី​ពាក់​ព័ន្ធនឹង​ការ​ប្រកាស​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ជា​ដើម។​

លោក​បញ្ជាក់​ថា៖​

«កន្លង​មក​ ដែល​អ្នក​កាសែត​ចេះ​តែសួរ​ខ្ញុំ​ទាក់​ទង​រឿង​អ្នក​ដែល​ធ្វើ ​Campaign (យុទ្ធនាការ)​ "ទៅ" ​ឬ​"មិន​ទៅ"​អីអីចឹង​ ហើយ​អ្នក​ដែល​លើក​ Campaign​ (យុទ្ធនាការ)ថា​ "មិន​ទៅ"​ហ្នឹង​គឺជា​រឿង​ខុស​ច្បាប់។​ ខ្ញុំ​ឃើញ​ គ.ជ.ប.លោក​ចាត់​ការ​តែ​ម្តង។​ ​អីចឹង​អា​ករណី​ដែល​យើង​ឃើញ​ថា​ វា​ខុស​ឆ្គង​ហ្នឹង​ក៏​វាដូច​គ្នា​ដែរ។​ ធ្វើ​ម៉េច ​គ.ជ.ប.​គួរ​គិត​ថា​ជា​ដែន​កំណត់​របស់​ស្ថាប័ន​គ.ជ.ប.។​ ​អីចឹង​ជា​យោបល់​ខ្ញុំ​ ចំណុច​ណា​ដែល​យើង​មើល​ឃើញ​ថា វា​មិន​ត្រឹម​ត្រូវ​ ​ឬ​ក៏​ជា​ចំណុច​មួយ​ដែល​វាអា​ច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិ​វិធី​ច្បាប់ ​អា​ហ្នឹង ​គ.ជ.ប.​ គួរតែ​ធ្វើ​រឿង​កិច្ចការ​ងារ​អស់​ហ្នឹង»។​

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦កាន់​តែខិត​ជិត​ចូល​មក​ដល់​ ដោយ​មិន​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ក្រោយ​គណ​បក្ស​នេះ​ត្រូវ​បានតុលា​ការកំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧។​ ​លោក​ ​សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ ​និង​ក្រុម​ជំទាស់​ផ្សេង​ទៀត​ ដែលកំពុង​រស់​នៅ​និរទ្ទេស​ខ្លួន​ឯ​បរទេស​ ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆំាង​នឹង​ការ​បោះឆ្នោត​ ​ដោយ​មាន​ទាំង​ការ​បង្ហោះ​សារ​ផ្សេងៗ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ​ ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត។​

ទំព័រ​ និង​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​ ​ដែល​បង្កើត​ដោយ​ក្រុម​អ្នក​មិន​គាំទ្រ​រដ្ឋា​ភិបាល​កម្ពុជា​ ​តែង​បង្ហោះ​សារ​ភ្ជាប់នឹង​រូបភាព​ផ្សេងៗ​ ​បង្ហាញ​ពីការ​មិន​ទៅ​បោះ​ឆ្នោត។​

សម្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ​តែង​អំពាវនាវ​ស្ទើរ​រាល់​ថ្ងៃ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ និង​បោះ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ ​ដែល​ដឹក​នាំ​ប្រទេស​ជាង​៤០​ឆ្នាំ​មក​ហើយ​នោះ​ ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ ​រក្សា​សន្តិភាព​ ​និង​ជៀស​ផុត​នូវ​សង្គ្រាម។​

ដូច​គ្នា​នោះ​ដែរ​ ​ទាំង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ​និង​អ្នក​គាំទ្រ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​បង្ហោះ​សារ​ភ្ជាប់នឹង​ការ​លើក​ឡើង​ថា នាំ​គ្នា​ទៅ​បោះ​ឆ្នោត ​និង​ខ្លះ​បង្ហោះ​សារ​ថា ​បោះ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា។​

យ៉ាង​ណា​ក៏​ដោយ​ ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា​ ជា​សកម្មភាព​ល្មើស​ច្បាប់​ ​និង​មាន​ចេតនា​ទុច្ចរិត​ ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។​

ចំណែកគ.ជ.ប.​ ​ដែល​អះអាង​ថា​ ​ខ្លួន​ជា​ស្ថាប័ន​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ​ ​និង​មិន​លម្អៀង​នោះ ​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ ​ដោយ​លើក​ឡើង​ថា​ ​ការ​អំពាវនាវ​នោះ​ ​ជា​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​សន្តិសុខ​ជាតិ៕